ក្រុមប្រជាពលរដ្ឋដែលមានលំនៅឋានត្រូវជន់លិចដោយជំនន់ទឹកភ្លៀង បានអះអាងថា ជំនន់ទឹកភ្លៀងជន់លិចផ្ទះពួកគាត់ជាប់ៗគ្នារយៈពេលប៉ុន្មានឆ្នាំជាបន្តបន្ទាប់មកនេះ គឺបណ្តាលមកពីក្រុមហ៊ុនអានកូ ដែលទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលផលិតទឹកស្អាតនៅខេត្តព្រះសីហនុ បានបិទទំនប់ទឹកមិនឲ្យទឹកហូរចេញពីមូលដ្ឋានពួកគាត់រស់នៅ។
ពលរដ្ឋបានបន្ថែមថា បញ្ហានេះក៏គួបផ្សំនឹងការព្រងើយកន្តើយរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ហាក់មិនសូវរវល់អើពើលើពីកង្វល់របស់ប្រជាពលរដ្ឋផង។
ប្រជាពលរដ្ឋរស់នៅភូមិ១ បានអះអាងថា ទុក្ខកង្វល់របស់ពលរដ្ឋទាក់ទងនឹងបញ្ហាជំនន់ទឹកភ្លៀងជន់លិចផ្ទះនៅរដូវវស្សានេះ គឺពួកគាត់ធ្លាប់ដាក់ពាក្យបណ្តឹងស្នើសុំកិច្ចអន្តរាគមន៍ទៅកាន់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឲ្យជួយដោះស្រាយតាំងពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែអភិបាលខេត្តរូបនេះមិនបានជួយដោះស្រាយជូនពួកគាត់ទេ។
មន្ត្រីអង្គការសង្គមស៊ីវិលឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម បានឲ្យដឹងដែរថា ជំនន់ទឹកភ្លៀងពិតជាបានជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋរស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ធ្ងន់ធ្ងរនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រភពដដែលបានបញ្ជាក់ថា ការលិចលង់នេះបណ្តាលមកពីក្រុមហ៊ុនផលិតទឹកស្អាតអានកូ បិទទំនប់ទឹកមិនឲ្យទឹកភ្លៀងហូរចេញពីមូលដ្ឋានភូមិ១ ផង និងគួបផ្សំថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ហាក់មិនខ្វល់នឹងកង្វល់ពលរដ្ឋផង ទើបក្រុមហ៊ុនអានកូ ធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្ត។
យ៉ាងណាក៏ដោយចុះ តាមការសង្កេតឃើញថា កន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអភិវឌ្ឍស្ដារអូរ ប្រឡាយ និងលូសម្រាប់បង្ហូរ ឬរំដោះទឹកចេញពីក្រុងបានជាច្រើនខ្សែ ប៉ុន្តែនៅពេលរដូវវស្សាចូលមកដល់ បែរជាមូលដ្ឋានសង្កាត់មួយចំនួននៅតែមានជំនន់ទឹកភ្លៀងជន់លិចផ្នែកខ្លះទៅវិញ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺលើករណីក្រុមហ៊ុនអានកូ របស់អ្នកឧកញ៉ា កុក អាន ដែលបានបិទទំនប់ទឹកនាំឲ្យជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងរបស់ពលរដ្ឋរស់នៅក្រុមទី១០-១១ ស្ថិតភូមិ១ សង្កាត់លេខ១ នៅឡើយទេ។ ចំណែកឯតំណាងក្រុមហ៊ុនអានកូ ក៏មិនទាន់អាចទាក់ទងដើម្បីបំភ្លឺបាននៅឡើយដែរនៅល្ងាចថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។
ទាក់ទិនបញ្ហានេះ យោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែកញ្ញា បញ្ជាក់ថា ដើម្បីរំដោះទឹកលិចផ្ទះរបស់ប្រជាពលរដ្ឋរស់នៅក្រុមទី១០-១១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ក្រុមហ៊ុនផលិតទឹកស្អាតអានកូ ត្រូវកាយទំនប់ទឹកបើកទំហំផ្លូវទឹកឲ្យធំ ដើម្បីសម្រួលចរន្តទឹកឲ្យហូរឲ្យបានលឿន ប្រយោជន៍កុំឲ្យជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះទៀត។
លោក អ៊ី សុខឡេង បញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានកាយទំនប់ពង្រីកផ្លូវទឹកឲ្យធំរួចមក ទឹកដែលជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋរស់នៅភូមិ១ ក៏បានហូរ និងស្រកចុះយ៉ាងលឿនផងដែរ៕