40.9 C
Phnom Penh

លោក ហ៊ុន សែន ថា​កម្ពុជា​ជា​ប្រទេស​មួយ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​តំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​សម្រេច​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​១៨ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា លោក​សូម​អរគុណ​មិត្ត​ដែកថែប​ចិន ដែល​តែង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​តាមរយៈ​នៃ​ការ​ផ្តល់​ជំនួយ​គ្រប់​រូបភាព ទាំង​ផ្នែក​បច្ចេកទេស​ព្យាបាល​ជំងឺ Covid-19 សម្ភារ​បរិក្ខារ​ពេទ្យ និង​ជាពិសេស​គឺ​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ទាំង​ជំនួយ​មនុស្សធម៌ និង​ការអនុញ្ញាត​ឱ្យ​កម្ពុជា​បញ្ជាទិញ​ផង​ដែរ។

លោក ហ៊ុន សែន អះអាង​ថា ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​សកម្ម​ជាមួយ​ជំងឺ Covid-19 ដោយ​ដៃ​ម្ខាង​អនុវត្ត​យុទ្ធសាស្ត្រ​សំខាន់ៗ ដូចជា​ការ​ទប់ស្កាត់ ការ​ព្យាបាល និង​ការ​ចាក់​វ៉ាក់សាំង ចំណែក​ដៃ​ម្ខាង​ទៀត​អនុវត្ត​គោលនយោបាយ​រក្សា​លំនឹង​ជីវភាព​ប្រជាពលរដ្ឋ និង​ធុរកិច្ច​លើ​គ្រប់​វិស័យ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ដើម្បី​ពន្លឿន​បើក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​សង្គម​សេដ្ឋកិច្ច ដើម្បី​ទប់ទល់​នូវ​ការ​វាយលុក​ដោយ​មេរោគ Covid-19 ប្រភេទ​ថ្មីៗ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់ តាម​ដំណាក់កាល​ចាប់ពី​កុមារ​រហូត​ដល់​មនុស្ស​ពេញវ័យ អនុវត្ត​ចាក់​ពី​ដូស​ទី​១ រហូត​ដល់​ដូស​ទី​៣ ដែល​កំពុង​ដំណើរការ​សព្វថ្ងៃ​នេះ។

ការ​អះអាង​របស់​មេដឹកនាំ​កម្ពុជា​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ជិត ១០០​ភាគរយ ហើយ​ក្នុង​ចំណោម​ប្រជាជន​គោលដៅ ១០​លាន​នាក់។

ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រសួង​បាន​ចាក់​វ៉ាក់សាំង Covid-19 ដល់​មនុស្ស​ពេញវ័យ​ដូស​ទី​១ បាន​ជាង ១១​លាន ៣​សែន​នាក់ រីឯ​ដូស​ទី​២ បាន​ជាង ៩​លាន ២​សែន​នាក់ ចំណែក​អ្នក​ចាក់​ដូស​ទី​៣ ចំនួន ៧​សែន ២​ម៉ឺន​នាក់ ដោយឡែក​កុមារ​ចាក់​បាន​ជាង ៨​ភាគរយ​ផង​ដែរ។

រហូត​មក​ដល់​ពេលនេះ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 សរុប​ជិត ៣០​លាន​ដូស​ហើយ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុង​នោះ​ប្រទេស​ចិន បាន​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​យ៉ាង​ច្រើន​ដល់​កម្ពុជា ក្រៅពី​នោះ ជំនួយ​វ៉ាក់សាំង​នេះ​ក៏​ទទួល​បាន​ពី​ប្រទេស​ជប៉ុន អង់គ្លេស សហរដ្ឋ​អាមេរិក និង​តាមរយៈ​ជំនួយ​មជ្ឈមណ្ឌល​កូវ៉ាក់​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ប្រភេទ​ស៊ីណូវ៉ាក់ (Sinovac) ចំនួន ២​លាន ៥​សែន​ដូស ក្នុង​នោះ​វ៉ាក់សាំង​ចំនួន ២​លាន​ដូស​ជា​ការ​បញ្ជាទិញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង ៥០​ម៉ឺន​ដូស​ទៀត​ជា​ការ​បរិច្ចាគ​របស់​ក្រុមហ៊ុន Sinovac ផ្តល់​ជា​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា។

ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ក្រសួង​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៦៦០​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៤១៧​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១២​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជិត ១​សែន​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៩​ម៉ឺន ២​ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ចំនួន ២​ពាន់ ១៩​នាក់​ផង​ដែរ ដោយឡែក​អ្នក​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA មាន​ចំនួន​ជាង ៣៧០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស