27 C
Phnom Penh

មន្ត្រី​ក្រសួង​មហាផ្ទៃ​កំពុង​ស្រាវជ្រាវ​ចាប់​អ្នក​បំភ្លៃ​ព័ត៌មាន​ថា​លោក ស ខេង មាន​ជំនួប​ជាមួយ​លោក សម រង្ស៉ី នៅ​បារាំង

បទវិភាគ

មន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ខ្លួន​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​ដែល​បំភ្លៃ​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ជួប​ជាមួយ​នឹង​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៉ី នៅ​ប្រទេស​បារាំង ហើយ​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ស្រប​ពេល​ដែល​វត្តមាន​របស់​លោក​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​បារាំង​នៅ​ពេលនេះ។

ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​រូប​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​លើកឡើង​ពី​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង កាលពី​ពេល​ថ្មីៗ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវ​បាន​សារព័ត៌មាន​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដកស្រង់​សម្ដី​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ថា លោក​ចាត់ទុក​ការ​បង្កើត​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ជំនួប​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី នៅ​ប្រទេស​បារាំង ក្នុង​ពេលនេះ គឺជា​ការ​ញុះញង់​បង្ក​ចលាចល ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នក​បំភ្លៃ និង​អ្នក​ដែល​ចែកចាយ​ព័ត៌មាន​ដើម្បី​បង្ក​ចលាចល​នេះ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២១ អនុប្រធាន​ទី​បី​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដែល​មាន​លោក ស ខេង ចូលរួម​គឺជា​គំនិត​មួយ​ដ៏​ត្រឹមត្រូវ។

ការ​លើកឡើង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​វត្តមាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២១ ក្នុង​គោលបំណង​បំពេញ​ភារកិច្ច​ផ្ទាល់ខ្លួន​ដែល​ខុទ្ទកាល័យ​របស់​លោក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស សុខា ដែល​ត្រូវ​ជា​កូនប្រុស​លោក ស ខេង អះអាង​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២១ ថា វត្តមាន​ឪពុក​របស់​លោក​ទៅ​ប្រទេស​បារាំង រយៈពេល ២​សប្តាហ៍​នេះ គឺ​ដើម្បី​ពិនិត្យ​សុខភាព​សុទ្ធសាធ ពុំ​មាន​ការ​ជួប​ជាមួយ​អ្នក​នយោបាយ​ណា​ម្នាក់​ដូច​ការ​លើកឡើង​របស់​អ្នក​នយោបាយ​មួយ​ចំនួន​តូច​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

លោក​រិះគន់​ថា ចំពោះ​ការ​លើកឡើង​ដោយ​គ្មាន​ការពិត​របស់​អ្នក​នយោបាយ​ទាំងនោះ វា​គ្រាន់តែ​ជា​ការ​ប្រឌិត​ឡើង​ដើម្បី​បំភាន់​មតិ​ជាតិ និង​អន្តរជាតិ សំដៅ​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន និង​ដើម្បី​បង្ហើប​រក​ផ្លូវ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

លោក ស សុខា បញ្ជាក់​ថា ទង្វើ​របស់​អ្នក​ទាំងនោះ​គ្រាន់តែ​ជា​មហិច្ឆតា​ដើម្បី​ខ្លួនឯង​រស់​មួយ​គ្រាៗ ទោះ​អ្នកដទៃ​ស្លាប់​ដោយសារ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ក៏ដោយ។ លោក​ថា ទង្វើ​នេះ​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ចរិត​អ្នក​នយោបាយ​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ចេតនា​ទុច្ចរិត​បំភ្លៃ​រឿង​មិន​ពិត ប្រឌិត​បំពុល​សង្គម ដើម្បី​មួលបង្កាច់​ទម្លាក់​កំហុស​យ៉ាង​ពិសពុល​លើ​លោក ស ខេង នៅ​ពេលនេះ។

ជុំវិញ​ពាក្យ​ចចាមអារ៉ាម​នេះ ក្រុម​អ្នក​សង្កេតការណ៍​បាន​លើកឡើង​ថា គ្មាន​ហេតុផល​វិទ្យាសាស្ត្រ​នយោបាយ​ណាមួយ​អាច​កំណត់​ថា លោក ស ខេង ជិះ​យន្តហោះ​ទៅ​ជួប​ក្រុម​លោក សម រង្ស៊ី ដល់​ប្រទេស​បារាំង​នោះ​ឡើយ ព្រោះថា​ការ​ធ្វើ​បែប​នេះ គឺ​គ្រាន់តែ​ជា​ភ្លើង​នយោបាយ​ដុត​កម្ទេច​លោក ស ខេង ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ និយាយ​ថា ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​ប្រទេស​បារាំង ក្នុង​ពេលនេះ ទំនង​ជា​ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការតែងតាំង​កូនប្រសា​លោក ហ៊ុន សែន ក្នុង​បំណង​ដើម្បី​បន្សាប​ឥទ្ធិពល​របស់​លោក ស ខេង ក្នុង​កងកម្លាំង​នគរបាល​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក​អះអាង​ថា ការតែងតាំង​លោក ឌី វិជ្ជា កូនប្រសា​របស់​លោក ហ៊ុន សែន ដែល​ជា​ស្វាមី​របស់​អ្នកស្រី ហ៊ុន ម៉ាណា ឲ្យ​ដឹកនាំ​ក្រុម​ស៊ើប​អង្កេត​លើ​ករណី​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស គឺជា​ការ​រំលោភ​អំណាច​របស់​លោក ស ខេង យ៉ាង​ធ្ងន់ធ្ងរ ក្នុង​ឋានៈ​លោក ឌី វិជ្ជា ត្រឹមតែ​ជា​អគ្គស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ចំណុះ​ឲ្យ​ក្រសួង​មហាផ្ទៃ នោះ។

លោក​អះអាង​ថា ចំណុច​សំខាន់​នៃ​ការតែងតាំង​នេះ គឺ​លោក ឌី វិជ្ជា មាន​អំណាច​ប្រើ​កងកម្លាំង​នគរបាល​ជាតិ​ដោយ​មិន​ឆ្លង​យោបល់​របស់​លោក ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នោះ​ទេ ដូច្នេះ​បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ចំពោះ​លោក ស ខេង ទើប​បណ្តាល​ឲ្យ​លោក​ចេញ​ទៅ​ក្រៅ​ស្រុក ដើម្បី​បន្ធូរ​ភាព​ស្មុគស្មាញ​ក្នុង​ផ្លូវចិត្ត​ផង និង​ដើម្បី​ចៀសវាង​ជម្លោះ​នៅ​ផ្ទៃក្នុង​គណបក្ស​រវាង​ក្រុម​លោក ស ខេង និង​លោក ហ៊ុន សែន ផង​ដែរ។

លោក​បញ្ជាក់​ថា សេចក្ដី​សម្រេច​នេះ​បាន​ផ្តល់​អំណាច​ដល់​លោក ឌី វិជ្ជា ឲ្យ​ដឹកនាំ​ក្រុម​ការងារ​ចំនួន ១៦​រូប ដែល​មាន​សិទ្ធិ​ប្រើប្រាស់​កម្លាំង​ផែនការ​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទូទាំង​ប្រទេស ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ការតែងតាំង​នេះ​គឺជា​ការ​ទប់ស្កាត់​មួយ​ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ផ្សេង​ទៅ​ស៊ើប​អង្កេត​ការ​រំលោភ​ដីធ្លី​ក្រៅពី​សាច់ញាតិ ឬ​បក្ខពួក​របស់​លោក ហ៊ុន សែន និង​ជា​ការ​បន្ថយ​អំណាច និង​ឥទ្ធិពល​របស់​លោក ស ខេង ទៅលើ​កម្លាំង​សន្តិសុខ​ជាតិ​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស