31 C
Phnom Penh

បទវិភាគ៖ តើ​លោក សម រង្ស៊ី កំពុង​ពង្រឹង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ថ្មី​ផ្សេង​ទៀត?

បទវិភាគ

មជ្ឈដ្ឋាន​ជាច្រើន​អះអាង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ឆ្នាំ​២០១៧ ដោយសារ​ខ្លាច​បាត់បង់​អំណាច​របស់​លោក ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០១៨។

ដូច្នេះ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បន្ត​អំណាច​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​គ្រាន់តែ​រងគ្រោះ​ដោយ​ទង្វើ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ​ទេ តែ​ក៏​រងគ្រោះ​ដោយ​សកម្មភាព​នានា​របស់​សហការី និង​ថ្នាក់​ដឹកនាំ​របស់​លោក​ដទៃ​ទៀត​ដែរ។

បច្ចុប្បន្ន​នេះ ភាគី​របស់​លោក សម រង្ស៊ី កំពុង​រង​ការ​ចោទ​ថា​បាន​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ស្រប​ពេល​ដែល​លោក សម រង្ស៊ី តែង​ប្រកាស​ថា​លោក​ជា​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រុម​របស់​លោក​ក៏​កំពុង​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ថែមទៀត។

គណបក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា បាន​សម្រេច​រួបរួម​គ្នា​បង្កើត​គណបក្ស​តែ​មួយ​ដែល​មាន​ឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ការ​រួមគ្នា​នេះ ត្រូវ​បាន​គេ​អះអាង​ថា​គឺជា​ការ​បំពេញ​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ។ ការ​អះអាង​បែប​នេះ បាន​បង្ហាញ​នូវ​ភាព​ត្រឹមត្រូវ​តាម​រយៈ​ការ​កើន​ឡើង​ប្រជាប្រិយភាព​របស់​ក្រុម​ប្រឆាំង ជាពិសេស​លទ្ធផល​បោះឆ្នោត​សភា​ក្នុង​ឆ្នាំ​២០១៣ និង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧។

ការ​រួបរួម​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​នេះ អាច​ជា​ចំណុច​នៃ​ការ​វាស់​ស្ទង់​អំពី​ឯកភាព​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ ហើយ​ដែល​មេដឹកនាំ​នយោបាយ​ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ទទួលស្គាល់​ចំណុច​នេះ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​លោក សម រង្ស៊ី

ជាក់ស្តែង​ណាស់ លោក ហ៊ុន សែន ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលាយ​គណបក្ស​នេះ​ចោល​នា​ចុង​ឆ្នាំ​២០១៧ គឺ​ដើម្បី​លុបបំបាត់​ចលនា​រួបរួម​បែប​នេះ រីឯ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ផ្សេងៗ​តែងតែ​ប្រកាស​ខ្លួន​ជា​អ្នក​សង្គ្រោះ​ជាតិ​និយម និង​ធ្វើ​អ្វីៗ​ដើម្បី​គណបក្ស​នេះ ក៏​ព្រោះតែ​យល់​ថា​ពលរដ្ឋ​គាំទ្រ​ដល់​ការ​រួបរួម​បែប​នេះ។

ភស្តុតាង​ទាំងនេះ ក៏​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ​ថា ការ​បែកបាក់​គឺ​ផ្ទុយ​ពី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ និង​ជាតិ ហើយ​គណបក្ស​នឹង​ចុះ​ខ្សោយ ព្រោះ​វា​ជា​ការ​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​តែម្តង។ ប៉ុន្តែ​ការ​បែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​ដំណឹង​ល្អ​សម្រាប់​លោក ហ៊ុន សែន ទៅវិញ ដោយសារ​លោក​តែង​ពុះពារ​គ្រប់​បែបយ៉ាង​ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង​មាន​កម្លាំង​គាំទ្រ​ដ៏​ធំ​មួយ​នេះ បែក​ជា​ចម្រៀកៗ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាកចេញ​ពី​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក ហ៊ុន សែន និង​បាន​បើក​គណបក្ស​នយោបាយ​ថ្មីៗ​ជាបន្តបន្ទាប់​ថែមទៀត។ អ្នក​ទាំងនោះ​សុទ្ធតែ​បាន​ប្រកាស​ជា​ចំហ និង​តែងតាំង​ខ្លួនឯង​ជា​មេដឹកនាំ​បក្ស​ថ្មី​របស់​ពួកគេ​រៀងៗ​ខ្លួន​ថែមទៀត។

ដោយឡែក​គណបក្ស​បេះដូង​ជាតិ ដែល​ជា​គណបក្ស​ថ្មី​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំងនោះ​ពុំ​ទាន់​បាន​ប្រកាស​ជា​សាធារណៈ​អំពី​ការ​ពាក់ព័ន្ធ​នឹង​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ណាមួយ​នៅឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាងនេះ​ក្តី ប្រភព​ដ៏​គួរ​ឲ្យ​ជឿ​ទុកចិត្ត និង​មន្ត្រី​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រិះគន់​ជា​សាធារណៈ​ថា ក្រុម​លោក សម រង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​នេះ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (រូប​លើក​ដៃ)

តើ​ការ​ចោទ​ប្រកាន់​បែប​នេះ អាច​ជា​ការពិត និង​មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ?

កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា កន្លងទៅ​នេះ ភាគី​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​បាន​ចេញ​លិខិត​បដិសេធ​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​ថា មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ថ្មី​ខ្លះ​ដែល​ចាប់ផ្តើម និង​គ្រោង​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​នោះ​ទេ។ ប៉ុន្តែ​លោក គឹម សុខ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ថា លិខិត​បដិសេធ​នោះ គឺ​ស្មើ​នឹង​ការ​សារភាព ព្រោះ​ពួកគេ​មិន​ហ៊ាន​និយាយ​ចំ និង​ច្បាស់លាស់​ថា​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​បេះដូង​ជាតិ​ដូច​ដែល​មាន​ការ​ចោទ​ប្រកាន់​ខ្លះ​នោះ​ទេ។

ដូច​ការ​កត់សម្គាល់​របស់​អ្នក​រិះគន់​មួយ​ចំនួន​ដែរ លោក គឹម សុខ ក៏​បាន​លើកឡើង​ថា ចំណុច​មួយ​ទៀត​នោះ គឺ​ក្រុម​លោក សម រង្ស៊ី តែងតែ​ចោទ​អ្នក​ណា​ដែល​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​គណបក្ស​ថ្មី​ថា​ជា​អ្នក​ក្បត់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ក្រុម​របស់​លោក​មិន​បាន​ចោទ​ក្រុម​អ្នក​ដែល​កំពុង​បង្កើត​គណបក្ស​បេះដូង​ជាតិ​ដូច្នោះ​ទេ។ ដូច្នេះ ចំណុច​នេះ​អាច​បង្ហាញ​ថា ភាគី​លោក សម រង្ស៊ី ទំនង​អាច​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ថ្មី​នេះ។

ក្រៅពី​នេះ ភាគី​លោក សម រង្ស៊ី ក៏​បាន​បង្ហាញ​នូវ​ចំណុច​មួយ​ចំនួន​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​គេ​មាន​ការ​សន្និដ្ឋាន​អំពី​ការ​ពាក់ព័ន្ធ​ក្រុម​របស់​លោក​ក្នុង​ការ​បង្កើត​គណបក្ស​ថ្មី​មួយ​នេះ។ អ្នកស្រី មូរ សុខហួរ ធ្លាប់​ត្រូវ​បាន​គេ​ចោទ​សួរ​អំពី​ការ​ពាក់ព័ន្ធ​របស់​អ្នកស្រី​ជាមួយ​គណបក្ស​ថ្មី​នេះ តែ​អ្នកស្រី​មិន​បាន​សារភាព ហើយ​ក៏​មិន​បាន​បដិសេធ ដោយ​គ្រាន់តែ​ឆ្លើយ​ថា អ្នកស្រី​គាំទ្រ​សិទ្ធិ​សេរីភាព​បុគ្គល​ទាំងឡាយ​ណា​ដែល​ចង់​ធ្វើ​នយោបាយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ (ឈរ​កាន់​មេក្រូ)

ចំណុច​នេះ​ហាក់​ផ្ទុយ​ទៅ​នឹង​ជំហរ​របស់​អ្នកស្រី និង​ក្រុម​របស់​អ្នកស្រី​ដែល​ធ្លាប់​ថ្កោលទោស​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បង្កើត​គណបក្ស​ថ្មី​មុនៗ។ ជាមួយ​គ្នា​នេះ លោក អេង ឆៃអ៊ាង បាន​ធ្វើ​ដំណើរ​ជួប​ប្រជុំ​ជាមួយ​ក្រុម​អ្នក​គាំទ្រ​តាម​ក្រុង និង​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក។ ក្រោយ​ការ​ជួប​ប្រជុំ​នោះ​មក មន្ត្រី ឬ​សមាជិក​នៃ​ក្រុម​គាំទ្រ​ខ្លះ​បាន​ប្រកាស​លាលែង​ពី​រចនាសម្ព័ន្ធ​របស់​លោក ដោយ​លើក​ហេតុផល​ថា ពួកគេ​មិន​អាច​គាំទ្រ​គណបក្ស​ផ្សេង​ក្រៅតែ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។ ដូច្នេះ សកម្មភាព​របស់​លោក អេង ឆៃអ៊ាង ទំនង​ចង់​បង្វែរ​ទស្សនៈ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​មក​គាំទ្រ​គណបក្ស​ផ្សេង​មួយ​ដែល​មិនមែន​ជា​គណបក្ស​សង្គ្រោះ​ជាតិ។

ទន្ទឹម​នឹង​អ្វី​ដែល​កំពុង​កើតឡើង​នេះ ហ្វេសប៊ុក​ផេក​មួយ​ឈ្មោះ សោ ចាន់ដេត កាណាដា ក៏​បាន​ដាក់​និមិត្តសញ្ញា​គណបក្ស​បេះដូង​ជាតិ ជា profile របស់​ខ្លួន​វិញ។ ប្រសិនបើ​នោះ​ពិតជា​ហ្វេសប៊ុក​ផេក​របស់​លោក សោ ចាន់ដេត ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស សម រង្ស៊ី និង​ជា​មន្ត្រី​ជំនិត​របស់​លោក សម រង្ស៊ី មែន ដូច្នេះ​វា​មានន័យ​ថា មន្ត្រី​ជាន់ខ្ពស់ និង​ជំនិតៗ​របស់​លោក សម រង្ស៊ី កំពុង​ចូលរួម​គាំទ្រ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ។ ប៉ុន្តែ​បើ​ហ្វេសប៊ុក​ផេក​នោះ​មិនមែន​ជា​របស់​លោក សោ ចាន់ដេត ដែល​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​ខាង​ផ្នែក​នយោបាយ​ដើម្បី​បាន​រស់នៅ​ក្នុង​ប្រទេស​កាណាដា ទេ​នោះ ម៉្លេះ​គាត់​បាន​ធ្វើការ​បដិសេធ​ជា​សាធារណៈ​ទៅ​ហើយ។

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​ជាន់ខ្ពស់ និង​ជំនិតៗ​របស់​លោក សម រង្ស៊ី ក្នុង​ស្រុក​ដទៃ​ទៀត បាន​បង្ហាញ​រូបភាព​នៃ​សកម្មភាព​កៀងគរ​អ្នកគាំទ្រ​តាមរយៈ​ការ​ជួប​ប្រជុំ​ជាមួយ​សកម្មជន​តាម​មូលដ្ឋាន​នានា និង​បាន​ព្យាយាម​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ជាបន្តបន្ទាប់ នៅ​មុន​ពេល និង​ក្រោយ​ពេល​គណបក្ស​បេះដូង​ជាតិ បាន​ដាក់​ពាក្យ​សុំ​បង្កើត​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។ មន្ត្រី​ទាំងនោះ​រួម​មាន លោក ថាច់ ស៊ីថា និង​លោក គឹម ញ៉ុល អតីត​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស សម រង្ស៊ី លោក ជូង ជូងី ជា​មេធាវី​របស់​លោក សម រង្ស៊ី និង​មន្ត្រី​មួយ​ចំនួន​ទៀត។

បើ​ទោះបី​គេ​មាន​អំណះអំណាង​ដើម្បី​បញ្ជាក់​ថា​លោក សម រង្ស៊ី និង​ក្រុម​របស់​លោក​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​ក្តី ក៏​គេ​នៅតែ​អាច​ចោទ​ជា​សំណួរ​ថា បើ​លោក សម រង្ស៊ី ចង់​ធ្វើ​ដូច្នោះ​មែន ចុះ​ហេតុ​អី​ក៏​លោក​មិន​ប្រកាស​យក​គណបក្ស​ភ្លើង​ទៀន​របស់​លោក​តែម្តង​ទៅ?

ចម្លើយ​សម្រាប់​សំណួរ​នេះ គឺ​លោក សម រង្ស៊ី មិន​អាច​ធ្វើ​ដូច្នោះ​ទេ។ ការ​ដែល​គាត់​មិន​អាច​ធ្វើ​ដូច្នោះ គឺ​ផ្អែក​លើ​ហេតុផល​ពីរ៖

  • ទី​១៖ បើ​លោក សម រង្ស៊ី ហ៊ាន​ប្រកាស​គាំទ្រ​គណបក្ស​ភ្លើង​ទៀន នោះ​វា​ជា​ការ​បង្ហាញ​ដល់​សាធារណជន​ខ្មែរ​ថា លោក​បាន​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អ្វី​ដែល​លោក​តែង​អះអាង​ថា​លោក​ធ្វើ​អ្វីៗ​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ពាក្យ កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​នោះ គឺជា​រឿង​ភូត​កុហក។
  • ទី​២៖ បើ​លោក សម រង្ស៊ី ហ៊ាន​ប្រកាស​គាំទ្រ​គណបក្ស​ភ្លើង​ទៀន នោះ​មានន័យ​ថា លោក​ដាក់​គណបក្ស​នេះ​ក្នុង​ភ្នក់ភ្លើង​ក្រោម​ច្បាប់​គណបក្ស​នយោបាយ​ដ៏​អាក្រក់​របស់​លោក ហ៊ុន សែន នា​បច្ចុប្បន្ន​នេះ។

តើ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​បេះដូង​ជាតិ អាច​ប្រកាស​ចង​ជា​សម្ព័ន្ធ​ក្នុង​ពេល​អនាគត​ដែរ​ទេ?

ដើម្បី​រក្សា​គណបក្ស​ភ្លើង​ទៀន លោក សម រង្ស៊ី ត្រូវតែ​រក្សា​គម្លាត​ខ្លួន​លោក​ឱ្យ​ដាច់​ចេញពី​គណបក្ស​នេះ។ ម្យ៉ាង​ទៀត ដើម្បី​រក្សា​ទឹកចិត្ត​អ្នកគាំទ្រ លោក សម រង្ស៊ី ត្រូវតែ​ធ្វើ​យ៉ាងណា​ឱ្យ​គេ​មើល​ឃើញ​ថា លោក​ធ្វើ​អ្វីៗ​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​លោក កឹម សុខា។ ប៉ុន្តែ​បើ​គេ​ពិនិត្យ​មើល​សកម្មភាព​របស់​លោក តើ​ជា​សកម្មភាព​ដើម្បី​ពង្រឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ឬ​ទេ?

ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៧ លោក សម រង្ស៊ី បាន​ហៅ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​សំខាន់ៗ​ដែល​ស្និទ្ធ​នឹង​លោក ឲ្យ​បោះបង់​ការ​តតាំង​ជាមួយ​លោក ហ៊ុន សែន ដោយ​ការ​ចាកចេញ​ពី​កម្ពុជា។ បន្ទាប់មក លោក សម រង្ស៊ី និង​ក្រុម​របស់​គាត់​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដោយ​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ហើយ​ក៏​ងាក​ទៅ​ធ្វើ​សន្និសីទ​នៅ​ទីក្រុង Atlanta នៃ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក នា​ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​តែងតាំង​ខ្លួន​លោក​ជា​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​យប់​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

សំណួរ​សួរ​ថា តើ​សកម្មភាព​ទាំងនោះ​ដើម្បី​ពង្រឹង ឬ​ដើម្បី​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ?

ដោយ​សកម្មភាព​ទាំងនេះ​ជា​សកម្មភាព​ឯកតោភាគី​របស់​ក្រុម​លោក សម រង្ស៊ី ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស រួម​ទាំង​ចលនា​យុវជន​នៅ​កូរ៉េ​ខាងត្បូង​ផង បាន​បែកបាក់​គ្នា​ជាបន្តបន្ទាប់។ ដូច្នេះ គេ​មិន​បាច់​ឆ្លើយ​នឹង​សំណួរ​ខាងលើ​ក៏​បាន​ដែរ ព្រោះ​លទ្ធផល​ជាក់ស្តែង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺជា​ចម្លើយ​នៃ​សំណួរ​នោះ​ទៅ​ហើយ។

អ្នក​ឃ្លាំមើល​ជាច្រើន​និយាយ​ថា អ្វី​ដែល​លោក សម រង្ស៊ី កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មិនមែន​ដើម្បី​ពង្រឹង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ ប៉ុន្តែ​លោក​កំពុង​ពង្រឹង​ក្រុម​របស់​លោក​នៅ​ក្នុង​គណបក្ស​ថ្មី​មួយ គឺ​គណបក្ស​បេះដូង​ជាតិ។

តើ​ភស្តុតាង​នៃ​សកម្មភាព​ទាំងនេះ​អាច​បញ្ជាក់​បាន​ថា​លោក សម រង្ស៊ី កំពុង​លួច​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ឬ​ទេ? ទោះជាយ៉ាងណាក៏ដោយ ចម្លើយ​សម្រាប់​សំណួរ​ដ៏​រសើប​មួយ​នេះ ទុក​ឲ្យ​ពេលវេលា និង​មហាជន​ជា​អ្នក​សម្រេច​ទៅ​ចុះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស