27 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ផ្នែក​ច្បាប់​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ជា​អ្នក​ធ្វើ​ដំណើរ

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាង​ថា ករណី​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​លើ​អ្នក​ធ្វើ​ដំណើរ​ជា​ស្ត្រី​ពី​សំណាក់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ​នោះ ថា​ត្រូវតែ​កែលំអ​ក្រុម​មន្ត្រី​ទាំងនោះ​ជាបន្ទាន់ និង​មាន​វិធានការ​ផ្លូវច្បាប់​ជាក់លាក់​ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​រូប។

សារ​រិះគន់​របស់​អ្នកស្រី ចក់ សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ធ្វើ​ឡើង​បន្ទាប់ពី​មាន​ករណី​ហិង្សា​មួយ​កើតឡើង​លើ​ស្ត្រី​ខ្មែរ​ម្នាក់​ពី​សំណាក់​នគរបាល​ចរាចរណ៍ ដែល​បាន​ដាក់​ពង្រាយ​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ត្រួតពិនិត្យ​ការ​បើកបរ​ខុស​បច្ចេកទេស​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​ដាក់​កម្លាំង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គួរតែ​កែសម្រួល​ឡើងវិញ ដើម្បី​សុវត្ថិភាព​របស់​ពលរដ្ឋ​គ្រប់​គ្នា ព្រោះថា​មន្ត្រី​មួយ​ចំនួន​មិន​បាន​គោរព​វិជ្ជាជីវៈ និង​មិន​បាន​ប្រកាន់ខ្ជាប់​ស្មារតី​អហិង្សា ហើយ​តែង​ប្រើ​អាវុធ​ដើម្បី​គំរាមកំហែង​លើ​ពលរដ្ឋ​ស្លូតត្រង់​នា​ពេល​កន្លងមក​ផង​ដែរ។

អ្នកស្រី​រិះគន់​ថា ស្លាក​សញ្ញា​ស្ដីពី​ការ​ណែនាំ​ឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​ការ​គោរព​ច្បាប់​ផ្សេងៗ ឬ​ច្បាប់​ចរាចរណ៍​ជាដើម ហាក់​ពុំ​មាន​ការ​ផ្សព្វផ្សាយ​នៅ​តាម​ផ្លូវ​សាធារណៈ​ដូច​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ស្រាបៀ​នោះ​ទេ។ ដោយឡែក​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ក៏​ហាក់​មិន​ត្រឹមត្រូវ​ថែម​ទៀត ក្នុង​នោះ​មាន​ករណី​មិន​ត្រឹមត្រូវ​ជាច្រើន​បាន​កើតឡើង ដូចជា​ការ​ពួន​ស្ទាក់​ចាំ​ចាប់​ពលរដ្ឋ​ដែល​បើកបរ​ខុស​បច្ចេកទេស​ច្បាប់​ចរាចរណ៍ ជាជាង​ជួយ​ណែនាំ​ឱ្យ​ពួកគេ​យល់ដឹង និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ។

អ្នកស្រី ចក់ សុភាព ក៏​បាន​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា ការ​គោរព​ច្បាប់​ចរាចរណ៍​មិន​ត្រឹមតែ​ជា​កាតព្វកិច្ច​ជា​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ការ​គោរព​ច្បាប់​នេះ គឺ​ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ព្រមទាំង​អ្នក​ដទៃ​ដែល​ស្ថិត​លើ​ដង​ផ្លូវ​ជាមួយ​នឹង​ខ្លួន​ថែម​ទៀត។ ដូច្នេះ ក្នុង​ស្មារតី​ជា​ពលរដ្ឋ​ល្អ គួរតែ​ភ្ញាក់​រឭក​អនុវត្ត​ច្បាប់​ដោយ​ខ្លួនឯង មិន​គួរ​ទាល់​តែ​សមត្ថកិច្ច​ដាក់​កម្លាំង​ចាប់​ឃាត់​ណែនាំ​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ ស្ត្រី​រងគ្រោះ​ឈ្មោះ និច បាន​ធ្វើ​ដំណើរ​ពីរ​នាក់​ប្អូន​ដោយ​ជិះ​ម៉ូតូ​មិន​បាន​ពាក់​មួក​ការពារ​សុវត្ថិភាព។ ប៉ុន្តែ​ពេល​ទៅដល់​ទីតាំង​កើតហេតុ បាន​ឃើញ​នគរបាល​ពង្រាយ​កម្លាំង​ចាប់​អ្នក​ធ្វើ​ដំណើរ​ដែល​មិន​គោរព​តាម​បច្ចេកទេស​ចរាចរណ៍​ត្រឹមត្រូវ ពេល​នោះ​ស្ត្រី​រងគ្រោះ​ក៏​ត្រឡប់​ក្រោយ​បំណង​គេច​ចេញពី​នគរបាល​ចរាចរណ៍​ទាំងនោះ តែ​ត្រូវ​នគរបាល​ម្នាក់​យក​វិទ្យុ​ទាក់ទង​វាយ​ត្រូវ​ក្បាល​ស្ត្រី​ដែល​ជិះ​ខាងក្រោយ​បែកក្បាល​ឈាម​ស្រោច​ខ្លួន។

ក្រោយ​ការ​ជជែក​តវ៉ា​គ្នា និង​មាន​អ្នក​ថត​បង្ហោះ​ហេតុការណ៍​នេះ​លើ​បណ្ដាញ​សង្គម Facebook មន្ត្រី​នគរបាល​ដែល​ជា​ជន​បង្ក​ឈ្មោះ ម៉ាត់ ពិសី ជា​មន្ត្រី​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧មករា ចោទ​ថា ស្ត្រី​រូប​នោះ​ប្រឹង​សម្ដែង​ដើម្បី​ឱ្យ​មហាជន​មើល​តែប៉ុណ្ណោះ។ ប៉ុន្តែ​បន្តិច​ក្រោយ​មក ក្រុម​នគរបាល​ទាំងនោះ​បាន​ដក​កម្លាំង​របស់​ខ្លួន​ចេញពី​ទីតាំង​កើតហេតុ ដែល​ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​អស់​តែម្តង។

ជុំវិញ​បញ្ហា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បំភ្លឺ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ថា សមត្ថកិច្ច​ឃាត់​ខ្លួន​មន្ត្រី​អន្តរាគមន៍​ដែល​បាន​បង្ក​ឲ្យ​ស្ត្រី​រងគ្រោះ​របួស​បែក​ក្បាល​នោះ​រួច​ហើយ​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ។

ប្រភព​ដដែល​អះអាង​ថា សមត្ថកិច្ច​នឹង​ឱ្យ​មន្ត្រី​បង្ក​ហេតុ​ជួប​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ចរចា​គ្នា​រឿង​សំណង​ថ្លៃ​ព្យាបាល ហើយ​ប្រសិនបើ​ជនរងគ្រោះ​មិន​សុខចិត្ត​ទេ​នោះ សមត្ថកិច្ច​នឹង​អនុវត្ត​បន្ត​ដោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ ប៉ុន្តែ​បើ​ជនរងគ្រោះ​ព្រម​ទទួល​សំណង​បញ្ចប់​រឿង ក៏​ត្រូវ​អនុវត្ត​តាម​វិន័យ​កងកម្លាំង​របស់​នគរបាល​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​បង្ក​អំពើ​ហិង្សា​លើ​ជនរងគ្រោះ​ដោយ​គេច​មិន​ទទួល​ខុសត្រូវ​របស់​ក្រុម​សមត្ថកិច្ច​ទាំងនេះ បង្ហាញ​ពី​ការ​មិន​យកចិត្ត​ទុកដាក់​របស់​កម្លាំង​នគរបាល​លើ​សុវត្ថិភាព​របស់​ពលរដ្ឋ​នោះ​ទេ តែ​បែរជា​បង្ហាញ​នូវ​រូបភាព​ធ្វើ​បាប និង​គំរាម​លើ​សុវត្ថិភាព​របស់​ពលរដ្ឋ​ទៅវិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស