33 C
Phnom Penh

បទវិភាគ៖ ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​បញ្ជូន​សារ​ប្រាប់​មេដឹកនាំ​អាស៊ាន​ថា​អាមេរិក​យកចិត្ត​ទុកដាក់​ខ្លាំង​បញ្ហា​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris ដែល​បាន​ជ្រើសរើស​ប្រទេស​ពីរ​ក្នុង​តំបន់​អាស៊ាន​មក​ធ្វើ​ទស្សនកិច្ច គឺ​មើលទៅ​ជា​សម្ពន្ធមិត្ត​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន ១០​ប្រទេស។

ប្រទេស​ពីរ​នេះ គឺ​សិង្ហបុរី និង​វៀតណាម។ ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សម្ពន្ធភាព​ស្លាប់​រស់​របស់​សហរដ្ឋ​អាមេរិក​ទៅ​ថ្ងៃ​អនាគត​ដែល​ខ្វះ​ពុំបាន​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិសុខ​អាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​ជា​ទស្សនកិច្ច​ដំបូង​របស់​អនុប្រធានាធិបតី​អាមេរិក​រូប​នេះ ដែល​មក​ដល់​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​សីហា។

ទស្សនកិច្ច​របស់​អ្នកស្រី Kamala Harris កំពុងតែ​សម្លឹង និង​តាមដាន​ដោយ​សមាជិក​អាស៊ាន​ទាំងអស់ ជាពិសេស​បន្ទាប់ពី​ការ​ដួល​រលំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​អាមេរិក​គាំទ្រ។ ប្រទេស​ក្នុង​សមាគម​នេះ​អាច​នឹង​ចង់​ដឹង​ថា តើ​ថ្នាក់​ដឹកនាំ​អាមេរិក​ជាន់ខ្ពស់​រូប​នេះ​មក​ជាន់​ទឹកដី​អាស៊ី អាច​ធានា និង​ប្ដេជ្ញា​អ្វី​ខ្លះ​ដល់​សហគមន៍​មួយ​នេះ​ទៅ​ថ្ងៃ​ខាងមុខ​ដែល​វា​មិន​ដូច​នឹង​អាហ្វហ្គានីស្ថាន។

សិង្ហបុរី ជា​សមាជិក​មួយ​ដែល​មាន​ការ​អភិវឌ្ឍ​ជឿនលឿន​ជាងគេ ដែល​ចង់​រក្សា​ឱ្យ​បាន​នូវ​ភាព​ជា​ដៃគូ​ជាមួយ​សហរដ្ឋ​អាមេរិក ជាពិសេស​ផ្នែក​សន្តិសុខ​ដែល​សាធារណរដ្ឋ​ដែន​កោះ​មួយ​នេះ​ក៏​អាច​ជា​ជញ្ជីង​សម្រាប់​ថ្លឹង​តុល្យភាព​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​អាមេរិក និង​មហាយក្ស​ចិន។

ដូច្នេះ​ហើយ អាមេរិក​និង​សិង្ហបុរី គឺជា​ដៃគូ​ភូមិសាស្ត្រ​នយោបាយ​ស្លាប់​រស់​សម្រាប់​ប្រទេស​ទាំង​ពីរ។ ចំណែក​វៀតណាម​វិញ ទោះ​ជា​អាមេរិក​ពិបាក​បន្តិច​ក្នុង​ការ​រឹត​ចំណង​មិត្តភាព​ជាមួយ ព្រោះតែ​មាន​ភាព​ខុសគ្នា​នូវ​មនោគមន៍វិជ្ជា នយោបាយ គឺ​មួយ​សេរី ហើយ​មួយ​កុម្មុយនីស្ត​ក៏ដោយ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៃ​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ដែល​ត្រូវ​ពង្រឹង​រួមគ្នា​ដើម្បី​ទប់ទល់​នឹង​ចិន។

ចំពោះ​ទស្សនៈ​អាមេរិក​វិញ គឺ​វៀតណាម​ជា​ប្រទេស​ដ៏​គន្លឹះ​ក្នុង​សមាគម​អាស៊ាន ដែល​ប្រទេស​នេះ​ហ៊ាន​ប្រឈម​នឹង​ប្រទេស​ចិន ដែល​ក្រុង​វ៉ាស៊ីនតោន​គិត​ថា​វៀតណាម ជា​សមាជិក​អាស៊ាន​ដែល​មិន​អាច​ខ្វះ​បាន។

ដោយ​មើលឃើញ​បែប​នេះ ក្រុង​វ៉ាស៊ីនតោន បាន​លើក​ទឹកចិត្ត​ក្រុង​ហាណូយ ឱ្យ​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក សំដៅ​ឱ្យ​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ​សម្រាប់​តំបន់។ ឥឡូវ​នេះ វៀតណាម​បាន​ក្លាយ​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ហើយ​ក៏​ក្លាយជា​ប្រទេស​មួយ​នៃ​សមាគម​អាស៊ាន​ដែល​ទិញ​អាវុធ​ពី​សហរដ្ឋ​អាមេរិក។

ទាំង​សិង្ហបុរី និង​វៀតណាម ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន ដោយ​ការ​ផ្ដល់​ឱកាស​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ Lloyd Austin មក​ធ្វើ​ទស្សនកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​ទាំង​ពីរ។ វត្តមាន​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​នៅ​វៀតណាម និង​សិង្ហបុរី យ៉ាងហោចណាស់​វា​នឹង​ជះ​ឥទ្ធិពល​ទៅលើ​ប្រទេស​ជិតខាង គឺ​ប្រទេស​ដែល​មាន​និន្នាការ​ទៅ​រក​ប្រទេស​ចិន ដូចជា​កម្ពុជា ឡាវ ភូមា ជាដើម។ តែ​សម្រាប់​ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ដូចជា​មិន​បារម្ភ​ច្រើន​ទេ​សម្រាប់​អាមេរិក​អំពី​ការ​ធ្លាក់​ក្រោម​ឥទ្ធិពល​របស់​ចិន។

ករណី​ហ្វីលីពីន ដែល​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ទោរទន់​ទៅ​រក​ចិន គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​ប្រទេស​នេះ​មាន​រដ្ឋមន្ត្រី​ខ្លាំងៗ​ជាច្រើន​ដែល​អាច​និយាយ​ទៅ​កាន់​លោក Rodrigo Duterte ស្ដាប់​ខ្លះ ហើយ​បាន​រុញ​ឱ្យ​បុរស​ខ្លាំង​នេះ​ងាក​មក​រក​អាមេរិក​វិញ​ជាមួយ​នឹង​ការ​ធ្វើ​ឱ្យ​រស់​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ដែល​ផ្ដល់​ឲ្យ​អាមេរិក​អាច​ប្រើប្រាស់​ទឹកដី​ហ្វីលីពីន ហ្វឹកហ្វឺន​ទ័ព​អាមេរិក​ផង និង​ធ្វើ​សមយុទ្ធ​ទ្វេភាគី​ផង។

សម្រាប់​ប្រទេស​បី​នេះ ពិត​ណាស់​ជា​ដៃគូ​ស្រាប់​ទៅ​ហើយ​ជាមួយ​អាមេរិក ក្នុង​ការ​ពង្រឹង​ភូមិសាស្ត្រ​របស់​អាមេរិក​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ដូចនេះ សិង្ហបុរី និង​វៀតណាម ជា​ប្រទេស​លេចធ្លោ​ខ្លាំង​នឹង​នាំ​ឱ្យ​អាស៊ាន​ងាក​ទៅ​រក​អាមេរិក ក្នុង​អន្តរកាល​នេះ​យ៉ាងតិច ៥​ប្រទេស។ ចំណែក​ព្រុយណេ វិញ ចាំ​តែ​ដើរ​តាម​សិង្ហបុរី​ប៉ុណ្ណោះ។

ចំណែក​បី​ប្រទេស​ទៀត គឺ​កម្ពុជា ឡាវ និង​ភូមា ត្រូវ​បាន​មើលឃើញ​ថា ងាក​ទៅ​រក​ចិន​ខ្លាំង។ ប្រទេស​បី​នេះ​ងាក​ទៅ​រក​ចិន ដោយសារតែ​កំពុង​ជួប​ផលវិបាក​ក្នុង​ការ​សង​បំណុល​ទៅ​ចិន​វិញ ព្រោះ​ពួកគេ​ជាប់​ជំពាក់​ចិន​រាប់​ពាន់​លាន​ដុល្លារ គឺ​ពិបាក​នឹង​រើ​ខ្លួន​ពី​ចិន​ខ្លាំង​ណាស់។

យ៉ាងណាក៏ដោយ ឡាវ​ទោះ​ជា​នៅ​ក្រោម​ចិន​មែន តែ​មិន​ងាយ​ចោល​វៀតណាម​បាន​ឡើយ ហើយ​កម្ពុជា​ក៏​ដូច្នេះ​ដែរ។ ប្រទេស​ទាំង​ពីរ​នេះ គិត​ចិន​ដប់​ដង ក៏​ត្រូវ​គិត​វៀតណាម​ដប់​ដង​ដែរ។ បើ​ពួកគេ​ងាក​ទៅ​រក​ចិន​ខ្លាំង​ពេក ​ល​វៀតណាម អាច​នឹង​គ្រោះថ្នាក់។

អាមេរិក​ចាប់​វៀតណាម​ជាប់ ហើយ​វៀតណាម​ចាប់​ឡាវ​ជាប់ និង​ចាប់​កម្ពុជា​ក៏​ជាប់​ដែរ។ ប្រទេស​ទាំង​ពីរ​នេះ​នៅ​ក្រោម​វៀតណាម ហើយ​វៀតណាម​ជា​ដៃគូ​អាមេរិក គឺ​ពិត​ណាស់​អាមេរិក នឹង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សមាគម​នេះ។ ចុះ​ចំណែក​ប្រទេស​ថៃ វិញ ដែល​ងាករេ​បន្តិច​ទៅ​រក​ចិន ដោយសារ​នាយករដ្ឋមន្ត្រី​ជា​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ មិនសូវ​នឹង​ធ្វើ​ខ្លួន​ឱ្យ​ស្និទ្ធស្នាល​នឹង​អាមេរិក គឺ​មិន​ជា​ការ​អ្វី​ទេ ព្រោះ​បក្ស​ប្រឆាំង​របស់​ប្រទេស​នេះ​ខ្លាំង​ដែល​អាច​ទប់​ចរន្ត​រដ្ឋាភិបាល​មិន​ឱ្យ​ងាករេ​ខ្លាំង​ពេក​ទៅ​រក​ចិន។ ប្រទេស​នេះ​នៅតែ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​អនាគត​នឹង​ងាក​មក​រក​អាមេរិក​វិញ តាមរយៈ​ការ​ដោះដូរ​មេដឹកនាំ​ចេញពី​ការ​បោះឆ្នោត។

ដោយឡែក​ប្រទេស​ភូមា គឺ​គេ​សឹងតែ​លែង​និយាយ​ទៅ​ហើយ ព្រោះ​ប្រទេស​នេះ​ធ្លាក់​ក្រោម​រដ្ឋប្រហារ​របស់​ពួក​យោធា ដែល​ត្រូវរ៉ូវ​ខ្លាំង​តែ​ជាមួយ​ចិន ប៉ុណ្ណោះ។

ប្រទេស​មួយ​នេះ​កំពុង​រង​សម្ពាធ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ឱ្យ​វិល​ទៅ​រក​ប្រជាធិបតេយ្យ ហើយ​បើ​ប្រជាធិបតេយ្យ​រស់​ឡើងវិញ គឺ​នឹង​មក​រក​អាមេរិក​វិញ​ហើយ។

សរុប​ទៅ អាមេរិក​អាច​ចាប់​យក​បាន​ប្រទេស​យាង​តិច ៦ ទៅ ៧ ក្នុង​ចំណោម ១០​ប្រទេស​មក​នៅ​ជាមួយ​ប្រទេស​មហាអំណាច​មួយ​នេះ ហើយ​បើ​ដូច្នេះ ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ាន គឺ​អនាគត​អាច​ជា​របស់​អាមេរិក​ច្រើន​ជាង​ចិន។

គុណវិបត្តិ​របស់​ចិន​មាន​ច្រើន ដែល​ធ្វើ​ឱ្យ​ប្រទេស​ធំ​នេះ​ពិបាក​ចាប់​យក​អាស៊ាន​បាន​ច្រើន​ជាង​អាមេរិក គឺ​អាច​មក​ពី​ចិន បង្ក​ជម្លោះ​ច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ចិន​ផ្ដល់​ប្រាក់កម្ចី​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​ណា គឺ​ប្រទេស​នោះ​បាន​បាត់បង់​សមភាព​សង្គម។ មិនតែប៉ុណ្ណោះ ចិន​បាន​ផ្ដល់​ឱកាស​ឱ្យ​មេដឹកនាំ​ប្រទេស​នោះ​ក្រាញ​អំណាច បង្កើត​បក្សពួក​និយម ធ្វើ​ឱ្យ​អ្នក​ទន់ខ្សោយ ក្រីក្រ ទទួល​អម្រែក​នៃ​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ និង​អយុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស