27.5 C
Phnom Penh

អ្នក​ឃ្លាំមើល៖ បើ​មេដឹកនាំ​ខ្មែរ​មាន​សមត្ថភាព នោះ​នឹង​អាច​មាន​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ដោយ​ខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា បើ​លោក ហ៊ុន សែន មាន​ឧត្តមគតិ​ជាតិ​ពិតប្រាកដ និង​មាន​សមត្ថភាព​ដឹកនាំ​មែន​នោះ ម្ល៉េះ​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​ផ្លែឈើ​កំប៉ុង និង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក ដើម្បី​បញ្ចេញ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​ជាក់​ជាមិនខាន​ក្នុង​រយៈពេល​កាន់​អំណាច​ជាង ៤០​ឆ្នាំ​របស់​គាត់​មក​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ថា បញ្ជា​របស់​លោក ហ៊ុន សែន ឲ្យ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ​ដែល​គ្មាន​ទីផ្សារ​នៅ​ពេលនេះ គ្រាន់តែ​ជា​ការ​ព្យាយាម​បិទបាំង​បញ្ហា​ដែល​កំពុង​កើតមាន​ស្អេកស្កះ​នៅ​កម្ពុជា​ប៉ុណ្ណោះ ត្បិត​ក្រៅពី​ផ្លែ​មៀន នៅ​មាន​កសិផល​ជាច្រើន​ទៀត​ដែល​គ្មាន​ទីផ្សារ និង​ត្រូវ​ចាក់ចោល​ដោយ​គ្មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ដូចជា​ផ្លែស្វាយ ឬ​ដំឡូងមី ជាដើម។

លោក​លើកឡើង​ថា ការ​បញ្ជា​ឲ្យ​លោក ហ៊ីង ប៊ុនហៀង ប្រមូល​ទិញ​ផ្លែ​មៀន​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​គ្មាន​គោលនយោបាយ​ដោះស្រាយ​វិបត្តិ​ទីផ្សារ​កសិផល​របស់​កសិករ​នោះ​ទេ គឺ​គ្រាន់តែ​ដោះស្រាយ​ភាព​ទាល់ច្រក​របស់​ខ្លួន​ប៉ុណ្ណោះ ខណៈ​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​ពាណិជ្ជកម្ម ជាដើម ក៏​មិន​បាន​ចេញ​មុខ​បង្ហាញ​ដំណោះស្រាយ​លើ​វិបត្តិ​ទីផ្សារ​កសិផល​នេះ​ឡើយ។

លោក គឹម សុខ បញ្ជាក់​ថា ទំនិញ​កសិកម្ម និង​កសិឧស្សាហកម្ម​របស់​កម្ពុជា ត្រូវ​សហភាព​អឺរ៉ុប និង​អាមេរិក អនុគ្រោះ​ពន្ធ​រហូត​មក ប៉ុន្តែ​កម្ពុជា​នៅតែ​មិន​អាច​នាំចេញ​ដូច​ប្រទេស​វៀតណាម និង​ថៃ ដែល​ប្រទេស​ទាំងនោះ​បាន​នាំចេញ​កសិផល​កែច្នៃ​ដូចជា​ផ្លែ​មៀន​កំប៉ុង ជាដើម ទៅ​លក់​ពេញ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក។ ចំណុច​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ខ្មែរ​ចេះ​តែ​ស៊ីញេ​យក​លុយ​ប៉ុណ្ណោះ តែ​មិន​ចេះ​ដឹកនាំ​ប្រទេស​ឲ្យ​ជឿនលឿន​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​កង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ យក​ទៅ​ចែក​ជូន​កងទ័ព នគរបាល គ្រូពេទ្យ អ្នកជំងឺ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ព្យាបាល​ជំងឺ Covid-19 នៅ​ពេលនេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​អាច​បញ្ចាំ​ផ្ទះ​យក​លុយ​ទៅ​ទិញ​ផ្លែ​មៀន​ទាំងនោះ​ពី​កសិករ​ដែល​កំពុង​ជួប​ការ​លំបាក តែ​លោក​ពុំ​មាន​លទ្ធភាព​ជួយ​ដល់​ម្ចាស់​ដី​ដែល​មាន​ចម្ការ​ផ្លែ​មៀន​ច្រើន​ទាំងអស់​បាន​នោះ​ទេ ប៉ុន្តែ​លោក​ថា នេះ​ជា​វិធី​ដោះ​ទាល់​មួយ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ដើម្បី​កុំ​ឱ្យ​កសិករ​ខាតបង់​ធ្ងន់ធ្ងរ​ពេក។

កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង បាន​ប្រមូល​ទិញ​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន​ពី​ប្រជា​កសិករ​ក្នុង​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ប្រមាណ ៧៥​តោន ស្រប​ពេល​ដែល​ផ្លែ​មៀន​ប៉ៃលិន​របស់​សហគមន៍​កសិកម្ម​មៀន​ប៉ៃលិន​ចំនួន ៥​ម៉ឺន​តោន​លើ​ផ្ទៃដី​ជិត ៣​ពាន់​ហិកតារ កំពុង​ប្រឈម​នឹង​ការ​ខូចខាត​ដែល​មិន​អាច​នាំចេញ​ទៅក្រៅ​ប្រទេស​បាន​ក្នុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ឯកជន សហគមន៍​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជាមួយ​ក្រសួង​ក្នុង​ការ​ជំរុញ​ការ​នាំចេញ​ផលិតផល​ផ្លែ​មៀន​ស្រស់​ទៅកាន់​ទីផ្សារ​បរទេស ខណៈ​ក្រសួង​កសិកម្ម និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កំពុង​ស្នើសុំ​ប្រទេស​ថៃ និង​ចិន ចំពោះ​ការ​នាំចេញ​នេះ​ផង​ដែរ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ថា ការ​ជួយ​ទិញ​ផ្លែ​មៀន​របស់​លោក ហ៊ុន សែន គឺជា​ចំណែក​មួយ​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ខាតបង់​របស់​កសិករ​បាន​ខ្លះ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​មាន​ថវិកា​ជាតិ​ដើម្បី​ជួយ​កសិករ​ឲ្យ​អាច​ទប់ទល់​នឹង​ហានិភ័យ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិបត្តិ​ទីផ្សារ​កសិផល​នេះ ដើម្បី​ជួយ​ពង្រឹង​មុខរបរ​កសិកម្ម​របស់​ពួកគាត់​ឲ្យ​បាន​ស្ថិតស្ថេរ​តទៅមុខ​ទៀត។

លោក​អះអាង​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ចាំបាច់​ណាស់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ទីផ្សារ​កសិផល​ជូន​កសិករ ក្នុង​នោះ​ក៏​មាន​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​កសិកម្ម និង​ក្រសួង​ឧស្សាហកម្ម ផង​ដែរ ដែល​ត្រូវ​ជួយ​ស្វែងរក​ទីផ្សារ​នាំចេញ​ដល់​កសិករ​ឲ្យ​មាន​និរន្តរភាព ជាពិសេស​ការ​រៀបចំ​ឲ្យ​មាន​ស្តង់ដារ​ផលិតផល​របស់​កសិករ​ខ្មែរ និង​ក្នុង​បរិមាណ​ជាក់លាក់​ណាមួយ​ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ​បាន​តាម​តម្រូវការ​ជាក់ស្តែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស