ដោយជំទាស់នឹងមតិរិះគន់ដែលថាសហរដ្ឋអាមេរិកចាញ់សង្គ្រាមនៅអាហ្វហ្គានីស្ថាន លោកប្រធានាធិបតី ចូ បៃដិន បានចេញមុខធ្វើសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងមជ្ឈដ្ឋានទាំងនេះ។
សេចក្ដីថ្លែងការណ៍រយៈពេល ២០នាទី ថ្លែងចេញពីសេតវិមាន ដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានការពារចំពោះការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយបញ្ជាក់ថា ការដកកងទ័ពអាមេរិកនេះ គឺលោកមិនចង់ទុករឿងច្រំដែលមួយនេះឲ្យប្រធានាធិបតីអាមេរិកផ្សេងទៀតបន្ទាប់ពីរូបលោកយកលេសថា «គ្មានពេលល្អដើម្បីដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននោះទេ»។
តាមការពន្យល់របស់លោក បៃដិន គឺបេសកកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថានកាលពី ២០ឆ្នាំមុន មិនមែនដើម្បីកសាងអាហ្វហ្គានីស្ថានមួយជាប្រទេសប្រជាធិបតេយ្យទេ ប៉ុន្តែដើម្បីតាមកម្ចាត់មេភេរវកម្មដែលបានវាយប្រហារអាមេរិកក្នុងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងរារាំងកុំឲ្យពួកភេរវកម្មទាំងនោះប្រើទឹកដីអាហ្វហ្គានីស្ថានជាមូលដ្ឋានដើម្បីវាយប្រហារអាមេរិកសាជាថ្មីប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិករូបនេះបានប្រាប់ពិភពលោកថា បេសកកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថានពិតជាទទួលបានជោគជ័យ គឺអាមេរិកសម្រេចបានទាំងការបោសសម្អាតមេភេរវកម្មអាល់កៃដាផង បានធ្វើឲ្យប្រជាជនអាហ្វហ្គានីស្ថានស្គាល់ពិភពខាងក្រៅយ៉ាងតិច ២០ឆ្នាំដែរ។
ជាមួយគ្នានេះ លោក បៃដិន បានព្រមានពួកតាលីបង់កុំឲ្យរារាំងលើដំណើរការជម្លៀសជនជាតិអាមេរិកចេញពីអាហ្វហ្គានីស្ថាន ដោយបញ្ជាក់ថា បើពួកតាលីបង់ហ៊ានរារាំង ពួកគេនឹងស្គាល់ថ្នាំខ្លាំងរបស់អាមេរិកម្ដងទៀត ខណៈលោកនៅតែអះអាងថា អាមេរិកមិនចាញ់សង្គ្រាមនៅអាហ្វហ្គានីស្ថាននោះទេ។ តែបែបណា លោកសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាពួកតាលីបង់ដើរចូលរដ្ឋធានីកាប៊ុល ដោយពុំមានការវាយការពារទីតាំងដោយកងទ័ពអាហ្វហ្គានីស្ថាន។
សេចក្ដីថ្លែងការណ៍របស់លោក បៃដិន បានហៅព្រឹត្តិការណ៍នោះថានឹកស្មានមិនដល់ការដែលពួកតាលីបង់បានវាយចូលកាន់កាប់ក្រុងកាប៊ុលបានយ៉ាងងាយ និងយ៉ាងឆាប់រហ័សដោយមិនបាច់ចំណាយពេលយូរដោយមិនបាច់ប្រយុទ្ធ និងគ្មានការបង្ហូរឈាមឡើយ។
ក្នុងពេលជាមួយគ្នានេះ ប្រតិកម្មរបស់សហគមន៍អន្តរជាតិក៏កំពុងបន្តមានជាបន្តបន្ទាប់។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៦ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់មួយ ដោយអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នា ហើយត្រូវនាំសន្តិភាពជូនប្រជាជន។
សមាជិកទាំង ១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខបានបង្ហាញអំពីការប្រយុទ្ធប្រឆាំងភេរវកម្មនៅអាហ្វហ្គានីស្ថាន ហើយស្នើឱ្យសហគមន៍អន្តរជាតិចូលរួមប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម មិនថាជាក្រុមតាលីបង់ ឬក្រុមណាឡើយ។
ក្នុងកិច្ចប្រជុំនេះ លោក Ghulam Isaczai ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំអង្គការសហប្រជាជាតិ ក៏បានទទូចដល់សមាជិកក្រុមប្រឹក្សាទាំងអស់កុំទទួលស្គាល់រដ្ឋបាលណាដែលឡើងកាន់អំណាចដោយកម្លាំងប្រដាប់អាវុធ ឬរដ្ឋាភិបាលណាមួយដែលបិទសិទ្ធិមិនឱ្យភាគីពាក់ព័ន្ធចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំអាហ្វហ្គានីស្ថាន។
លោកឯកអគ្គរដ្ឋទូតរូបនេះក៏បានជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីដែលមានគ្រប់ភាគីតាមរយៈការបោះឆ្នោត។ ការអំពាវនាវនេះ ក៏ទទួលបានការគាំទ្រភ្លាមៗពីក្រុមប្រឹក្សាសន្តិសុខ។ ក្រុមប្រឹក្សាស្នើឱ្យបង្កើតរដ្ឋាភិបាលថ្មីដែលមានគ្រប់ភាគីទាំងអស់ ហើយក្រុមតាលីបង់ត្រូវគោរពសិទ្ធិមនុស្សពិតប្រាកដ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន នឹងឃ្លាំមើលយ៉ាងដិតដល់អំពីសកម្មភាពរបស់ក្រុមតាលីបង់ចាប់ពីពេលនេះតទៅ គឺទាំងការគោរពសិទ្ធិមនុស្ស និងការផ្ដល់សិទ្ធិស្ត្រី និងកុមារី ជាពិសេសមិនត្រូវពាក់ព័ន្ធនឹងក្រុមភេរវកម្មណាមួយឡើយ។
អ្នកនាំពាក្យរូបនេះក៏បានព្រមានផងដែរថា បើធ្វើផ្ទុយពីនេះ អាមេរិកក៏នឹងធ្វើសកម្មភាពប្រឆាំងឡើងវិញ។
កន្លងមក អ្នកនាំពាក្យក្រុមតាលីបង់ ធ្លាប់ចេញសេចក្តីធានាអំពីការការពារសិទ្ធិរបស់ប្រជាជនអាហ្វហ្គានីស្ថាន។
លោក Ned Price អះអាងថា ទីក្រុងវ៉ាស៊ីនតោនចង់ឃើញក្រុមតាលីបង់ធ្វើសកម្មភាពគោរពតាមការសន្យាដែលបានអះអាងបែបនេះ។ តាមអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិករូបនេះថា សហរដ្ឋអាមេរិកនៅបន្តរក្សាវត្តមានការទូតនៅទីក្រុងកាប៊ុល ដរាបណាពួកគេមានសុវត្ថិភាព។ លោកនិយាយថា ចាប់តាំងពីយប់ថ្ងៃអាទិត្យ ដែលពួកតាលីបង់វាយកាន់កាប់រដ្ឋធានីកាប៊ុលមក បុគ្គលិកស្ថានទូតអាមេរិកទាំងអស់បានប្តូរទៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ដែលការពារដោយយោធាអាមេរិកប្រហែល ៦ពាន់នាក់វិញ៕