28.4 C
Phnom Penh

ចិន​ផ្ដល់​ជំនួយ​ភ្លាមៗ​ទៅ​ឱ្យ​របប​តាលីបង់ ខណៈ​អាមេរិក​និង​សម្ពន្ធមិត្ត​មិនទាន់​ទទួលស្គាល់​របប​នេះ​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា ពួក​តាលីបង់​ដែល​ឈ្នះ​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន បាន​បង្កើត​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​ដឹកនាំ​ប្រទេស និង​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​របប​របស់​ខ្លួន។

ប៉ុន្តែ​ពិភពលោក​មើល​ទៅ​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​ចំពោះ​រដ្ឋាភិបាល​ថ្មី​អាហ្វហ្គានីស្ថាន ដែល​បង្កើត​ឡើង​ដោយ​ពួក​តាលីបង់ លើកលែងតែ​ទីក្រុង​ប៉េកាំង​មួយ​ប៉ុណ្ណោះ​ដែល​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​មួយ​នេះ​ជាមួយ​នឹង​ការ​ផ្ដល់​ជំនួយ​ផ្សេងៗ​មាន​ទាំង​ស្បៀងអាហារ ថ្នាំពេទ្យ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩ និង​ការ​ផ្គត់ផ្គង់​ទឹកស្អាត​សរុប​ទៅ​ជាង ៣០​លាន​ដុល្លារ​អាមេរិក។

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី អះអាង​ថា ចិន​បាន​សម្រេច​បញ្ជូន​ជំនួយ​ជាបន្ទាន់​ទៅ​ឱ្យ​របប​រដ្ឋាភិបាល​តាលីបង់។ លោក វ៉ាង យី ប្រកាស​ថា ក្នុង​ជំនួយ​នោះ​គឺ​ចិន​បាន​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ចំនួន ៣​លាន​ដូស។ មិន​តែប៉ុណ្ណោះ ចិន​សន្យា​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ទៀត​ផង។ នេះ​បើ​តាម​សារព័ត៌មាន​របស់​ចិន People Daily ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា។

ចិន​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​គាំទ្រ​របប​តាលីបង់​លេចធ្លោ​ជាងគេ ក្នុង​ការ​ស្ដារ​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើងវិញ ជាមួយ​នឹង​ការ​គាំទ្រ​របប​តាលីបង់​ដែល​ជា​ប្រភព​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​កាលពី​ពេល​ដែល​ក្រុម​នេះ​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​រវាង​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០១។

ចិន​ត្រូវ​បាន​មើល​ឃើញ​ទៀត​ថា​នឹង​រៀបចំ​ការ​ដាក់​វិនិយោគទុន និង​ផ្ដល់​ប្រាក់កម្ចី​ច្រើន​រយ​លាន​ដុល្លារ​ទៅ​ឱ្យ​របប​តាលីបង់ គឺ​ដើម្បី​បាន​ផលប្រយោជន៍​មក​វិញ​នូវ​តម្លៃ​សេដ្ឋកិច្ច​របស់​ខ្លួន ទោះបីជា​ទីក្រុង​ប៉េកាំង​បារម្ភ​ខ្លះ​ដែរ​អំពី​អស្ថិរភាព​នៃ​សង្គម​របស់​ពួក​តាលីបង់ ជាមួយ​នឹង​ការ​មិន​គាំទ្រ​ពេញ​ទំហឹង​ពី​ពួក​លោក​ខាងលិច ជាពិសេស​គឺ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត។

មួយ​វិញ​ទៀត គេ​អាច​មើល​ឃើញ​ថា ចិន​ទំនង​មិន​ហក់​ចូល​ក្នុង​របប​តាលីបង់​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​ចិន​អាច​នឹង​អូសទាញ​ប្រទេស​រុស្ស៊ី ចូល​ពាក់ព័ន្ធ​នឹង​ខ្លួន​មួយ​ដែរ គឺ​ដើម្បី​ប្រជែង​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក។ ប៉ុន្តែ​រុស្ស៊ី ធ្លាប់​ស្គាល់​ភាព​ល្វីង​ជូរចត់ បរាជ័យ និង​អាម៉ាស់​រួច​ទៅ​ហើយ​ជាមួយ​របប​តាលីបង់។ រុស្ស៊ី និង​របប​អាហ្វហ្គានីស្ថាន ដែល​ទីក្រុង​មូស្គូ លើក​បន្តុប​ឱ្យ​ឡើង​កាន់​អំណាច ទីបំផុត​ត្រូវ​បាន​ពួក​តាលីបង់​ផ្ដួល​រំលំ​នៅ​ឆ្នាំ​១៩៩៦ គឺ​ពេល​នោះ​កងទ័ព​រុស្ស៊ី ក៏​រត់​ប្រផាប់​ចាប់​ប្រភីង​ចេញពី​ប្រទេស​នេះ​ដែរ។

សម្រាប់​រុស្ស៊ី​មក​ដល់​ពេលនេះ មិន​ទាន់​ទទួលស្គាល់​រដ្ឋាភិបាល​ដែល​ពួក​តាលីបង់​បង្កើត​ឡើង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទេ។

តែ​ចិន​នៅតែ​សង្ឃឹម​ថា ខ្លួន​គេ​អាច​រស់នៅ​បាន​ជាមួយ​របប​តាលីបង់។ ក្រុង​ប៉េកាំង​ប្រហែលជា​គិត​ថា របប​តាលីបង់​ពេលនេះ​មិនមែន​ដូច​ទសវត្ស​ឆ្នាំ​១៩៩០ ទៀត​នោះ​ទេ។ បើ​ដូចនេះ ចិន​ច្បាស់​ណាស់​នឹង​ហ៊ាន​ទម្លាក់​ប្រាក់កម្ចី​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​របប​មួយ​នេះ។

ចិន​អាច​មាន​មហិច្ឆតា​លើស​ពី​នេះ​ទៅ​ទៀត។ មហិច្ឆតា​របស់​ចិន ទំនង​បញ្ចុះបញ្ចូល​ឱ្យ​ពួក​តាលីបង់ យល់ព្រម​យ៉ាងហោចណាស់​មាន​វត្តមាន​របស់​កងទ័ព​ចិន​នៅ​លើ​ទឹកដី​នេះ គឺ​ក្នុង​ផល​ប្រយោជន៍​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ចិន។ នេះ​ជា​មហិច្ឆតា​ទី​មួយ។

ចំណែក​មហិច្ឆតា​ទី​ពីរ ចិន​អាច​ពង្រីក​យុទ្ធសាស្ត្រ​កងទ័ព​របស់​ខ្លួន​តាមរយៈ​ប្រទេស​អាហ្វហ្គានីស្ថាន ខណៈ​ចិន​អាច​ធ្វើ​បាន​មហិច្ឆតា​របស់​ខ្លួន​បណ្ដើរៗ​ហើយ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ពីព្រោះ​ប៉ាគីស្ថាន​ជា​កូនបំណុល​របស់​ចិន​រាប់​ពាន់​លាន​ដុល្លារ ហើយ​កំពុងតែ​រង​នូវ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​សាធារណៈ​មួយ​ចំនួន​របស់​ប្រទេស​នេះ ដោយសារតែ​ការ​បង្វិល​ប្រាក់សំណង​ទៅ​ឱ្យ​ចិន​វិញ​មិនទាន់​ពេលវេលា។

យ៉ាងណា ក្រុង​ប៉េកាំង​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ផែនការ​ពង្រីក​ភូមិសាស្ត្រ​នយោបាយ និង​យោធា​នៅ​អាស៊ី​កណ្ដាល ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ឥណ្ឌា ព្រោះ​ឥណ្ឌា និង​ចិន មក​ដល់​ពេលនេះ​នៅតែ​ជា​សត្រូវ​ប្រវត្តិសាស្ត្រ​នឹង​គ្នា​នៅឡើយ​ទេ។ ប្រទេស​មហាយក្ស​ធំ​ពីរ​នេះ កំពុងតែ​បង្កើន​កម្លាំង​កងទ័ព​រៀងៗ​ខ្លួន​តាម​ព្រំដែន​រួមគ្នា។

តាម​សេចក្ដី​រាយការណ៍ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង ១០​ម៉ឺន​នាក់​ដូចៗ​គ្នា ហើយ​សព្វាវុធ​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​ជាស្រេច​ទៅ​ហើយ​ដែរ។ ទាំងនេះ​ក៏​ជា​មធ្យោបាយ​មួយ​ដែល​ចិន​សម្លឹង​មើល​រួច​ជាស្រេច​សម្រាប់​ដែនដី​អាហ្វហ្គានីស្ថាន ក្រោម​របប​តាលីបង់។

សម្រាប់​សហរដ្ឋ​អាមេរិក​ឯណោះ​វិញ​ដែល​រង​ភាព​អាម៉ាស់​ជា​ខ្លាំង​ដោយសារតែ​បណ្ដោយ​ឱ្យ​របប​តាលីបង់​ឡើង​កាន់​អំណាច​បាន​វិញ​នោះ បាន​ប្រកាស​ដាច់ខាត​ថា បើ​តាលីបង់​មិន​ដូរ​ឥរិយាបថ​ដឹកនាំ​ប្រទេស​ដូច​ខ្លួន​ដែល​បាន​កាន់​អំណាច​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០១ ទៀត​នោះ​ទេ គឺ​អាមេរិក​មិន​ទទួលស្គាល់​របប​នេះ​ជា​ដាច់ខាត។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន Tolo នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ថា ក្រុង​វ៉ាស៊ីនតុន កំពុងតែ​សម្លឹង​មើល​ទៅ​ពួក​តាលីបង់​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​ត្រៀម​ខ្លួន​សហការ​ជាមួយ​នឹង​របប​មួយ​នេះ ឱ្យ​តែ​របប​នេះ​គោរព​កិច្ចសន្យា​របស់​ខ្លួន​ម៉ត់ចត់​មែន គឺ​ទី​មួយ​បើក​ចំហ​សេរីភាព​របស់​ប្រជាជន គោរព​សិទ្ធិមនុស្ស។ ទី​ពីរ មិន​ផ្ដល់​ជម្រក​ឱ្យ​ពួក​ភេរវកម្ម​នៃ​ក្រុម​ណាមួយ​រស់នៅ​ក្នុង​ប្រទេស​នេះ ហើយ​ទី​បី មិន​បណ្ដោយ​ឱ្យ​មាន​វត្តមាន​ទ័ព​បរទេស​លើ​ទឹកដី​អាហ្វហ្គានីស្ថាន។

លោក Antony Blinken បាន​បញ្ជាក់​ថា បើ​ដឹង​ថា​មាន​ទ័ព​បរទេស​ដែល​ទំនង​លោក​សំដៅ​ទៅលើ​ប្រទេស​ចិន គឺ​សម្រាប់​អាមេរិក មិន​អត់ឱន​ឱ្យ​តាលីបង់​ដាច់ខាត។ លោក អាតូនី បាន​បញ្ជាក់​ទៀត​ថា សមាសភាព​រដ្ឋមន្ត្រី​ថ្មី​របស់​ពួក​តាលីបង់ មិន​ចម្លែក​នោះ​ទេ គឺ​សូម្បីតែ​ស្ត្រី​ម្នាក់​ក៏​គ្មាន​ដែរ។

មិន​តែប៉ុណ្ណោះ សមាសភាព​គណៈរដ្ឋមន្ដ្រី​តាលីបង់​សុទ្ធតែ​មាន​ក្នុង​បញ្ជី​ខ្មៅ​នៃ​ភេរវកម្ម​ទៀត​ផង ដូចជា​នាយករដ្ឋមន្ត្រី​ស្ដីទី លោក Mullah Hasan Akhund ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​នៃ​អង្គការ​សហប្រជាជាតិ រដ្ឋមន្ត្រី​មហាផ្ទៃ Sirajuddin Haqqani ត្រូវ​បាន FBI អាមេរិក​តាម​ចាប់​ខ្លួន​ដោយ​ប្រកាស​ផ្ដល់​ប្រាក់ ៥​លាន​ដុល្លារ ហើយ​កើន​ដល់ ១០​លាន​ដុល្លារ​ដល់​ជន​ណា​ដែល​នាំ​ខ្លួន​បុរស​នេះ​មក​ឱ្យ​សហរដ្ឋ​អាមេរិក។ តែ​យ៉ាងណា សម្រាប់​សហរដ្ឋ​អាមេរិក អាច​ដោះដូរ​ឥរិយាបថ​បាន គឺ​ឱ្យ​តែ​រដ្ឋាភិបាល​តាលីបង់​គោរព​កិច្ចសន្យា​របស់​ខ្លួន​ដែល​អះអាង​ថា ការ​ដឹកនាំ​របស់​តាលីបង់​ថ្មី​នេះ គឺ​គោរព​សិទ្ធិមនុស្ស។

សម្រាប់​នាយករដ្ឋមន្ត្រី​ស្ដីទី MULLAH AKHUNG បាន​ទទូច​ថា រដ្ឋាភិបាល​របស់​លោក​ពិត​ណាស់​ចង់​សហប្រតិបត្តិការ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក គឺ​មិន​រើសអើង​អ្វី​នោះ​ទេ។ លោក​បញ្ជាក់​ថា អាហ្វហ្គានីស្ថាន​ចង់​ស្ដារ​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន​ជាមួយ​នឹង​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ក្នុង​ស្ថានភាព​នេះ សហគមន៍​អន្តរជាតិ​គឺ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​បាន​ជួប​ប្រជុំ​គ្នា​តាម​វីដេអូ CONFERENCE។ វេទិកា​នេះ​រៀបចំ​ដោយ​ប្រទេស​អាល្លឺម៉ង់ និង​អាមេរិក។ ក្រុម​រដ្ឋមន្ត្រី​លោក​ខាងលិច​ទាំងនោះ រួម​មាន​ប្រទេស​ជប៉ុន ផង​ដែរ។ វេទិកា​នេះ​សំដៅ​ពិនិត្យ​ជាក់ស្ដែង​ទៅលើ​ស្ថានការណ៍​ចុងក្រោយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​ក្រុម​រដ្ឋមន្ត្រី​លើកឡើង​អំពី​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​ឱ្យ​ប្រជាជន​អាហ្វហ្គានីស្ថាន​តាមរយៈ​អង្គការ​អន្តរជាតិ។

ប្រទេស​ជប៉ុន សន្យា​មុន​គេ​ថា​នឹង​ផ្ដល់​ជំនួយ​ផ្សេងៗ​មាន​ដូចជា​ស្បៀង ថ្នាំពេទ្យ​ជាដើម​ក្នុង​តម្លៃ ៦៥​លាន​ដុល្លារ ប៉ុន្តែ​មិនមែន​ជំនួយ​សម្រាប់​រដ្ឋាភិបាល​តាលីបង់​នោះ​ទេ។ ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​តំណាង ២៧​ប្រទេស​នៅ​អឺរ៉ុប សម្ដែង​ការ​ខកចិត្ត​ចំពោះ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​អាហ្វហ្គានីស្ថាន។

សហភាព​អឺរ៉ុប និយាយ​ថា រដ្ឋាភិបាល​អន្តរកាល​ថ្មី​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុម​តាលីបង់ មិន​បាន​គោរព​ទៅតាម​ការ​សន្យា​របស់​មេដឹកនាំ​ក្រុម​នេះ ដែល​ថា​នឹង​រួម​បញ្ចូល​ក្រុម​ផ្សេងៗ​គ្នា។

អ្នក​នាំពាក្យ​សហភាព​អឺរ៉ុប Peter Stano បាន​លើកឡើង​ថា ក្រោយ​ការ​វិភាគ​ទៅលើ​បញ្ជី​ឈ្មោះ​បុគ្គល​ដែល​ត្រូវ​បាន​ប្រកាស​នោះ គឺ​រដ្ឋាភិបាល​ថ្មី​នោះ​មិន​មាន​លក្ខណៈ​ចម្រុះ និង​តំណាង​ឲ្យ​ក្រុម​ផ្សេងៗ​ដែល​មកពី​ក្រុម​ជនជាតិ និង​សាសនា​ខុស​គ្នា​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​សង្ឃឹម​ថា​នឹង​ឃើញ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នោះ ដែល​នេះ​មិន​ដូច​នឹង​ការ​សន្យា​របស់​ក្រុម​តាលីបង់​ក្នុង​ពេល​កន្លងមក​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស