នៅសល់តែ ២៤ម៉ោងទៀតប៉ុណ្ណោះ ប្រទេសអាហ្វហ្គានីស្ថានដែលស្ថិតក្រោមពួកតាលីបង់ នឹងអស់មានវត្តមានកងទ័ពបរទេសហើយ។ កងទ័ពអាមេរិក និងណាតូ ដែលចូលកាន់កាប់ និងផ្ដួលរំលំរបបតាលីបង់ កាលពីឆ្នាំ២០០១ បានតាំងនៅលើប្រទេសនេះអស់រយៈពេល ២០ឆ្នាំ។
សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តណាតូ បានឯកភាពដកទ័ពចេញពីប្រទេសឥស្លាមមួយនេះដោយមិនឱ្យហួសថ្ងៃកំណត់នៃថ្ងៃទី៣១ សីហា ឡើយ។ តែនៅខណៈកាលបរិច្ឆេទកាន់តែជិតចូលមកដល់ រដ្ឋធានីកាប៊ុល ក៏បានធ្លាក់ក្នុងអំពើភេរវកម្មដែលសូម្បីកងទ័ពអាមេរិកក៏ស្លាប់ដោយសារអំពើនេះដែរ។ ទ័ពអាមេរិកស្លាប់ ១៣នាក់ និងពលរដ្ឋអាហ្វហ្គានីស្ថាន ដែលសម្រុកឡើងជិះយន្តហោះអាមេរិក និងសម្ពន្ធមិត្តចាកចេញពីមាតុភូមិរបស់ខ្លួន បានស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់កាលពីថ្ងៃទី២៦ សីហា សរុបជិត ១៧០នាក់។
ក្នុងហេតុការណ៍នេះ ប្រធានាធិបតីអាមេរិក បានព្រមានពីការវាយសងសឹកលើក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS-K ដែលបានប្រកាសថា ខ្លួនគេជាអ្នករៀបចំវាយប្រហារនេះ។ នៅថ្ងៃទី៣០ ខែសីហា នេះ ដែលសល់មួយថ្ងៃគត់ដល់ថ្ងៃបិទបញ្ចប់ប្រវត្តិសាស្ត្ររបស់អាមេរិក និងសម្ពន្ធមិត្តណាតូ បញ្ចប់វត្តមានកងទ័ពរបស់ខ្លួន គេសង្កេតឃើញមានព្រឹត្តិការណ៍ជាច្រើនកើតឡើង។
គ្រាប់រ៉ុកកែត ៥គ្រាប់ដែលហោះសំដៅទៅរកអាកាសយានដ្ឋានយន្តហោះរដ្ឋធានីកាប៊ុល ត្រូវបានកាំជ្រួចអាមេរិកបាញ់ស្កាត់កម្ទេចលើអាកាស។
ប្រភពពីមន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថា រ៉ុកកែតចំនួន ៥គ្រាប់ហោះសំដៅទៅរកអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែគ្រាប់រ៉ុកកែតទាំងនេះត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារកាំជ្រួចរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែសីហា។
តាមប្រភពដដែលនេះ ការបាញ់គ្រាប់រ៉ុកកែតទាំងនោះបានកើតឡើងនាព្រឹកព្រលឹមថ្ងៃចន្ទ ទី៣០ ខែសីហា ប៉ុន្តែពុំដឹងច្បាស់ថា គ្រាប់ទាំងនោះត្រូវបានប្រព័ន្ធការពារបាញ់ស្ទាក់ដោយជោគជ័យទាំងអស់ ឬយ៉ាងណា។ តែបើយោងតាមរបាយការណ៍ដំបូងៗ គឺពុំមានមនុស្សរងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះឡើយ។
ការបាញ់គ្រាប់រ៉ុកកែតចំនួន ៥គ្រាប់របស់ពួកសកម្មប្រយុទ្ធដែលបរាជ័យនេះ កើតឡើងបន្ទាប់ពីកងទ័ពអាមេរិកទើបតែបានបើកការវាយប្រហារដោយយន្តហោះដ្រូននៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ ទី២៩ សីហា ដោយមានគោលដៅលើរថយន្តរបស់ជនបំផ្ទុះគ្រាប់បែក។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា ក្រុមបំផ្ទុះគ្រាប់បែកយ៉ាងតិច ២នាក់ត្រូវបានសម្លាប់ ហើយរថយន្តរបស់ពួកគេក៏ត្រូវបានវាយកម្ទេចផងដែរ។
ស្របពេលគ្រាប់រ៉ុកកែតចំនួន ៥គ្រាប់បាញ់សំដៅលើអាកាសយានដ្ឋានក្រុងកាប៊ុល ត្រូវបានបាញ់កម្ទេចដោយប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក គឺក្រុមតាលីបង់ បានបិទផ្លូវចូលទៅកាន់អាកាសយានដ្ឋានកាប៊ុល ខណៈកងទ័ព NATO មួយភាគធំបានចាកចេញពីអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។
សហរដ្ឋអាមេរិក នៅតែបន្តប្រតិបត្តិការជម្លៀសពលរដ្ឋមុនថ្ងៃផុតកំណត់ចូលមកដល់ថ្ងៃអង្គារ ទី៣១ ខែសីហា សប្ដាហ៍នេះ។ ក្រសួងការបរទេសអាមេរិកចេញផ្សាយសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ ដោយបញ្ជាក់ថា អាមេរិកនឹងដាក់សម្ពាធឱ្យក្រុមតាលីបង់ ប្ដេជ្ញាជាសាធារណៈបើកផ្លូវ និងផ្ដល់ពេលវេលាសមស្របឱ្យមនុស្សចាកចេញពីអាហ្វហ្គានីស្ថាន ទោះជាហួសកាលបរិច្ឆេទថ្ងៃទី៣១ ខែសីហា ក៏ដោយ។
ជាមួយនឹងការបិទផ្លូវចូលទៅកាន់អាកាសយានដ្ឋានកាប៊ុល ពួកតាលីបង់ដែលទើបឈ្នះសង្គ្រាមលើរដ្ឋាភិបាលគាំទ្រដោយអាមេរិក គឺក្រុមនេះបានថ្កោលទោសអាមេរិកដែលបានបើកការវាយប្រហារដោយយន្តហោះដ្រូនអាមេរិកនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៩ សីហា។
អ្នកនាំពាក្យក្រុមតាលីបង់ Zabihullah Mujahid បានថ្លែងថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងកាប៊ុល ដោយចាត់ទុកថាជាអំពើខុសច្បាប់ក្នុងការធ្វើសកម្មភាពវាយប្រហារតាមអំពើចិត្តនៅក្នុងប្រទេសដទៃទៀត។
លោក Zabihullah Mujahid បានថ្លែងដូចនេះថា ការវាយប្រហារតាមអាកាសនេះ គឺត្រូវថ្កោលទោស ព្រោះវាជាអំពើខុសច្បាប់ក្នុងការធ្វើសកម្មភាពវាយប្រហារតាមអំពើចិត្តនៅក្នុងដែនដីរបស់ប្រទេសមួយ។
អ្នកនាំពាក្យរូបនេះបានទទូចថា ប្រសិនបើមានការគំរាមកំហែងណាមួយដែលអាចកើតមានឡើង គឺគួរតែត្រូវបានរាយការណ៍មកភាគីតាលីបង់ គឺមិនត្រូវធ្វើការវាយប្រហារតាមអំពើចិត្តដែលបណ្តាលឱ្យជនស៊ីវិលបាត់បង់ជីវិតនោះទេ។
ពីទីក្រុងវ៉ាស៊ីនតោន ឯណោះវិញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បន្តសន្យាថានឹងមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀតលើក្រុម ISIS ឬ ISIS-K ដើម្បីសងសឹកចំពោះការបំផ្ទុះគ្រាប់បែកស្លាប់មនុស្សជាច្រើនរយនាក់នៅក្បែរអាកាសយានដ្ឋានក្រុងកាប៊ុល។
ការវាយប្រហារដោយប្រើយន្តហោះដ្រូនលើក្រុម ISIS-K នៅខេត្ត Nangahar ក្នុងដែនដីអាហ្វហ្គានីស្ថាន ពិតជាបានធ្វើឡើងមែន។
ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ការវាយប្រហារនោះបានផ្តាច់ជីវិតមនុស្សសំខាន់ ២នាក់របស់ ISIS-K។
លោក បៃដិន បានសន្យាថា នេះមិនមែនជាលើកចុងក្រោយឡើយដោយអាមេរិកនឹងបន្តតាមប្រមាញ់ជនដែលពាក់ព័ន្ធទាំងអស់ក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី២៦ ខែសីហា រហូតកាត់ឫសគល់នៃពួកសកម្មប្រយុទ្ធទាំងនេះ។ ប៉ុន្តែខណៈនេះ សកម្មភាពជម្លៀសជនស៊ីវិលតាមយន្តហោះចេញពីក្រុងកាប៊ុលរបស់ប្រទេសទាំងអស់ បានបិទបញ្ចប់ហើយនៅថ្ងៃទី៣០ ខែសីហា។
តែយ៉ាងណាក៏ដោយ នៅមានប្រជាជនអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ទៀត ដែលនៅតែរង់ចាំក្បែរអាកាសយានដ្ឋាន ដើម្បីអាចធ្វើដំណើរចាកចេញទៅសុំសិទ្ធិជ្រកកោនក្នុងប្រទេសផ្សេង។
កាលពីថ្ងៃអាទិត្យ ទី២៩ សីហា ក្រុមតាលីបង់ បានអះអាងថានឹងអនុញ្ញាតឲ្យជនបរទេស និងពលរដ្ឋអាហ្វហ្គានីស្ថានអាចចាកចេញទៅក្រៅប្រទេសដោយសុវត្ថិភាព ទោះជាផុតថ្ងៃទី៣១ សីហា ក៏ដោយ។
ការជម្លៀសជនស៊ីវិលតាមយន្តហោះរបស់ប្រទេសធំៗ ដូចជាបារាំង អង់គ្លេស អាល្លឺម៉ង់ ជាដើម ត្រូវបានបិទបញ្ចប់ហើយ។ បច្ចុប្បន្ន គឺនៅសល់តែកងទ័ពអាមេរិកតែប៉ុណ្ណោះដែលនៅបង្ហើយកិច្ចការនៅទីក្រុងកាប៊ុល មុននឹងចាកចេញទាំងស្រុងនៅថ្ងៃទី៣១ ខែសីហា។
អាមេរិកបានបន្សល់ទុកកងទ័ពរបស់ខ្លួនប្រមាណជាង ៥ពាន់នាក់ឱ្យស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល ដើម្បីជួយជម្លៀសជនស៊ីវិលគ្រប់ជាតិសាសន៍ បន្ទាប់ពីរដ្ឋាភិបាលប្រជាធិបតេយ្យអាហ្វហ្គានីស្ថានដែលលោកខាងលិចគាំទ្រ ត្រូវបានពួកតាលីបង់ វាយផ្ដួលរំលំនៅថ្ងៃទី១៥ សីហា៕