31.4 C
Phnom Penh

សរុប​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់ពី​ថ្ងៃ​ទី​៣១ សីហា នេះ​តទៅ កងទ័ព​អាមេរិក និង​កងទ័ព​សម្ពន្ធមិត្ត​ណាតូ ពុំ​មាន​វត្តមាន​ម្នាក់​ទេ​នៅ​លើ​ទឹកដី​អាហ្វហ្គានីស្ថាន ក្រោយ​ពី​កងទ័ព​បរទេស​ទាំងនេះ​ចូល​កាន់កាប់ និង​ផ្ដួល​រំលំ​របប​តាលីបង់​នៅ​ឆ្នាំ​២០០១។ តែ​ការ​គ្រប់គ្រង ២០​ឆ្នាំ​មក​នេះ ហើយ​និង​ការ​សម្រេច​ដក​ទ័ព​ត្រឡប់​ទៅវិញ ទីបំផុត​ធ្វើ​ឲ្យ​រដ្ឋធានី​កាប៊ុល ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​តាលីបង់ ឡើងវិញ​ដដែល។

កំហុស​តែ​មួយ​គត់ គឺ​រដ្ឋាភិបាល​ចាញ់​សង្គ្រាម​ប្រធានាធិបតី អាស្រាហ្វ ហ្កានី ពុំ​អាច​ពង្រឹង​ស្មារតី​របស់​កងទ័ព​ដើម្បី​ប្រយុទ្ធ​ការពារ​អំណាច​របស់​ខ្លួន​បាន។ ក្នុង​បុព្វហេតុ​នេះ អាមេរិក​ក៏​លែង​ទុកចិត្ត​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ទៀត​នោះ​ដែរ ហើយ​ក៏​សម្រេច​ដក​ទ័ព​អាមេរិក និង​សម្ពន្ធមិត្ត​ទាំងអស់​ចេញពី​អាហ្វហ្គានីស្ថាន គឺ​ត្រូវ​ដក​ឲ្យ​អស់​ត្រឹម​ថ្ងៃ​ទី​៣១ សីហា នេះ​តែម្តង។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​៣១ សីហា ថា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ការ​ដក​កងទ័ព​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន វិញ ត្រូវ​បាន​បិទ​បញ្ចប់​ទាំងស្រុង​ហើយ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣១ ខែ​សីហា នេះ។

បើ​តាម​របាយការណ៍​ចុងក្រោយ មនុស្ស​សរុប​ជាង ១​សែន ២​ម៉ឺន ២​ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​អាហ្វហ្គានីស្ថាន តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Kazai នៃ​ទីក្រុង​កាប៊ុល តាំងតែ​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា គឺ​មួយ​ថ្ងៃ​មុន​ក្រុម​តាលីបង់ លើក​ទ័ព​ចូល​កាន់កាប់​ទីក្រុង​កាប៊ុល​ទាំងស្រុង។

ជុំវិញ​ការ​ប្រកាស​ដក​កងទ័ព​អាមេរិក​ចេញ​ទាំងស្រុង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣១ សីហា ជា​ថ្ងៃ​បិទ​បញ្ចប់ មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​យោធា​អាមេរិក ឧត្តមសេនីយ៍ Frank McKenzie បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ​ថា មាន​រឿង​គួរ​ឲ្យ​សោកសង្រេង​ជាច្រើន​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ដំណើរការ​ជម្លៀស​នោះ។ តែ​លោក​ថា​មិន​អាច​នាំ​យក​មនុស្ស​គ្រប់​គ្នា​តាម​ដែល​ចិត្ត​ចង់​ឲ្យ​ចេញ​មក​ជាមួយ​នោះ​ឡើយ។ លោក​ថា ប្រសិនបើ​មាន​ពេល​តែ ១០​ថ្ងៃ​ទៀត​នោះ នឹង​អាច​នាំ​យក​គ្រប់​គ្នា​ឲ្យ​ចេញ​មក​បាន។

ការ​ថ្លែង​របស់​លោក Frank McKenzie ចំ​ពេល​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក លោក Ross Wilson កំពុង​ស្ថិតនៅ​ក្នុង​យន្តហោះ​អាមេរិក C-17 បាន​ហោះ​ចាកចេញ​ពី​ក្រុង​កាប៊ុល រួច​ទៅ​ហើយ។

ការប្រកាស​បិទ​បញ្ចប់​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​កងទ័ព​អាមេរិក​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ឆ្លើយតប​ទៅ​តាម​កាលកំណត់ គឺ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ដែល​សហរដ្ឋ​អាមេរិក​បាន​ប្ដេជ្ញា​ចិត្ត​ថា​ត្រូវ​ដក​ឲ្យ​អស់​នូវ​កងទ័ព​អាមេរិក។ ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken បាន​និយាយ​ថា ការ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​ក្រុម​តាលីបង់ នៅ​ត្រូវ​រង់ចាំ​មើល​សិន​ថា តើ​ពួក​តាលីបង់​ពិតជា​បាន​គោរព​តាម​ពាក្យ​សន្យា ឬ​ប្រព្រឹត្ត​ទង្វើ​ដែល​នឹង​ទទួល​បាន​ការ​គាំទ្រ​នេះ​ដែរ​ឬ​ក៏​យ៉ាងណា។

តាមរយៈ​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ជើង​យន្តហោះ​អាមេរិក​ចុងក្រោយ​បំផុត ដែល​បាន​ចាកចេញ​ពី​រដ្ឋធានី​កាប៊ុល នោះ ជា​និមិត្តរូប​នៃ​ការ​បញ្ចប់​ជា​ផ្លូវការ​នៃ​វត្តមាន​រយៈពេល ២០​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ លោក Antony Blinken ព្រមាន​ថា ក្រុម​តាលីបង់​ត្រូវតែ​គោរព និង​អនុវត្ត​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ ការគោរព​សិទ្ធិ​ស្ត្រី និង​ជនជាតិ​ដើម​ភាគតិច ហើយ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​អាហ្វហ្គានីស្ថាន ក្លាយ​ជា​មូលដ្ឋាន​របស់​ពួក​ភេរវករ​ជាដាច់ខាត។

ជាមួយ​នឹង​បញ្ចប់​វត្តមាន​កងទ័ព គឺ​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​បាន​ផ្អាក​បេសកកម្ម​ការទូត​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​តទៅ ហើយ​ផ្ទេរ​ប្រតិបត្តិការ​ការទូត​នេះ​ទៅ​ប្រទេស​កាតា។

យន្តហោះ​របស់​អាមេរិក​ចុងក្រោយ​បង្អស់​ដែល​ដឹក​ពលរដ្ឋ និង​កងទ័ព​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន បាន​បិទ​បញ្ចប់​មែន ប៉ុន្តែ​មេបញ្ជាការ​ម្នាក់​របស់​អាមេរិក គឺ​ឧត្តមសេនីយ៍ Christopher Donahue បាន​ដើរ​ឡើង​យន្តហោះ​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន​ទាំង​កណ្តាល​យប់។ នេះ​ជា​និមិត្តរូប​នៃ​ការ​បិទ​បញ្ចប់​វត្តមាន​កងទ័ព​អាមេរិក​នៅ​លើ​ទឹកដី​អាហ្វហ្គានីស្ថាន ត្រូវ​បាន​បង្ហាញ​តាមរយៈ​រូបថត​មួយ​សន្លឹក​ដែល​កងទ័ព​អាមេរិក​ម្នាក់​ចុងក្រោយ គឺ​លោក​ឧត្តមសេនីយ៍​ផ្កាយ​ពីរ Christopher Donahue។ លោក​ជា​មេបញ្ជាការ​នៃ​កងពល​អាកាស​ទី​៨២ នៃ​កងទ័ព​អាមេរិក​ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន។

រូប​មួយ​សន្លឹក​របស់​លោក Christopher Donahue អាយុ ៥២​ឆ្នាំ ដែល​បាន​ចូល​បម្រើ​យោធា​អាមេរិក​តាំងតែ​ពី​ឆ្នាំ​១៩៩២ ត្រូវ​បាន​ថត​នៅ​ពាក់​កណ្តាល​អាធ្រាត្រ​ជិត​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១។ លោក​ឧត្តមសេនីយ៍​ផ្កាយ​ពីរ Christopher Donahue គឺជា​មន្ត្រី​យោធា​អាមេរិក​ចុងក្រោយ​គេ​ដែល​បាន​ឈាន​ជើង​ចេញពី​ទឹកដី​អាហ្វហ្គានីស្ថាន។

លោក Christopher Donahue និង​មន្ត្រី​យោធា​ឯ​ទៀត ជាពិសេស​គឺ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អាហ្វហ្គានីស្ថាន លោក Ross Wilson បាន​ហោះ​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai នៃ​ទីក្រុង​កាប៊ុល ជាមួយ​យន្តហោះ​យោធា C-17 កាលពី​វេលា​ម៉ោង ១១ និង ៥៩​នាទី​យប់​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា គឺ​នៅ​ខ្វះ​តែ​មួយ​នាទី​ប៉ុណ្ណោះ​ចូល​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា នៃ​ការ​បិទ​បញ្ចប់​ទាំងស្រុង​វត្តមាន​កងទ័ព​អាមេរិក​នៅ​លើ​ទឹកដី​អាហ្វហ្គានីស្ថាន ដែល​ធ្លាក់​ក្រោម​ពួក​តាលីបង់​ឡើងវិញ។

ជាមួយ​នឹង​ព្រឹត្តិការណ៍​ចុងក្រោយ​នេះ គឺ​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែ​សីហា ក្រុម​តាលីបង់​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ទាំងស្រុង​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​យន្តហោះ​ចុងក្រោយ​បាន​ដឹក​កងទ័ព​សេសសល់ និង​អគ្គរដ្ឋទូត លោក Ross Wilson ដោយ​បាន​ចាកចេញ​ពី​ទីក្រុង​កាប៊ុល កាលពី​យប់​អាធ្រាត្រ​ជិត​ឈាន​ចូល​ថ្ងៃ​អង្គារ​នេះ។

អ្នក​នាំពាក្យ​ក្រុម​តាលីបង់ លោក Zabihullah Mujahid បាន​សរសេរ​សារ​បង្ហោះ​លើ Twitter ថា នៅ​ពេលនេះ ប្រទេស​អាហ្វហ្គានីស្ថាន​ទទួល​បាន​សេរីភាព និង​ឯករាជភាព​ពេញលេញ​ហើយ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាដរាប ដើម្បី​ជួយ​ជម្លៀស​មនុស្ស​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន ប្រសិនបើ​ពួកគេ​ចង់​ចាកចេញ។ លោក​ក៏​បាន​លើកឡើង​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​នឹង​រង់ចាំ​មើល​ការ​សន្យា និង​ទង្វើ​របស់​ក្រុម​តាលីបង់​ជាក់ស្តែង​ទៅ​មុខ​ទៀត មុន​នឹង​សម្រេច​ចិត្ត​ថា តើ​អាមេរិក​គួរ​ទទួល​ស្គាល់​តាលីបង់​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​អាហ្វហ្គានីស្ថាន ដែរ​ឬ​មួយ​ក៏​យ៉ាងណា។

ពី​ទីក្រុង​ញូវយ៉ក ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​លើ​ដំណោះស្រាយ​មួយ ដោយ​តម្រូវ​ឱ្យ​ក្រុម​តាលីបង់ អនុវត្ត​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មនុស្ស​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន​ដោយ​សុវត្ថិភាព ប៉ុន្តែ​មិន​បាន​លើកឡើង​ពី​ការ​បង្កើត​តំបន់​សុវត្ថិភាព​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង នោះ​ទេ។

ដំណោះស្រាយ​នេះ ព្រាង​ដោយ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​បារាំង ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង​គាំទ្រ ១៣​សំឡេង​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាំង ១៥ ហើយ​មិន​មាន​សំឡេង​ជំទាស់​ឡើយ ខណៈ​ចិន និង​រុស្ស៊ី បោះឆ្នោត​អនុប្បវាទ។

បើ​តាម​ដំណោះស្រាយ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​រំពឹង​ថា ក្រុម​តាលីបង់​ត្រូវ​ធានា​ឱ្យ​បាន​ជនបរទេស និង​ជនជាតិ​អាហ្វហ្គានីស្ថាន អាច​បន្ត​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន​ដោយ​សុវត្ថិភាព ប្រសិនបើ​ពួកគេ​ជ្រើសរើស​ចាកចេញ។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ថ្លែង​ថា វត្តមាន​កងទ័ព​របស់​អាមេរិក​រយៈពេល ២០​ឆ្នាំ​លើ​ទឹកដី​អាហ្វហ្គានីស្ថាន ត្រូវ​បាន​សេតវិមាន​ចំណាយ​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ។ បើ​តាម​សារព័ត៌មាន​របស់​អាមេរិក New York Times បាន​ចុះផ្សាយ​ថា អាមេរិក​បាន​ចំណាយ​ប្រាក់​ដើម្បី​កសាង និង​អភិវឌ្ឍ​ប្រទេស​អាហ្វហ្គានីស្ថាន ជាមួយ​នឹង​ការ​ពង្រឹង​ទ័ព​របស់​ប្រទេស​នេះ គឺ​អស់​ជាង ២​ទ្រី​លាន​ដុល្លារ ដែល​ចំនួន​ទឹកប្រាក់​នេះ​គឺ​មហា​សម្បើម​ណាស់ ហើយ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​អាមេរិក​ធ្ងន់ធ្ងរ។

តែ​យ៉ាងណា កងទ័ព​អាមេរិក​ស្លាប់​លើ​ទឹកដី​អាហ្វហ្គានីស្ថាន​ប្រមាណ​ជាង ២៥០០​នាក់ និង​ចុងក្រោយ ១៣​នាក់ ប៉ុន្តែ​លោក ចូ បៃដិន បាន​ប្រកាស​ថា ការ​ដក​កងទ័ព​នេះ​មិនមែន​អាមេរិក​បោះបង់​អាហ្វហ្គានីស្ថាន​ចោល​ទេ ហើយ​ក៏​មិនមែន​អាមេរិក​ចាញ់​សង្គ្រាម​ដែរ គឺ​អាមេរិក​ត្រូវ​ដូរ​យុទ្ធសាស្ត្រ​ដើម្បី​បង្វែរ​ទៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដើម្បី​ទប់ទល់​ឥទ្ធិពល​និង​អំណាច​របស់​ចិន ដែល​កំពុង​វាតទី​គ្របដណ្ដប់​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស