38 C
Phnom Penh

បទវិភាគ៖ រដ្ឋប្រហារ​នៅ​ហ្គីណេ ជា​ការ​បិទ​បញ្ចប់​ការ​គ្រប់គ្រង​មួយ​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ​នាំ​ឱ្យ​ប្រជាជន​គាំទ្រ​រដ្ឋប្រហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហ្គីណេ ជា​ប្រទេស​មួយ​នៅ​អាហ្រ្វិក​ខាងលិច។ ប្រទេស​នេះ​មាន​ប្រជាជន​ជិត ១៣​លាន​នាក់ តែ​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​ក្នុង​តំបន់។

ហ្គីណេ បាន​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​ពីរ​លើក​មក​ហើយ គឺ​ទី​១ នៅ​ឆ្នាំ​១៩៨៤ ហើយ​ទី​២ នៅ​ឆ្នាំ​២០០៨។ ប្រទេស​ដែល​ទើប​ស្គាល់​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​នៅ​ឆ្នាំ​២០១០ គឺ​ឥឡូវ​នេះ​បាន​ឆ្លងកាត់​របប​រដ្ឋប្រហារ​ម្ដងទៀត​ហើយ។

រដ្ឋប្រហារ​ចុងក្រោយ​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា គឺជា​ព្រឹត្តិការណ៍​បិទ​បញ្ចប់​ការ​គ្រប់គ្រង​មួយ​របស់​ប្រធានាធិបតី Alpha Conde។ បុរស​នេះ​មាន​អាយុ ៨៣​ឆ្នាំ គឺជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១០។

បុរស​វ័យ​ចំណាស់​រូប​នេះ​ត្រូវ​បាន​មើលឃើញ​ថា​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មាន​របប​ប្រជាធិបតេយ្យ គឺ​ក្នុង​អំឡុង​នៃ​ការ​កាន់​អំណាច​របស់​លោក​ក្នុង​រយៈពេល ១០​ឆ្នាំ​មកនេះ។ ប៉ុន្តែ​ក្រោម​ការ​គ្រប់គ្រង​របស់​បុរស​វ័យ​ចំណាស់​រូប​នេះ ក៏​មាន​ការ​ចោទ​ថា​ជា​របប​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដែរ។

បុរស​រូប​នេះ​បាន​បញ្ជា​ឱ្យ​ប៉ូលិស​បង្ក្រាប​ទៅលើ​បាតុកម្ម​របស់​ប្រជាជន​ដែល​ប្រឆាំង​ផែនការ​របស់​លោក ក្នុង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ពង្រីក​អំណាច​របស់​លោក​ឲ្យ​បាន ២​អាណត្តិ​ថែមទៀត។ មហាជន​ទូទៅ​ចាត់ទុក​ថា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​ជា​ការ​បំពាន​ដល់​ច្បាប់​កំពូល​របស់​ប្រទេស​ដែល​ចែង​អំពី​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី​ពីរ​អាណត្តិ​រយៈពេល ១០​ឆ្នាំ​ប៉ុណ្ណោះ។

បាតុកម្ម​របស់​មហាជន​កាលពី​ខែ​មីនា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​ក្រុម​ប្រឆាំង ត្រូវ​បាន​បង្ក្រាប​ដោយ​ការ​សម្លាប់​មនុស្ស​យ៉ាងតិច ៤០​នាក់ ហើយ​សកម្មជន​បក្ស​ប្រឆាំង​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

ទោះបី​មាន​ការ​ងើបឡើង​ប្រឆាំង​ខ្លាំងក្លា​ក៏ដោយ ក៏​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​ដោយសារតែ​ការ​ធ្វើ​រដ្ឋប្រហារ​រូប​នេះ​នៅតែ​អូសទាញ និង​គូសវាស​យុទ្ធសាស្ត្រ​របស់​ខ្លួន​បោះឆ្នោត​ប្រជាមតិ​ឱ្យ​ទាល់តែ​បាន គឺ​នៅ​ខែ​មីនា ឆ្នាំ​២០២០ នោះ​ដដែល។

ទោះបី​ពេល​នោះ​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​បាន​នាំគ្នា​ធ្វើ​ពហិការ​មិន​ចូលរួម​បោះឆ្នោត​ក៏ដោយ ប៉ុន្តែ​ទីបំផុត សមាជិក​សភា​ក្នុង​បក្ស​កាន់​អំណាច​របស់​លោក រួម​ទាំង​បក្ស​ផ្សេងៗ​ទៀត​បាន​សម្រេច​ធ្វើ​វិសោធនកម្ម​ដើម្បី​ពង្រីក​អំណាច​ប្រធានាធិបតី​សម្រាប់​បុរស​វ័យ ៨៣​ឆ្នាំ​រូប​នេះ អាច​ឡើង​កាន់​អំណាច​បន្ត​ទៀត​តាមរយៈ​ការបោះឆ្នោត ដែល​ក្រុម​ប្រឆាំង​ចាត់ទុក​ថា​ជា​ការបោះឆ្នោត​ដែល​មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី តម្លាភាព និង​បើក​ចំហ​នោះ​ទេ។ ពួកគេ​ចាត់ទុក​ថា ការ​បោះឆ្នោត​ដែល​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ស្ថិតនៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក Alpha Conde។

ក្នុង​ការ​គូសវាស​យុទ្ធសាស្ត្រ​បែប​នេះ ក៏​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពួក​យោធា​នោះ​ដែរ។ ពួក​យោធា​តែងតែ​ព្រមាន​ប្រធានាធិបតី​រូប​នេះ​កុំ​ឱ្យ​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ហួស​ព្រំដែន។ តែ​បុរស​រូប​នេះ​មិន​បាន​យកចិត្ត​ទុកដាក់​ស្ដាប់​ការ​អំពាវនាវ​របស់​ពួក​យោធា​ឡើយ ហើយ​ទីបំផុត ក៏​កើត​មាន​រដ្ឋប្រហារ​បែប​នេះ។ ឥឡូវ រដ្ឋធម្មនុញ្ញ​ក៏​ត្រូវ​បាន​រំលាយ ហើយ​ពួក​យោធា​ប្រកាស​ថា​នឹង​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​បណ្ដោះអាសន្ន ដើម្បី​បង្កើត​ស្ថាប័ន​បោះឆ្នោត​ឯករាជ្យ​មួយ​ឡើងវិញ និង​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត ហើយ​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​ឡើងវិញ​ឱ្យ​ស្រប​នឹង​ការ​ប្រកាន់​របប​ប្រជាធិបតេយ្យ។

ដោយ​មើល​ឃើញ​ជំហរ​របស់​ពួក​យោធា​បែប​នេះ ទាំង​ប្រជាជន និង​ក្រុម​គណបក្ស​ប្រឆាំង បាន​ប្រកាស​គាំទ្រ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ ខែ​កញ្ញា ដែល​ឈាន​ទៅដល់​ការ​បញ្ចប់​ការ​គ្រប់គ្រង​មួយ​របស់​ប្រធានាធិបតី​ដែល​មាន​ផែនការ​ដឹកនាំ​ប្រទេស​ដោយ​ការ​ក្រាញ​អំណាច គឺ​ប្រធានាធិបតី Alpha Conde ដែល​ត្រូវ​បាន​ពួក​យោធា​ចាប់​ឃុំ​ខ្លួន​ហើយ​នេះ។

នៅ​ថ្ងៃ​ទី​៧ កញ្ញា ប្រជាជន​ហ្គីណេ នៅតែ​បន្ត​ដើរ​តាម​ដង​ផ្លូវ​ដោយ​ពួកគេ​រាំ​ច្រៀង ហ៊ោកញ្ជ្រៀវ សប្បាយ​រីករាយ​អបអរ​សាទរ​ពួក​យោធា​ដែល​បាន​ដណ្ដើម​អំណាច​មក​វិញ​ពី​មេដឹកនាំ​ម្នាក់​ដែល​ប្រជាជន​ហៅថា​ជន​ផ្ដាច់ការ។ នៅ​រដ្ឋធានី Conakry និង​សឹងតែ​ទូទាំង​ប្រទេស គឺ​ប្រជាជន​ចេញ​ដើរ​តាម​ដង​ផ្លូវ​ច្រៀង​រាំ​យ៉ាង​សប្បាយ​រីករាយ។

ពួកគេ​រត់​អម​ក្បួន​រថយន្ត​របស់​ពួក​យោធា ហើយ​ចាត់ទុក​ពួក​យោធា គឺជា​វីរជន​របស់​ខ្លួន ដែល​បាន​ជួយ​ផ្ដួល​រំលំ​បុរស​ម្នាក់​ដឹកនាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់ការ។

ប្រជាជន​ស្រែក​ព្រមៗ​គ្នា​ថា «ជយោ​ពួក​យោធា ជយោ​ប្រជាធិបតេយ្យ​ហ្គីណេ»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​គណបក្ស​ប្រឆាំង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ភ្លាមៗ​នូវ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ ខែ​កញ្ញា ដោយ​ចាត់ទុក​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស ក្នុង​ការ​បញ្ចប់​របប​រំលោភ​សិទ្ធិមនុស្ស របប​ពុករលួយ ផ្ដាច់ការ បក្សពួក​និយម និង​គ្រួសារ​និយម។ សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង​មិន​បាន​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥ កញ្ញា ជា​រដ្ឋប្រហារ​នោះ​ទេ។

ក្រុម​គណបក្ស​ប្រឆាំង​សម្ដែង​ការ​សាទរ​នឹង​សេចក្ដី​សម្រេច​របស់​ពួក​យោធា ដែល​សន្យា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​អន្តរកាល ហើយ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ប្រធានាធិបតី​ក្រោម​ក្រសែភ្នែក​នៃ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ដោយ​សង្ឃឹម​ថា​ការ​បោះឆ្នោត​នោះ​ធ្វើឡើង​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិធម៌ គឺ​គ្មាន​ការ​បន្លំ​សន្លឹកឆ្នោត​ទៀត​នោះ​ទេ។

ដោយសារ​បុព្វហេតុ​នេះ មេដឹកនាំ​រដ្ឋប្រហារ​វរសេនីយ៍ទោ Mamadi Doumbouya បាន​ប្រកាស​ឱ្យ​គណៈរដ្ឋមន្ដ្រី​របស់​ប្រធានាធិបតី Alpha Conde ស្ថិតនៅ​ក្នុង​ប្រទេស​ទាំងអស់ ហើយ​ត្រូវ​ចូលរួម​កសាង​រដ្ឋាភិបាល​មួយ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត និង​កើត​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស