32 C
Phnom Penh

ប្រធានាធិបតី​អាមេរិក​បង្ហាញ​មោទកភាព​ក្នុង​ការ​ជួយ​ជម្លៀស​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សឹងតែ​គ្រប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ធំៗ​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) ដែល​លោក​បាន​ថ្លែង​បិទ​បញ្ចប់​ជា​ប្រវត្តិសាស្ត្រ​នូវ​ការ​ដក​ទ័ព​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​សីហា។

ថ្លែង​ចេញពី​សេតវិមាន លោក ចូ បៃដិន បាន​បញ្ជាក់​ថា លោក​ប្ដេជ្ញា​ថា​នឹង​មិន​បន្ត​អូស​បន្លាយ​សង្គ្រាម​ដែល​មិន​ចេះ​ចប់​នេះ​ទេ ហើយ​លោក​ក៏​នឹង​មិន​បន្ត​អូស​បន្លាយ​ការ​ដក​ទ័ព​អាមេរិក​ចេញពី​ដែនដី​មួយ​នេះ​ដែរ។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​សង្គ្រាម​រយៈពេល ២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​ចាត់ទុក​ថា​នេះ​គឺជា​សង្គ្រាម​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក។

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ លោក ចូ បៃដិន បាន​ថ្លែង​ដោយ​មោទនភាព​នៃ​ការ​ជួយ​ជម្លៀស​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​លោក​ថា​បាន​ជម្លៀស​តាម​ផ្លូវ​អាកាស​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​បាន​ជម្លៀស​បាន​មនុស្ស​ជាង ១​សែន ២​ម៉ឺន​នាក់ ប្រកប​ដោយ​សុវត្ថិភាព ហើយ​មិន​ដែល​មាន​ប្រទេស​ណា​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​បាន​ដូច្នេះ​ទេ។

ក្នុង​ដំណើរ​ជម្លៀស​ពលរដ្ឋ​អាហ្វហ្គានីស្ថាន និង​ការ​ដាក់​ពង្រាយ​ទ័ព​អាមេរិក​ជាង ៥​ពាន់​នាក់ លោក ចូ បៃដិន និង​ទីប្រឹក្សា​សន្តិសុខ​របស់​លោក បាន​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការ​រក្សា​វត្តមាន​កងទ័ព​សហរដ្ឋ​អាមេរិក​ឱ្យ​ហួស​ថ្ងៃ​ទី​៣១ ខែ​សីហា ប៉ុន្តែ​បាន​សម្រេច​ចុងក្រោយ​ដោយ​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១ សីហា។

តាម​សេចក្តី​ថ្លែងការណ៍​របស់​លោក ចូ បៃដិន គឺ​ក្រុម​នាយអគ្គសេនាធិការ​កងទ័ព និង​មេបញ្ជាការ បាន​ផ្តល់​អនុសាសន៍​ជា​ឯកច្ឆន្ទ​ឲ្យ​បញ្ចប់​បេសកកម្ម​ដឹកជញ្ជូន​ពលរដ្ឋ។ ការ​បញ្ចប់​បេសកកម្ម​កងទ័ព​អាមេរិក គឺជា​មធ្យោបាយ​ដ៏​ល្អ និង​ចំ​ពេលវេលា​ដើម្បី​ការពារ​អាយុជីវិត​កងទ័ព និង​ធានា​បាន​នូវ​ការ​ចាកចេញ​របស់​ជនស៊ីវិល​ដែល​ចង់​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​ក៏​ចំ​ពេល​ក្រុម​តាលីបង់ បាន​ប្ដេជ្ញា​ឲ្យ​មាន​ការ​ជម្លៀស​ដោយ​សុវត្ថិភាព។

តាម​លោក ចូ បៃដិន ចំនួន​ពលរដ្ឋ​អាមេរិក​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្រោយ​ថ្ងៃ​ទី​៣១ ខែ​សីហា មាន​តិច​ជាង ២០០​នាក់ ឬ​លើស​ពី ១០០​នាក់​បន្តិច​ប៉ុណ្ណោះ។ លោក​ថា ក្រសួង​ការបរទេស​អាមេរិក នឹង​បន្ត​ជម្លៀស​ពលរដ្ឋ​ទាំងនោះ​បន្ត​ទៀត។ ចំណែក​បេសកកម្ម​ការទូត​របស់​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ត្រូវ​បាន​ប្តូរ​ទៅ​ដាក់​នៅ​រដ្ឋធានី​ដូហា នៃ​ប្រទេស​កាតា វិញ។

ក្រោយ​ពី​ទទួល​ដំណឹង​ថា អាមេរិក​បាន​ដក​កងទ័ព​របស់​ខ្លួន​អស់​ហើយ​ពី​ក្រុង​កាប៊ុល ក្រុម​តាលីបង់ បាន​ដាក់​ពង្រាយ​កងកម្លាំង​ពិសេស​របស់​ខ្លួន​ឲ្យ​ទៅ​គ្រប់គ្រង​ព្រលាន​យន្តហោះ​អន្តរជាតិ Hamid Karzai នៃ​ទីក្រុង​កាប៊ុល គឺ​នៅ​ថ្ងៃ​ទី​៣១ សីហា គឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​កងទ័ព​អាមេរិក​ចេញ​ផុត​អស់​ពី​ទីនោះ។

អ្នក​នាំពាក្យ​តាលីបង់ Zabihullah Mujahid បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា កងកម្លាំង​ពិសេស Badri របស់​ក្រុម​តាលីបង់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ព្រលាន​យន្តហោះ​កាប៊ុល ហើយ​សន្តិសុខ​និង​សុវត្ថិភាព ត្រូវ​បាន​ធានា​នៅ​ទីនោះ។

បើ​តាម​លោក Mujahid អ្វីៗ​នឹង​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ​នៅ​ព្រលាន​យន្តហោះ ហើយ​ពួកគេ​កំពុង​ប្រឹងប្រែង​ធ្វើ​ការ​រៀបចំ​ដើម្បី​ឲ្យ​ជើង​ហោះហើរ​ស៊ីវិល​អាច​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​បាន​ក្នុង​ពេល​ឆាប់ៗ។

ការ​ចាកចេញ​របស់​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នេះ ត្រូវ​បាន​ក្រុម​តាលីបង់​ចាត់ទុក​ជា​ជ័យជម្នះ​ដ៏​ធំធេង​សម្រាប់​ក្រុម​របស់​ខ្លួន។

អ្នក​គាំទ្រ​ក្រុម​តាលីបង់​រាប់​ពាន់​នាក់​បាន​ចេញ​មក​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង Kandahar ដែល​ជា​កន្លែង​ចាប់កំណើត​នៃ​ចលនា​អ៊ីស្លាម​នេះ ដោយ​ពួកគេ​គ្រវី​ទង់ជាតិ និង​ស្រែក​ពាក្យ​ថា ព្រះ​អស្ចារ្យ​ណាស់។

រថយន្ត​ជាច្រើន​គ្រឿង​ដែល​ចុច​ស៊ីផ្លេ​ផង​នោះ បាន​មក​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទីលាន​ប្រមូល​ផ្តុំ​ដ៏​សំខាន់​មួយ​នៅ​ទីក្រុង​ធំ​ទី​ពីរ​របស់​អាហ្វហ្គានីស្ថាន។ ក្រុម​មនុស្ស​ទាំងនោះ​បាន​អបអរ​ដោយ​សំឡេង​សប្បាយ​រីករាយ​ចំពោះ​ការ​ដក​កងទ័ព​អាមេរិក​ចុងក្រោយ​ចេញពី​អាហ្វហ្គានីស្ថាន បន្ទាប់ពី​សង្គ្រាម​អស់​រយៈពេល ២០​ឆ្នាំ​មក។

ទីក្រុង Kandahar គឺជា​បេះដូង​នៃ​ក្រុម​ជនជាតិ​ភាគតិច Pashtun របស់​ក្រុម​តាលីបង់ ដែល​នៅ​ទីនោះ​ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​បាន​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៩៦ នោះ​នៅ​ពេល​ក្រុម​នេះ​បាន​វាយ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​កាប៊ុល ដែល​សហភាព​សូវៀត​គាំទ្រ។

ទីក្រុង Kandahar ជា​មូលដ្ឋាន​ដែល​មេដឹកនាំ​ជាន់ខ្ពស់​តាលីបង់​ដ៏​អាថ៌កំបាំង​មួយ​រូប គឺ​លោក Hibatullah Akhundzada កំពុង​រស់នៅ​ក្រោយ​ការ​លាក់ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។

ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​ទីលាន Shaheedan បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Abdullah និយាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ឯករាជ្យ​ជាតិ​របស់​អាហ្វហ្គានីស្ថាន​ដែល​ដឹកនាំ​ដោយ​ក្រុម​អ៊ីស្លាម។ លោក​សូម​អបអរ​សាទរ​ដល់​បងប្អូន​មូស្លីម និង​ប្រទេស​អាហ្វហ្គានីស្ថាន​ទាំងមូល។ ក្រុម​គាំទ្រ​បាន​លើក​ទង់​ព្យាការី Muhammad ហើយ​និង​លើក​ទង់ជាតិ​នេះ​នៅ​ក្នុង​ពិភពលោក​ទាំងមូល។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ហ្វូង​មនុស្ស​ដែល​ជា​អ្នកគាំទ្រ​ក្រុម​តាលីបង់ មកពី​ភូមិ​ក្បែរៗ​នោះ ធ្វើ​ដំណើរ​យ៉ាង​ណែនណាន់​ទៅកាន់​ទីក្រុង Kandahar ភាគ​ខាងត្បូង បន្ទាប់ពី​មាន​ព័ត៌មាន​នៃ​ការ​ចាកចេញ​របស់​កងទ័ព​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន​ទាំងស្រុង។

ប្រជាជន​នៅ​ក្រុង Kandahar បាន​ច្រៀង​រាំ​ដោយ​ពួកគេ​បាន​បន្ទរ​ថា យើង​បាន​យក​ឈ្នះ​មហាអំណាច។ អាហ្វហ្គានីស្ថាន ជា​កន្លែង​កប់​ខ្មោច​របស់​ពួក​មហាអំណាច។ អ្នកគាំទ្រ​តាលីបង់​បាន​ស្រែក​ដូចនេះ​ចេញពី​ឡាន និង​ម៉ូតូ​របស់​គេ ស្រប​ពេល​ដែល​គេ​បាន​បើក​ជុំវិញ​ទីក្រុង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ដោយ​មាន​បង្ហាញ​កាំភ្លើងយន្ត​របស់​គេ​ផង​ដែរ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​តាលីបង់​បាន​ប្រកាស​ថា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​អាហ្វហ្គានីស្ថាន គឺ​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​មក​ដល់​ហើយ។

លោក Anas Haqqani មេដឹកនាំ​ជាន់ខ្ពស់​តាលីបង់ បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា រដ្ឋាភិបាល​ថ្មី​នឹង​ចេញ​ជា​រូបរាង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ។

តែ​បែប​ណា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres បាន​ព្រមាន​ថា មហន្តរាយ​មនុស្សធម៌​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ លោក Antonio Guterres បាន​ថ្លែង​បន្ទាប់ពី​ការ​ដក​កងទ័ព​អាមេរិក​ទាំងស្រុង​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន។ លោក​ដាក់​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​មនុស្សធម៌ និង​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ដែល​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។

លោក Antonio Guterres បាន​បន្ថែម​ទៀត​ថា មហន្តរាយ​មនុស្សធម៌​កំពុង​កើតឡើង​ហើយ។ ឥឡូវ​នេះ​កុមារ ស្ត្រី និង​បុរស​អាហ្វហ្គានីស្ថាន កាន់តែ​ច្រើន​ឡើងៗ​ត្រូវការ​ការ​គាំទ្រ និង​សាមគ្គីភាព​ពី​សហគមន៍​អន្តរជាតិ។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ឆាប់​ជួយ​ជាបន្ទាន់​រាល់​គ្រប់​ជំនួយ​ក្នុង​តម្លៃ​មនុស្ស​ជាតិ ខណៈ​លោក​ព្រមាន​ពី​ការ​ផ្ទុះ​ភាព​អត់ឃ្លាន​ក្រោម​របប​តាលីបង់​នឹង​មាន​ភាព​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស