29 C
Phnom Penh

បញ្ញវន្ត​ខ្មែរ៖ ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​នាំគ្នា​ស្រែក «ផ្សះផ្សា​ជាតិ» ព្រោះតែ​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ ហើយ​ក៏​នាំគ្នា​ងាក​មក​ស្រែក​ពាក្យ «ផ្សះផ្សា​ជាតិ» ខណៈ​បណ្ឌិត​បញ្ញវន្ត​មួយ​ចំនួន​នាំគ្នា​ចាំ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សរសើរ​ល្ខោន​របស់​ក្រុម​អ្នក​នយោបាយ​អស់ផ្លូវ​ទាំងនោះ ដែល​ប្រឹង​កុហក​ភូតភរ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​នៅ​ពេលនេះ។

ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​មន្ត្រី​បក្ស​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom ដែល​ត្រូវ​គេ​ទម្លាយ​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ក្រុម​ប្រឆាំង​ក្នុង​ការ​រក​ការ​ចរចា​នយោបាយ​សម្រាប់​កម្ពុជា។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ម្សិលមិញ ដោយ​លោក​រំឭក​សម្ដី​របស់​លោក​តាំងពី​មុន​ព្រឹត្តិការណ៍ «៩ វិច្ឆិកា ២០១៩» កន្លងទៅ​ថា អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅ​ស្រុក​នឹង​នាំគ្នា​សូត្រ​ពាក្យ «ផ្សះផ្សា​ជាតិ» ពេល​ពួកគេ​អស់​ល្បែង​នយោបាយ​ធំៗ​ដើម្បី​កុហក​ពលរដ្ឋ​បន្ត​ទៀត។

លោក​អះអាង​ថា ក្រោយ​ព្រឹត្តិការណ៍ ៩ វិច្ឆិកា លោក​ក៏​ធ្លាប់​ផ្តល់​យោបល់​ជា​ញឹកញាប់​ផង​ដែរ​ថា បើ​ពិតជា​ចង់​ឈ្នះ​បក្ស​កាន់​អំណាច​មែន គួរ​ចេះ​ដាក់​ខ្លួន​ផ្សះផ្សា​ផ្ទៃក្នុង និង​ប្រកាស​រក​ការ​ផ្សះផ្សា​ជាតិ​ជា​ចំហ​ប្រកប​ដោយ​ការ​អត់ធ្មត់ ប៉ុន្តែ​មេដឹកនាំ​កំពូលៗ​របស់​បក្ស​ប្រឆាំង​បាន​បដិសេធ​នូវ​ការ​លើកឡើង​របស់​លោក​ទាំងស្រុង ដោយ​អះអាង​ថា មិន​ចាំបាច់​ផ្សះផ្សា​ផ្ទៃក្នុង​ទេ ហើយ​ក៏​មិន​ចាំបាច់​ផ្សះផ្សា​ជាតិ​អ្វី​នោះ​ដែរ គឺ​មាន​តែ​វិធី​ចូល​ចាប់ ចូល​ចង ចូល​ផ្ដួល​រំលំ​ប៉ុណ្ណោះ។

លោក គឹម សុខ ធ្លាប់​អះអាង​ថា យុទ្ធសាស្ត្រ​ផ្សះផ្សា គឺជា​ផ្លូវ​ស្រប​ច្បាប់ និង​ជា​យុទ្ធសាស្ត្រ​នយោបាយ​មិន​ទាល់​ក្រឡា ទាំង​នយោបាយ​ផ្ទៃក្នុង​ជាតិ និង​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ ពីព្រោះ​ការ​ដឹកនាំ​ដើម្បី​ផ្សះផ្សា​ជាតិ​នេះ គឺជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ប្រជាធិបតេយ្យ​យ៉ាង​ពិតប្រាកដ គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់ តែ​បាន​ផលប្រយោជន៍​សម្រាប់​ខ្មែរ​ទាំងអស់​គ្នា។

កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​អំពាវនាវ​ឲ្យ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​ពលរដ្ឋ ជាពិសេស​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលរួម​ជាមួយ​នឹង​លោក ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បរាជ័យ​ទាំងស្រុង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​កាត់ទោស​លោក សម រង្ស៊ី កំបាំង​មុខ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៥​ឆ្នាំ ពី​បទ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ផង​ដែរ ហើយ​និង​ត្រូវ​ដកហូត​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ថែមទៀត។

ចំណែក​ឯ​អនុប្រធាន​បក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២០ ធ្វើ​យុទ្ធនាការ​ប្រមូល​សកម្មជន និង​អតីត​មន្ត្រី​គណបក្ស​របស់​ខ្លួន​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្ដងទៀត ដើម្បី​រក​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ប៉ុន្តែ​យុទ្ធនាការ​នេះ​ក៏​ត្រូវ​បរាជ័យ​ដូច​មុន​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ស្ដីពី​ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ ខែ​វិច្ឆិកា ថា លោក​នឹង​មិន​ចរចា​ជាមួយ​អ្នក​នយោបាយ​ណា​ទេ ត្បិត​លោក​មិន​មាន​ជម្លោះ​ជាមួយ​អ្នក​ទាំងនោះ​ឡើយ តែ​ផ្ទុយទៅវិញ អ្នក​ទាំងនោះ​មាន​ជម្លោះ​ជាមួយ​ផ្លូវច្បាប់​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក​បញ្ជាក់​ថា លោក​នឹង​មិន​លើកលែង​ឱ្យ​អ្នក​ដែល​ចោទ​កូនប្រុស​របស់​លោក​ថា កូន​មេដឹកនាំ​វៀតណាម​ជាដាច់ខាត​ផង​ដែរ។

មកទល់​ពេលនេះ ពន្លឺ​នៃ​កិច្ច​ចរចា​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នៅ​មិនទាន់​កើតមាន​នៅឡើយ​ទេ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា លោក​គ្មាន​អ្វី​ត្រូវ​ចរចា​ជាមួយ​អ្នក​ណា​ឡើយ ហើយ​លោក​ថែមទាំង​ហាម​មិន​ឱ្យ​បរទេស​ជួយ​សម្របសម្រួល​រឿង​នេះ​ថែមទៀត បើ​ទោះបីជា​មាន​ការ​អំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​រក​ការ​ស្រុះស្រួល​គ្នា​ដើម្បី​ដោះស្រាយ​វិបត្តិ​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស