35 C
Phnom Penh

ក្រសួង​ពីរ​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លើក​ទឹកចិត្ត​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ជំនួស​ឲ្យ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ពីរ​រូប​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​មាន​បំណង​នាំចូល​សត្វ​ជ្រូក​ពី​បរទេស​ចូល​ទៅ​ក្នុង​ស្រុក​ថា គួរតែ​បង្វែរ​ទុន​ទាំងនោះ​ទៅ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ជំនួស​វិញ ដើម្បី​កាត់បន្ថយ​ការ​នាំចូល និង​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​បាន​កាន់តែ​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ផ្សព្វផ្សាយ​លិខិត​រួមគ្នា​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ ថា ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន BYG Worldwide Group នាំចូល​សាច់​ជ្រូក​រស់ ១​លាន​ក្បាល​ក្នុង ១​ឆ្នាំៗ​ចូល​ទៅ​កម្ពុជា គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​តូចតាច ជីវភាព​រស់នៅ និង​សុវត្ថិភាព​ស្បៀង​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំង។

រដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំង​ពីរ​នេះ​អះអាង​ថា ដើម្បី​ធានា​សន្តិសុខ​ស្បៀង កម្ពុជា​គួរតែ​ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ផលិតកម្ម​ចំណី​សត្វ ដោយ​ការ​ដាំ​ពោត ដំឡូង ប្រើ​កន្ទក់​ជាដើម ដើម្បី​ផលិត​ចំណី​សត្វ​ដោយ​ខ្លួនឯង។ ជាង​នេះ​ទៀត ត្រូវ​ជួយ​បង្កើត​ការងារ​ដល់​កសិករ​នៅ​តាម​ទីជនបទ​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​លើ​ការងារ​ដែល​ពួកគាត់​មាន​ស្រាប់។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រសួង​ទាំង​ពីរ​នឹង​បន្ត​សហការ​គ្នា​ដើម្បី​ចាត់​វិធានការ​លើ​ការ​នាំចូល​សត្វ​ជ្រូក និង​ស្បៀងអាហារ​ពី​បរទេស​ឲ្យ​បាន​តឹងរ៉ឹង​ជាទីបំផុត ប៉ុន្តែ​ក្រសួង​នឹង​ជួយ​ជំរុញ​ផលិតកម្ម​ក្នុង​ស្រុក​តាមរយៈ​ជួយ​ដល់​សហគ្រាស​តូចៗ និង​កសិករ ដើម្បី​ធានា​នូវ​និរន្តរភាព​ស្បៀង​របស់​ពួកគេ។ បន្ថែម​ពី​នេះ ក្រសួង​នឹង​រៀបចំ​គោលនយោបាយ​គាំទ្រ​ជា​អន្តរវិស័យ ដើម្បី​លើក​ទឹកចិត្ត​ដល់​ការ​ចិញ្ចឹម និង​លក់​សាច់​ជ្រូក ព្រមទាំង​ផលិតកម្ម​ចំណី​អាហារ​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​ផង​ដែរ។

ការ​អះអាង​របស់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំង​ពីរ​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​ស្នើសុំ​នាំចូល​សាច់​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​របស់​ក្រុមហ៊ុន​ឯកជន​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ចេញ​លិខិត​រួមគ្នា​មួយ​ទៅកាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បដិសេធ​សំណើ​សុំ​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ មក​កម្ពុជា ថា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង និង​អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ផង​ដែរ​ថា ក្រុមហ៊ុន BYG Worldwide Group នេះ គឺជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះ​បញ្ជិកា​ស្នើសុំ​ធ្វើ​អាជីវកម្ម​តាំងពី​ឆ្នាំ​២០១៨ មក ដើម្បី​នាំចូល​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​ដូចជា​គ្រឿង​អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ជាដើម ប៉ុន្តែ​ពុំ​មាន​កម្មវត្ថុ​ស្នើសុំ​អាជីវកម្ម​នាំចូល​ប្រភេទ​សត្វ​រស់​នោះ​ទេ។

ក្រសួង​សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន BYG ខកខាន​ផ្តល់​របាយការណ៍​ពី​ស្ថានភាព​ក្រុមហ៊ុន​ដល់​ក្រសួង​ពាណិជ្ជកម្ម​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ។ បន្ថែម​ពី​នេះ ក៏​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​សរុប​ទឹកប្រាក់​ប្រមាណ​ជាង ៤​លាន​រៀល​ថែម​ទៀត ខណៈ​របាយការណ៍​ក្រសួង​ពន្ធដារ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ផ្អាក​សកម្មភាព​អាជីវកម្ម​មិន​មាន​ពន្ធ​លើ​ផល​របរ និង​ប្រាក់ចំណេញ​ផង​ដែរ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា លោក​គាំទ្រ​ក្រសួង​ទាំង​ពីរ​ដែល​ជំទាស់​ការ​នាំចូល​សត្វ​ជ្រូក ១​លាន​ក្បាល​ក្នុង​មួយ​ឆ្នាំៗ​ចូល​មក​កម្ពុជា ព្រោះ​ថា​ការ​បើក​ឲ្យ​មាន​ការ​នាំចូល​បែប​នេះ នឹង​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​តែម្តង។

លោក​លើកឡើង​ថា ការ​ហាម​មិន​ឲ្យ​នាំ​សត្វ​ជ្រូក​ចូល​ពី​ប្រទេស​ជិតខាង ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ក្រសួង​កសិកម្ម ត្រូវ​មាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ​គាំទ្រ​ដល់​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ដោយ​ផ្សារភ្ជាប់​នឹង​ការបែងចែក​ធនធាន​មនុស្ស និង​ធនធាន​ថវិកា​ជាក់លាក់​លើ​ការងារ​នេះ ជាពិសេស​ការ​ផលិត​កូនជ្រូក ការ​ផលិត​ចំណី និង​សេវា​ពេទ្យ​សត្វ ជាដើម។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា បើ​ទោះបី​ក្រសួង​បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​ឲ្យ​មាន​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ជំនួស​ឲ្យ​ការ​នាំចូល​ពី​ប្រទេស​ជិតខាង​ក៏ដោយ ប៉ុន្តែ​មក​ទល់នឹង​ពេលនេះ ក្រសួង​មិនទាន់​បាន​បង្ហាញ​ពី​គោលនយោបាយ យុទ្ធសាស្ត្រ​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ដូចជា​គោលដៅ គោលបំណង ថវិកា និង​ធនធាន​មនុស្ស ដើម្បី​គាំទ្រ​ដល់​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​លើ​ដំណើរការ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស