31 C
Phnom Penh

ក្រសួង​សុខាភិបាល៖ វីរុស Covid-19 កំពុង​ផ្ទុះ​តាម​បណ្តា​ខេត្ត​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ

បទវិភាគ

ក្រសួង​សុខាភិបាល ព្រមាន​ថា រយៈពេល​ចុងក្រោយ​នេះ​ក្រសួង​បាន​រក​ឃើញ​ករណី​ផ្ទុះ​ជំងឺ Covid-19 ភាគច្រើន​បាន​បន្ត​កើន​ឡើង​នៅ​ទីផ្សារ​លក់ដូរ​ដែល​នៅ​តាម​បណ្តា​ខេត្ត ក្រុង ស្រុក ឃុំ និង​តាម​ទីប្រជុំជន​នានា ខណៈ​តាម​ទីផ្សារ​ទំនើប​កំពុងតែ​ថយ​ចុះ។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ពឹងផ្អែក​ទៅលើ​តែ​ប្រសិទ្ធភាព​វ៉ាក់សាំង​ទាំងស្រុង ពីព្រោះ​លទ្ធភាព​ចម្លង​វីរុស Covid-19 ទៅលើ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច គឺ​នៅតែ​អាច​ចម្លង​បាន​ដដែល ប្រសិនបើ​មិន​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19 និង​ឆ្ពោះទៅ​រក​ការរស់នៅ​តាម​បែប​គន្លង​ប្រក្រតី​ភាព​ថ្មី ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​នេះ​ឱ្យ​បាន​ខ្ជាប់ខ្លួន​ជានិច្ច ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង្កើន​ការ​អនុវត្ត​នូវ​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល។

ក្រសួង​សុខាភិបាល បញ្ជាក់​ថា បណ្តា​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក ក៏​បាន​ទទួលស្គាល់​ផង​ដែរ​ពី​ការ​បំប្លែង​ខ្លួន​ថ្មី​ច្រើន​បែប​ច្រើន​យ៉ាង​នៃ​វីរុស Covid-19 ដូចជា​វីរុស​បំប្លែង​ថ្មី​ប្រភេទ DELTA ជាដើម ដែល​កំពុង​វាយលុក​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ប្រទេស​ប្រមាណ ១៣០​ប្រទេស​ហើយ​នៅ​ពេលនេះ ខណៈ​កម្ពុជា​ក៏​រក​ឃើញ​វីរុស​ប្រភេទ​នេះ​ជា​រៀងរាល់​ថ្ងៃ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា (WHO) អ្នកស្រី Li Ailan បាន​អះអាង​កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 គឺជា​យុទ្ធសាស្ត្រ​ដ៏​ខ្លាំង​មួយ ប៉ុន្តែ​វា​មិនមែន​ដំណោះស្រាយ​ស័ក្ដិសិទ្ធិ​ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត Covid-19 នោះ​ទេ ព្រោះ​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ត្រូវ​គេ​រក​ឃើញ​ថា​មាន​សមត្ថភាព​អាច​បន្សាប​ប្រសិទ្ធភាព​វ៉ាក់សាំង​បាន។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​សុខាភិបាល​បាន​បង្ហាញ​របាយការណ៍​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដូស​ទី​១ បាន​ជាង ១១​លាន ៤​សែន​នាក់ រីឯ​ដូស​ទី​២ បាន​ជាង ៩​លាន ៥​សែន​នាក់ ចំណែក​អ្នក​ចាក់​ដូស​ទី​៣ ចំនួន ៧​សែន ៨​ម៉ឺន​នាក់ ដោយឡែក​កុមារ​ចាក់​បាន​ជាង ៨៦​ភាគរយ​ផង​ដែរ។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ផង​ដែរ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៦២៩​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៤២២​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ៩​នាក់។

ក្រសួង​សុខាភិបាល បញ្ជាក់​ទៀត​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ១​សែន ១០០​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៩​ម៉ឺន ៤​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង ២​ពាន់ ៤៩​នាក់​ផង​ដែរ ខណៈ​អ្នក​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA បាន​កើន​ឡើង​ជាង ៣​ពាន់ ៧០០​នាក់​ហើយ​នៅ​ពេលនេះ ដែល​បាន​រក​ឃើញ ២៤​រាជធានី-ខេត្ត នៅសល់​តែ​ខេត្ត​កែប​មួយ​ប៉ុណ្ណោះ​ដែល​មិនទាន់​រក​ឃើញ​នៅឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស