31 C
Phnom Penh

ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ព្យួរ​ការងារ​មេឃុំ​រកា​ឈ្មោះ នេត នឿន ករណី​ឃុបឃិត​លក់​ដី​ប្រភព​មេ​ទឹក​ឱ្យ​ឈ្មួញ​ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ពីរ​ភូមិ​ក្នុង​ខេត្ត​ព្រៃវែង ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​លោក ហ៊ុន សែន ត្រូវ​ត្រួត​ពិនិត្យ​ការងារ ឬ​ព្យួរ​ការងារ​របស់​មេឃុំ​រកា ឈ្មោះ នេត នឿន ជា​បណ្ដោះអាសន្ន ដោយ​ចោទ​មេឃុំ​រូប​នេះ​ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប ក្លែង​ឯកសារ​រំលោភ​យក​បរិវេណ​ដី​ប្រភព​មេ​ទឹក និង​ដី​ព្រៃលិចទឹក​ដែល​ពលរដ្ឋ​ប្រើប្រាស់​ទៅ​ធ្វើជា​កម្មសិទ្ធិ​ឯកជន។

តំណាង​ពលរដ្ឋ​បញ្ជាក់​ថា វិវាទ​ដីធ្លី​នេះ ពួកគាត់​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​លោក នេត នឿន មេឃុំ​រកា ឲ្យ​ជួយ​រក​ដំណោះស្រាយ​ជាបន្តបន្ទាប់ ប៉ុន្តែ​បែរជា​មេឃុំ​រូប​នេះ​មិន​យក​ឯកសារ​ផ្តើម​ឲ្យ​មាន​ទំនាស់​ដីធ្លី​ខាងលើ​នេះ​មក​ដោះស្រាយ​ទេ មិន​ត្រឹម​តែប៉ុណ្ណោះ បាន​ទុក​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​ចោល​រាប់​ឆ្នាំ​ថែមទៀត។

លោក នេត នឿន មេឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង។

ពលរដ្ឋ​ចោទ​ប្រកាន់​ទៀត​ថា មេឃុំ​រូប​នេះ​តែង​មក​គំរាម​ប្តឹង​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​រក្សា​ដី​ព្រៃ​ប្រភព​មេ​ទឹក​នៅ​ឃុំ​រកា នេះ​ដាក់​គុក ឬ​ប្តឹង​ឡើង​តុលាការ​ទៅវិញ។

ពលរដ្ឋ​ថ្លែង​ហួសចិត្ត​ចំពោះ​សកម្មភាព​របស់​លោក នេត នឿន ក្នុង​នាម​ជា​មេឃុំ ប៉ុន្តែ​បែរជា​ចេញ​មុខ​ការពារ​ផលប្រយោជន៍ និង​ឃុបឃិត​ជាមួយ​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប ឲ្យ​ចូល​មក​រំលោភ​យក​ដី​ប្រភព​មេ​ទឹក​ដែល​ពលរដ្ឋ​រស់នៅ​ឃុំ​រកា ធ្លាប់​ប្រើប្រាស់​តាំងពី​ដូនតា​ទៅវិញ។

ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ទាក់ទង​នឹង​ឃុបឃិត​ក្លែង​ឯកសារ​រំលោភ​យក​ដី​ប្រភព​មេ​ទឹក​នៅ​ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង។

តំណាង​ពលរដ្ឋ​ក៏​បាន​ចោទ​លោក នេត នឿន ទៀត​ថា​មាន​ចេតនា​លាក់​កំបាំង​ឈ្មួញ​ដី​ឈ្មោះ ចេស ហៀប ដែល​ចូល​មក​ទន្ទ្រាន​កាន់កាប់​ដី​ប្រភព​មេ​ទឹក និង​លាក់​បាំង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ទិញ​លក់​ដី​សាធារណៈ​របស់​រដ្ឋ។

ក្រុម​ប្រជាពលរដ្ឋ​ទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​ជួយ​ការពារ​ដី​បរិវេណ​ប្រភព​មេ​ទឹក​ក្រចាប់ ដែល​ត្រូវ​បាន​លោក នេត នឿន និង​លោក ចេស ហៀប ឃុបឃិត​ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​ទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ដូច​ដើម​វិញ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ លោក នេត នឿន មេឃុំ​រកា ត្រូវ​បាន​គេហទំព័រ​ក្នុង​ស្រុក​ឈ្មោះ «កម្ពុជា​ថ្ងៃ​នេះ» ស្រង់​សម្ដី​កាលពី​ទី​២១ ខែ​សីហា ឆ្នាំ​២០២១ ថា រូប​លោក​មិន​បាន​ឃុបឃិត​ជាមួយ​លោក ចេស ហៀប ក្លែង​ឯកសារ​រំលោភ​យក​ដី​ប្រភព​មេ​ទឹក​ដូច​ពលរដ្ឋ​រស់នៅ​ភូមិ​ត្រកៀត ចោទ​ប្រកាន់​នោះ​ទេ។

លោក​បន្ត​ថា រាល់​ឯកសារ​ផ្សេងៗ​ដែល​ទាក់ទង​វិវាទ​ដីធ្លី​នៅ​មូលដ្ឋាន​ឃុំ​រកា នេះ គឺ​បាន​កើតឡើង​តាំងពី​អាណត្តិ​មេឃុំ​មុនៗ​មក​ម្ល៉េះ។ លោក​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រកៀត ដែល​លើកឡើង​នេះ​ថា​ជា​រឿង​មិន​ពិត​ទេ។

អភិបាល​ខេត្ត​ព្រៃវែង លោក ជា សុមេធី

ចំណែក​លោក ចេស ហៀប ដែល​ពលរដ្ឋ​ភូមិ​ត្រកៀត ចោទ​ថា​បាន​ចូលរួម​ក្លែង​ឯកសារ​ជាមួយ​លោក នេត នឿន មេឃុំ​រកា រំលោភ​យក​ដី​ប្រភព​មេ​ទឹក​ក្នុង​មូលដ្ឋាន​នេះ ក៏​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ដែរ។ លោក​ថា ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​មួយ​ចំនួន​ខាងលើ​នេះ គឺ​ខុស​ការពិត​ទាំងស្រុង ពីព្រោះ​ដី​នោះ រូប​លោក​មាន​ឯកសារ​កាន់កាប់​ត្រឹមត្រូវ​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​តាំងពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ។

យ៉ាងនេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក ហ៊ី ធួក អភិបាល​ស្រុក​ពារាំង និង​លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង ដើម្បី​បំភ្លឺ​បន្ថែម​ជុំវិញ​វិវាទ​ដីធ្លី​នៅ​មូលដ្ឋាន​ឃុំ​រកា បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១។ ខណៈ​មន្ត្រី​ដឹកនាំ​ខុទ្ទកាល័យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​បាន​នៅឡើយ​ដែរ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រកៀត បាន​ទទូច​ស្នើសុំ​ថ្នាក់​ដឹកនាំ​ជួយ​ការពារ​ប្រភព​មេ​ទឹក​ឲ្យ​បាន​គង់វង្ស និង​រក្សា​ឲ្យ​នៅ​សភាព​ដើម​វិញ ព្រោះ​ទីតាំង​ដី​នេះ​ជា​ដង្ហើម​រស់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រកា សម្រាប់​ប្រើប្រាស់​ដល់​វិស័យ​កសិកម្ម​ផង និង​ធ្វើ​របរ​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត​ជា​លក្ខណៈ​គ្រួសារ​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស