គណបក្សក្រៅរដ្ឋាភិបាលមួយបានលើកឡើងថា អាជ្ញាធរមូលដ្ឋានរបស់រដ្ឋាភិបាលកម្ពុជានៅតែបន្តធ្វើទុក្ខបុកម្នេញលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន ក្រោមរូបភាពថ្មីមួយទៀត ក្នុងចេតនាបំភិតបំភ័យ និងគំរាមកំហែងលើមន្ត្រីគណបក្ស និងសកម្មជននយោបាយរបស់ខ្លួនជាបន្តបន្ទាប់។
អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ ខែកញ្ញា ថា សកម្មជនការពារបរិស្ថាន និងជាមន្ត្រីរបស់គណបក្សខ្មែរស្រឡាញ់ជាតិ លោក ជុំ ហួត ត្រូវបានអាជ្ញាធរគំរាមកំហែងដោយការដកហូតទូរស័ព្ទរបស់លោក ក្រោមលេសថា ដោយសារតែលោកបានថតសកម្មភាពសមត្ថកិច្ចចុះបង្ក្រាបបទល្មើសក្បែរទីតាំងដែលលោករស់នៅនោះ។
លោករិះគន់ថា ការដកហូតទូរស័ព្ទនេះ ដោយសារតែសមត្ថកិច្ចអះអាងថា លោក ជុំ ហួត បានថតសកម្មភាពសមត្ថកិច្ចបង្ក្រាបបទល្មើសរបស់ពួកគេដោយគ្មានការអនុញ្ញាត។ ប៉ុន្តែមន្ត្រីគណបក្សរូបនេះប្រតិកម្មថា ចុះហេតុអ្វីបានជាសមត្ថកិច្ចដកតែទូរស័ព្ទរបស់លោក ជុំ ហួត ចំណែកអ្នកផ្សេងទៀតដែលបានថតសកម្មភាពនោះដែរ ហេតុដូចម្តេចបានជាសមត្ថកិច្ចមិនដកហូតទូរស័ព្ទរបស់ពួកគេដូចគ្នា?
លោក សៀវ វិសុទ្ធ បញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញលើមន្ត្រី និងសកម្មជននយោបាយនេះ មិនមែនទើបតែលើកទីមួយទេ គឺតែងកើតមានជាហូរហែរហូតមក ទាំងការរំខានការលើកស្លាកសញ្ញាគណបក្ស ការហៅសកម្មជននៅមូលដ្ឋានទៅសាកសួរ ជាដើម ដែលបង្ហាញពីការបំភិតបំភ័យសកម្មជននៅមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីគណបក្សខ្មែរស្រឡាញ់ជាតិរូបនេះអះអាងថា សកម្មភាពអាជ្ញាធររបស់រដ្ឋាភិបាលកម្ពុជាដែលតែងប្រព្រឹត្តលើក្រុមរបស់លោក គឺបង្ហាញយ៉ាងច្បាស់ពីការគាបសង្កត់សិទ្ធិសេរីភាពនយោបាយ និងការបំបិទសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ ដែលផ្ទុយទៅនឹងខ្លឹមសាររបស់រដ្ឋធម្មនុញ្ញប្រទេសកម្ពុជាទាំងស្រុង។
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជុំ ហួត និងលោក ជុំ ហួរ ដែលជាបងប្អូនភ្លោះ ត្រូវបានមនុស្សមួយក្រុមប្រមាណជា ១០នាក់ ស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានជាសមត្ថកិច្ច ទៅគំរាមកំហែងចាប់ខ្លួនដល់បន្ទប់ជួលក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងបំណងបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានសម្រុកចូលទៅក្នុងបន្ទប់ជួលទាំងអ្នកស្លៀកពាក់ជាស៊ីវិល និងប៉ូលិស ក្នុងបំណងចាប់ខ្លួនអ្នកទាំងពីរ ក្នុងនោះពួកគេបានឆក់យកទូរស័ព្ទ និងឆែកទូរស័ព្ទនោះដោយគំរាមថានឹងចាប់ខ្លួនពួកគេយកទៅស្នងការដ្ឋាននគរបាលជាតិ ខណៈមនុស្សមួយក្រុមផ្សេងទៀតបានឈរចាំនៅផ្លូវច្រកចូលផ្ទះជួលរបស់ពួកគាត់ផងដែរ ប៉ុន្តែសកម្មភាពនេះបានផ្អាកទៅវិញក្រោយការតវ៉ាគ្នាអស់មួយសន្ទុះធំ។
ជុំវិញការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរមកលើមន្ត្រី និងសកម្មជនគណបក្សខ្មែរស្រឡាញ់ជាតិនេះ លោក ឆេង ឆែម ដែលជាសកម្មជនមូលដ្ឋានបក្សនេះ ត្រូវបានមេឃុំស្អាងភ្នំ លោក ស វិចិត្រ ធ្វើលិខិតអញ្ជើញទៅសាកសួរនៅសាលាឃុំស្អាងភ្នំ ស្ថិតក្នុងខេត្តកណ្តាល ផងដែរ ស្ដីពីការលើកស្លាកសញ្ញាគណបក្សរបស់ពួកគេ។
ការសាកសួរនេះ ធ្វើឡើងបន្ទាប់ពីលោក ឆេង ឆែម បានលើកស្លាកសញ្ញាគណបក្សនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បើទោះបីជាសកម្មជនរូបនេះបានធ្វើលិខិតជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានស្ដីពីការលើកស្លាកសញ្ញាគណបក្សតាំងពីដើមខែកញ្ញា ឆ្នាំ២០២០ ទៅហើយក្តី។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ប៉ុន្តែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាចបច្ចុប្បន្ន ត្រូវគេមើលឃើញថាបានអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ខ្លួនទាំងស្រុង ខណៈសកម្មជននយោបាយត្រូវរងការចាប់ខ្លួនជាបន្តបន្ទាប់៕