31 C
Phnom Penh

បញ្ញវន្ត​ខ្មែរ៖ ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ចិន​មក​កម្ពុជា​អាច​ដើម្បី​រំឭក​កម្ពុជា​កុំ​ឲ្យ​រកស៊ី​ខាត​បន្ត​ទៀត

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ទៅ​កម្ពុជា អាច​ដើម្បី​ក្រើន​រំឭក​លោក ហ៊ុន សែន អំពី​ការ​រកស៊ី​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​លោកសេរី​ទៅវិញ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​របស់​លោក វ៉ាង យី ប្រមុខ​ការទូត​របស់​ចិន ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​នៅ​ពេលនេះ ជាពិសេស​កម្ពុជា គឺ​ទំនង​ជា​ក្នុង​ចេតនា​ដើម្បី​រំឭក​ពី​កិច្ចសន្យា​នានា​រវាង​កម្ពុជា​ជាមួយ​ចិន​កន្លងមក ដែល​ទាក់ទិន​ទៅ​នឹង​ពាណិជ្ជកម្ម និង​សន្តិសុខ​ក្នុង​តំបន់។

លោក​អះអាង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន ទំនង​ជា​ព្រមាន​ចំពោះ​ឥរិយាបថ​មិន​ប្រក្រតី​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​បន្ត​ទំនាក់ទំនង​ជាមួយ​ប្រទេស​វៀតណាម ដែល​ចិន​មើល​ឃើញ​ថា ទំនាក់ទំនង​នោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ចិន ទាំង​ផ្នែក​ការទូត ពាណិជ្ជកម្ម និង​សន្តិសុខ​ក្នុង​តំបន់​នា​ពេល​កន្លងមក។

បញ្ញវន្ត​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ក៏​ទំនង​ជា​ប្រាប់​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ថែរក្សា​ការ​ផ្តល់​ផល​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក (GSP) ក៏ដូចជា​ព្យាយាម​យក​មក​វិញ​នូវ​ការ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប (EBA) ផង​ដែរ ព្រោះថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ការ​នាំចេញ​របស់​ពាណិជ្ជករ​ចិន​ច្រើន​ណាស់​នា​ពេល​កន្លងមក។

សារព័ត៌មាន​របស់​ចិន China Global Television Network (CGTN) បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ប្រជាមានិត​ចិន លោក វ៉ាង យី នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា វៀតណាម សិង្ហបុរី និង​កូរ៉េ​ខាងត្បូង រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១។

ចំណែក​សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ កញ្ញា ថា តាមរយៈ​ទស្សនកិច្ច​របស់​លោក វ៉ាង យី ទៅ​សិង្ហបុរី វៀតណាម និង​កូរ៉េ​ខាងត្បូង ដែល​ជា​សម្ពន្ធមិត្ត​របស់​អាមេរិក ជាពិសេស​វៀតណាម​ដែល​កំពុង​ប្រឈមមុខ​ជាមួយ​ចិន​ខ្លាំង​ជាងគេ ប៉ុន្តែ​ដើម្បី​ប្រយោជន៍​ជាតិ ពួកគេ​នៅតែ​អាច​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ដដែល ទាំង​ការ​សហការ​ធ្វើ​ពាណិជ្ជកម្ម និង​នយោបាយ​ការទូត។

លោក​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​ចិន​ទៅកាន់​ប្រទេស​ទាំង​៤ ក្នុង​ពេល​តែ​មួយ​នេះ គឺជា​សញ្ញា​មួយ​ដែល​ក្រើន​រំឭក​ដល់​កម្ពុជា ឱ្យ​ថ្លឹងថ្លែង​នយោបាយ​ការបរទេស​របស់​ខ្លួន​ជាមួយ​ប្រទេស​លោកសេរី​ឡើងវិញ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ពិត​ជា​ខ្វល់ខ្វាយ​ពី​អនាគត​របស់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​មែន​នោះ។

លោក​បញ្ជាក់​ថា ដោយសារ​មេដឹកនាំ​ខ្មែរ​លម្អៀង​ទៅ​រក​កុម្មុយនីស្ត​ចិន​ជ្រុល​ហួសហេតុ បាន​ទាញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​កម្ពុជា​បាន​ធ្វើ​ឱ្យ​បាត់បង់​ផល​អនុគ្រោះ EBA របស់​សហភាព​អឺរ៉ុប និង​ភាព​មិន​ច្បាស់លាស់​នៃ GSP របស់​អាមេរិក ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

ទោះ​ជា​បែប​នេះ​ក្តី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ជា​ភ័ព្វសំណាង​ណាស់​ដែល​កម្ពុជា​មាន​ចិន​ជា​មហាមិត្ត​ដែកថែប មិន​ដែល​បោះបង់​គ្នា ហើយ​តែងតែ​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ។ លោ​កញ្ជាក់​ថា បើ​គ្មាន​ចិន​ទេ ប្រហែល​ជា​កម្ពុជា​គ្មាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩ រាប់​សិប​លាន​ដូស​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ចំណែក​លោក ហ៊ុន សែន បាន​អះអាង​កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ ថា សមិទ្ធផល​រយៈពេល ៧០​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​កសាង​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ អាច​កើតឡើង​បាន​ដោយសារ​មាន​ការ​គាំទ្រ​ឥត​ឈប់ឈរ​របស់​ចិន ហើយ​លោក​ចាត់ទុក​ចិន​ជា​មិត្ត​មួយ​យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន បាន​ទៅ​ទស្សនកិច្ច និង​សាកសួរ​សុខទុក្ខ​ថ្នាក់​ដឹកនាំ​ចិន ក្នុង​នោះ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​នាយករដ្ឋមន្ត្រី លោក លី ខឺឈាំង អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន ជា «មិត្តភាព​ដែកថែប» ដែល​មិន​អាច​នរណា​មក​បំបែក​បាន​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស