32.5 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្ស័យ​ថា​មេ​បក្ស​កាន់​អំណាច​ប្រើ​នុយ​ទាក់ទាញ​ក្រុម​ប្រឆាំង​ដែល​កំពុង​រក​ផ្លូវ​ស្ដារ​ជីវិត​នយោបាយ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯ​នាយ​សមុទ្រ​លើកឡើង​ថា លោក ហ៊ុន សែន ទំនង​ជា​ប្រើ​ក្រុម​យុទ្ធសាស្ត្រ​របស់​ខ្លួន​បោះ​នុយ​ឲ្យ​ក្រុម​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រង់ចាំ​ស្ដារ​ជីវិត​នយោបាយ​វិញ ដើម្បី​យក​មក​ធ្វើ​ជា​ជន្ទល់​ឲ្យ​បក្ស​កាន់​អំណាច​ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​វិបត្តិ​គ្រប់​បែបយ៉ាង និង​ទណ្ឌកម្ម​ពី​ប្រទេស​លោកសេរី។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា តាម​ប្រវត្តិ​នៃ​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​របស់​លោក ហ៊ុន សែន កន្លងមក តែងតែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ភាគី​លោក សម រង្ស៊ី ជានិច្ច ដូចជា​ការ​ជួយ​កែប្រែ​រូបមន្ត​បោះឆ្នោត​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ជាដើម ដែល​បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន បាន​កាន់​អំណាច​យ៉ាង​ណែន​ក្នុង​ដៃ​ដូច​សព្វថ្ងៃ​នេះ។

លោក ទូច វិបុល បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​គ្រប់យ៉ាង និង​ដើម្បី​ឯករាជ្យ​របស់​កម្ពុជា​ពិតប្រាកដ លោក ហ៊ុន សែន ត្រូវតែ​ងាក​មក​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ជាតិ លើក​កម្ពស់​នីតិរដ្ឋ និង​អធិបតេយ្យភាព​របស់​ខ្លួន​ដោយ​ការ​រឹតចំណង​ការទូត​ដោយ​ស្មើ​មុខ​ជាមួយ​ប្រទេស​ជិតខាង ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ​ទាំង​មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​លោកសេរី ព្រមទាំង​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ទាំងអស់​ផង​ដែរ។

ប្រធាន​ប្រតិបត្តិ SMD រូប​នេះ​បាន​លើកឡើង​ថា ចំពោះ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ត្រូវតែ​ទម្លាក់​ចោល​នូវ​នយោបាយ​ទុច្ចរិត​របស់​ខ្លួន ហើយ​ងាក​មក​ពង្រឹង​ការ​គ្រប់គ្រង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ជាក់ស្តែង​ជាមួយ​ដៃគូ​នយោបាយ​របស់​ខ្លួន​វិញ ហើយ​មិន​ត្រូវ​បន្ត​រំលោភ​បំពាន​លើ​គោលការណ៍​គណបក្ស និង​បង្កើត​ក្រុម​ជេរប្រមាថ​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កន្លងមក​ទៀត​នោះ​ទេ។

លោក ទូច វិបុល បាន​លើកឡើង​បែប​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​ទម្លាយ​ថា ពួកគេ​នឹង​ស្វាគមន៍​ជានិច្ច​ក្នុង​ជំនួប​ក្រៅ​ផ្លូវការ​ណាមួយ​បើ​មាន​ភ្លើង​ខៀវ​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន ចូលចិត្ត​ប្រើ​តែ​ល្បិច​ដដែលៗ​ប៉ុណ្ណោះ គឺ​ទិញ​ទឹកចិត្ត​ក្រុម​ប្រឆាំង ចាប់​ខ្លួន និង​បើក​ផ្លូវ​ឲ្យ​ចូល​ក្នុង​សង្វៀន​នយោបាយ​ដើម្បី​ជួយ​សម្រេច​ផែនការ​ក្តាប់​អំណាច​របស់​គាត់។ ប៉ុន្តែ​ដោយសារ​ក្រុម​ប្រឆាំង​កន្លងមក​គ្មាន​សមត្ថភាព​ដឹកនាំ​ក្រុម​របស់​ខ្លួន​ដើម្បី​តទល់​នឹង​ឧបាយកល​ដដែលៗ​នោះ ទើប​ពួកគេ​ចេះ​តែ​ចាញ់ និង​បែកបាក់​គ្នា។

ប្រភព​ដដែល​បាន​អះអាង​ថា ដើម្បី​ឈ្នះ​បក្ស​កាន់​អំណាច មាន​តែ​វិធី​តែ​មួយ​គត់ គឺ​ភាគី​លោក កឹម សុខា និង​ភាគី​លោក សម រង្ស៊ី ត្រូវតែ​សហការ​គ្នា​ជា​ធ្លុង​មួយ ខណៈ​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​នគរ​ក៏​ចង់​ឃើញ​បែប​នេះ​ដែរ។ ប៉ុន្តែ​បើ​លោក សម រង្ស៊ី នៅតែ​បន្ត​ចូលរួម​លេង​ល្បែង​នយោបាយ​របស់​លោក ហ៊ុន សែន ដូច​ពេល​មុន​ទៀត​នោះ គឺ​លោក ហ៊ុន សែន នៅតែ​បន្ត​កាន់​អំណាច ហើយ​កាន់តែ​ខ្លាំងក្លា និង​រឹងមាំ​ជាង​ពេល​នេះ​ទៀត។

កាលពី​ឆ្នាំ​២០០៦ សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​សមាជិក​សភា​គណបក្ស សម រង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​សហការ​គ្នា​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក​ជា ៥០​ភាគរយ​បូក​១ បាន​បើក​ផ្លូវ​នយោបាយ​ដ៏​ធំធេង និង​ជួយ​ទម្លាយ​ភាព​ទាល់ច្រក​របស់​គណបក្ស​កាន់​អំណាច​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ខណៈ​បក្ស​កាន់​អំណាច​នៅ​ពេល​នោះ​កំពុង​ជាប់​គាំង​នយោបាយ​បង្កើត​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​មិន​ចេញ ដោយសារតែ​ច្បាប់ ២​ភាគ​៣ ជា​រូបមន្ត​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំ​១៩៩៣ មក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស