38 C
Phnom Penh

រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា​អំពាវនាវ​ឱ្យ​ងើប​ឡើង​ធ្វើ​សង្គ្រាម​ប្រឆាំង​របប​រដ្ឋប្រហារ​ក្រោយ​ពី​របប​នេះ​ប្ដូរ​ចិត្ត​បដិសេធ​បទ​ឈប់​បាញ់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ដោយ​អ្នក​នយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ឈ្មោះ​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា បាន​ប្រកាស​ធ្វើ​សង្គ្រាម​ផ្ដួល​រំលំ​របប​យោធា​ដោយ​អំពាវនាវ​ឱ្យ​ក្រុម​ប្រដាប់​អាវុធ និង​ជនស៊ីវិល ដាក់​គោលដៅ​លើ​ពួក​យោធា និង​ទ្រព្យសម្បត្តិ​របស់​ក្រុម​នេះ​ក្នុង​ការ​វាយប្រហារ។

យោង​តាម​ការផ្សាយ​របស់​កាសែត​ភូមា The Irrawaddy កាលពី​ថ្ងៃ​ទី​៧ កញ្ញា គឺ​លោក Duwa Lashi La ប្រធាន​ស្តីទី​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ មាន​ប្រសាសន៍​ថា នេះ​គឺជា​ការ​ចាប់ផ្តើម​នៃ​ការបះបោរ​ទូទាំង​ប្រទេស។ លោក​ព្រមាន​ប្រជាជន​ឱ្យ​ចៀសវាង​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់ ហើយ​ត្រូវ​ស្តុក​ទុក​ស្បៀងអាហារ​ក្នុង​ផ្ទះ​ចាប់ពី​ពេលនេះ​តទៅ ព្រោះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ និង​សង្គ្រាម​វាយឆ្មក់​ចាប់ផ្ដើម​នៅ​ទូទាំង​ប្រទេស។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ កម្លាំង​មូលដ្ឋាន​របស់​ប្រជាជន​បាន​លេចឡើង​នៅ​ទូទាំង​ប្រទេស​ភូមា គឺ​ដើម្បី​ប្រឆាំង​នឹង​របប​យោធា​ដែល​បាន​ដណ្តើម​អំណាច តាមរយៈ​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ និង​បាន​បង្ក​អំពើ​ហិង្សា​ដល់​ប្រជាជន​ណា​ដែល​ចេញ​មុខ​ប្រឆាំង​នឹង​របប​នេះ។

លោក Duwa Lashi La ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ជនជាតិ​ភាគតិច​ទាំងឡាយ​ក្នុង​ពេលនេះ ត្រូវ​ផ្ដោត​លើ​របប​យោធា និង​ទ្រព្យសម្បត្តិ​របស់​ក្រុម​នេះ​នៅ​ក្នុង​តំបន់​រៀងៗ​ខ្លួន ហើយ​ត្រូវ​ចេះ​ការពារ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ដោយ​ប្រុងប្រយ័ត្ន។ លោក​បន្ត​ថា ត្រូវ​ផ្ដោត​លើ​ថ្នាក់​ដឹកនាំ​របប​យោធា មាន​ដូចជា​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង និង​ក្រុមប្រឹក្សា​យោធា​តាម​វិធី​ផ្សេង​គ្នា​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុម​នេះ។

លោក Duwa Lashi La ក៏​ទទូច​ដល់​ទាហាន ប៉ូលិស និង​មន្ត្រី​រាជការ គួរតែ​លាលែង​ពី​តំណែង ហើយ​ចូលរួម​ក្នុង​ការបះបោរ​នេះ។ លោក​បន្ត​សុំ​ឲ្យ​មន្ត្រី​រដ្ឋការ​ទាំងអស់​នៅ​ក្រោម​ក្រុមប្រឹក្សា​យោធា មិន​ត្រូវ​ទៅ​ការិយាល័យ គឺ​ត្រូវ​ធ្វើ​ពហិការ​មិន​បម្រើ​ការងារ​ឱ្យ​របប​សឹក។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា ធ្វើ​ឡើង​មុន​ការ​បើក​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​សប្តាហ៍​ក្រោយ ដែល​គេ​រំពឹង​ថា​តំណាង​អ្នកស្រី ស៊ូជី គឺ​លោក Kyaw Moe Tun នឹង​មាន​វត្តមាន ហើយ​ថ្លែង​ទៅកាន់​មហាសន្និបាត​តំណាង​ឲ្យ​ប្រជាជន​ភូមា និង​រដ្ឋាភិបាល​ជាប់​ឆ្នោត។

កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដើម្បី​បញ្ចប់​វិបត្តិ​នេះ ត្រូវ​បាន​ដឹកនាំ​ដោយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ក៏ប៉ុន្តែ​មាន​ការ​រីកចម្រើន​តិចតួច​ណាស់។ ប្រេសិត​របស់​ក្រុម​នេះ​ប្រចាំ​ប្រទេស​ភូមា គឺ​លោក Erywan Yusof។ លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូដូ នៅ​សប្តាហ៍​នេះ​ថា ពួក​យោធា​ភូមា​បាន​ទទួលយក​សំណើ​របស់​លោក​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​រហូត​ដល់​ចុង​ឆ្នាំ​នេះ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ប្រជាជន​ភូមា។

ទោះ​យ៉ាងណា គេ​នៅតែ​មាន​ការ​សង្ស័យ​អំពី​ឥរិយាបថ​របស់​ពួក​យោធា ដែល​ទីបំផុត​ព័ត៌មាន​ក្នុង​ស្រុក​ភូមា គឺ The Irrawaddy បាន​រាយការណ៍​ថា ពួក​យោធា​បាន​ក្រឡាស់​សម្ដី​ដោយ​បដិសេធ​សំណើ​ឈប់​បាញ់​របស់​ប្រេសិត​អាស៊ាន។ គេ​ជឿ​ថា មិនមែន​តែ​សំណើ​នេះ​មួយ​ទេ​ដែល​ក្រុម​យោធា​ច្រានចោល សូម្បីតែ​ផែនការ​ប្រាំ​ចំណុច​កាលពី​ប្រជុំ​អាស៊ាន​ចុង​ខែ​មេសា ក៏​ពួក​យោធា​បាន​យល់ព្រម​ទទួលយក ហើយ​ក្រោយ​មក​ក្រុម​នេះ​ក៏​មិនព្រម​អនុវត្ត​ដែរ។

បន្ទាប់ពី​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​ប្រកាស​បើក​ទ្វារ​សង្គ្រាម គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​អំពី​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ព្រំដែន​រវាង​កងទ័ព​ជនជាតិ​ដើម ដែល​សហការ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​យោធា​ភូមា។ ការ​ប៉ះទង្គិច​គ្នា បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង​មួយ​នៅ​ភាគ​ពាយ័ព្យ​រវាង​កងកម្លាំង​យោធា និង​កងទ័ព​ឯករាជ្យ​រដ្ឋ​កាឈីន។

នៅ​តំបន់​តាន់ថារី នៅ​ភាគ​ខាងត្បូង​នៃ​រដ្ឋ​ការ៉ែន គឺ​ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​រវាង​កងកម្លាំង​យោធា និង​កងទ័ព​សហភាព​ការ៉ែន ដែល​ជា​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​មួយ​របស់​ប្រទេស​នេះ។

នៅ​តំបន់ Magway កងកម្លាំង​ប្រដាប់​អាវុធ​នៃ​ក្រុម​ប្រឆាំង បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​វាយប្រហារ​គោលដៅ​របស់​ពួក​យោធ​នៃ​របប​សឹក​ចំនួន ៥​ទីតាំង។

នៅ​ទីក្រុង​យ៉ាំងហ្គោន ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ពួក​យោធា គឺ​តាម​ដង​ផ្លូវ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ភាព​ស្ងប់ស្ងាត់ ទោះបីជា​មាន​វត្តមាន​យោធា​កើន​ឡើង​ក៏ដោយ។ អ្នក​ស្រុក​ជាច្រើន​បាន​ប្រញាប់​ទៅ​ផ្សារ​ដើម្បី​ទិញ​ទំនិញ​ស្តុក​ទុក។ រីឯ​ធនាគារ​ឯកជន​គ្មាន​សាច់ប្រាក់​ដើម្បី​តម្កល់​នោះ​ទេ ព្រោះ​ប្រជាជន​បាន​ទៅ​ដក​យក​អស់​ហើយ។

ប្រធាន​ស្ដីទី​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ បាន​លើកឡើង​នៅ​ពេលនេះ​ថា លោក​ជឿជាក់​ថា​សហគមន៍​អន្តរជាតិ​នឹង​យល់​អំពី​មូលហេតុ​នៃ​សេចក្តី​ថ្លែងការណ៍​របស់​លោក។

លោក​ជឿជាក់​ថា ប្រទេស​ជិតខាង​គឺ​ប្រទេស​ក្នុង​សមាគម​អាស៊ាន អង្គការ​សហប្រជាជាតិ និង​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក​យល់​ថា ការ​ប្រកាស​ការបះបោរ និង​បើកទ្វារ​សង្គ្រាម​ប្រឆាំង​របប​សឹក គឺជា​កត្តា​ដ៏​សំខាន់​មួយ និង​ពិតជា​ទទួល​បាន​ការ​គាំទ្រ​កម្លាំង​មួយ​ដែល​ប្ដេជ្ញា​ប្រឆាំង​របប​រដ្ឋប្រហារ។

យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​ភូមា ដែល​បាន​តាមដាន​ការ​ចាប់​ខ្លួន និង​ការ​ស្លាប់​បន្ទាប់ពី​ការ​ធ្វើ​រដ្ឋប្រហារ គឺ​ជនស៊ីវិល ១០៤៦​នាក់​ត្រូវ​បាន​សម្លាប់ និង ៦២៣០​នាក់​កំពុង​ឃុំ​ខ្លួន។

លោក Erywan Yusof ប្រេសិត​អាស៊ាន និយាយ​ថា នឹង​ទៅ​ទស្សនា​ប្រទេស​ភូមា​នៅ​ខែ​នេះ ហើយ​ថា​លោក​បាន​ស្នើសុំ​ជួប​ជាមួយ​ទីប្រឹក្សា​រដ្ឋ គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ពួក​យោធា​កំពុង​ឃុំ​ខ្លួន។ ទោះ​យ៉ាងណា របប​យោធា​មិនទាន់​និយាយ​ថា​តើ​លោក​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រេសិត​រូប​នេះ​ទៅកាន់​ប្រទេស​ភូមា ឬ​យ៉ាងណា​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស