31 C
Phnom Penh

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា​វ៉ាក់សាំង​ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ អះអាង​ថា វ៉ាក់សាំង​ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 ជាពិសេស​គឺ​ការ​ទប់ស្កាត់​មេរោគ​ដែល​កំពុង​បំប្លែង​ថ្មី​នៅ​ពេលនេះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​អះអាង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម ចំនួន ៥០​ម៉ឺន​ដូស​ជា​ជំនួយ​របស់​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ផ្ដោត​លើ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​ជា​ដំណោះស្រាយ​ដ៏​សមស្រប​បំផុត​ក្នុង​ការ​ប្រយុទ្ធ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 រួម​ទាំង​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (DELTA) ផង​ដែរ។

លោក​អះអាង​ថា ដើម្បី​យក​ឈ្នះ​លើ​រោគ​ឆ្លង​រាតត្បាត​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ស្វះស្វែង​រក​វ៉ាក់សាំង​ប្រឆាំង​វីរុស​សកល​មួយ​នេះ​តាមរយៈ​ទ្វេភាគី ពហុភាគី ជំនួយ​មនុស្សធម៌ និង​ការ​បញ្ជាទិញ​ជាដើម ដើម្បី​ធានា​បាន​នូវ​ការ​ចាក់​ថ្នាំបង្ការ​នេះ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ ដើម្បី​បង្កើន​ភាព​ស៊ាំ​ទូទាំង​ប្រទេស។

លោក ទៀ បាញ់ បញ្ជាក់​ថា បើ​ទោះបីជា​ពលរដ្ឋ​អាច​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ចំនួន​ដូស​ហើយ​ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា​ណែនាំ​ឲ្យ​ពួកគេ​អនុវត្ត​វិធានការ​សុខាភិបាល​គ្រប់​ពេលវេលា និង​ដោយ​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ធានា​បាន​ការ​ទប់ស្កាត់​ការ​ចម្លង​នូវ​វីរុស​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់

ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនធាន ថ្លែង​ក្នុង​ពិធី​ប្រគល់​វ៉ាក់សាំង​នេះ​ថា ដរាប​ណា​ជំងឺ Covid-19 នៅ​កម្ពុជា​មិនទាន់​បញ្ចប់ នោះ​ជំនួយ​របស់​ចិន​មក​កម្ពុជា​ក៏​មិន​អាច​ឈប់​បាន​ដែរ ដើម្បី​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បញ្ឈប់​ការ​ឆ្លង​រាលដាល​វីរុស Covid-19 នេះ។

លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​មិត្ត​ដែកថែប​ជាមួយ​កម្ពុជា គឺ​ចិន​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​សេចក្តី​សុខ​របស់​ប្រជាជន​កម្ពុជា។ បន្ថែម​ពី​នេះ ចិន​នឹង​ព្យាយាម​ដើរ​តួនាទី​បញ្ឈប់​ការ​រីក​រាលដាល​របស់​វីរុស​នេះ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​សុខភាព​របស់​មនុស្ស​ជាតិ ដោយ​មិន​ដេញដោល​រក​ប្រភព​ដើម​នៃ​រោគ​ឆ្លង​នេះ​ដើម្បី​ជា​ឈ្នាន់​នយោបាយ​ដូច​ប្រទេស​ខ្លះ​នោះ​ទេ។

មក​ទល់នឹង​ពេលនេះ កម្ពុជា​មាន​វ៉ាក់សាំង ៤​ប្រភេទ​ហើយ​ដែល​រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ក្នុង​នោះ​រួម​មាន ប្រភេទ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាសេណេកា និង ចនសុន អែន ចនសុន ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង ២០​លាន​ដូស​ទាំង​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ទ្វេភាគី ជំនួយ​តាមរយៈ​មជ្ឈមណ្ឌល​កូវ៉ាក់ និង​ការ​បញ្ជាទិញ​របស់​រដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​វ៉ាក់សាំង​ប្រឆាំង​វីរុស​នេះ ក្រសួង​សុខាភិបាល​បាន​អះអាង​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ថា ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​ជូន​ពលរដ្ឋ​ដូស​ទី​១ បាន​ចំនួន​ជាង ៩​លាន ៧​សែន​នាក់​ហើយ រីឯ​ដូស​ទី​២ មាន​ចំនួន​ជាង ៧​លាន ៨​សែន​នាក់ ដោយឡែក​អ្នក​ចាក់​ដូស​ទី​៣ មាន​ចំនួន​ជាង ៤​សែន ៨​ម៉ឺន​នាក់ ខណៈ​កុមារ​ចាក់​បាន ៥០,៣៩​ភាគរយ​ផង​ដែរ។

ទាក់ទង​នឹង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ផង​ដែរ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​ចំនួន ៤១០​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៥៣៧​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៦​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស​សរុប​បាន​កើន​ឡើង​ដល់​ជិត ៩​ម៉ឺន​នាក់ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៨​ម៉ឺន ៥​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៨០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ ខណៈ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (DELTA) មាន​ចំនួន ៩៩៩​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស