38 C
Phnom Penh

ភាគ​៥៖ បក្ស​ប្រជាជន​កម្ពុជា​ប្រើ​មន្ត្រី​រដ្ឋាភិបាល​ធ្វើការ​ជ្រើសរើស​សមាជិក​បក្ស​នៅ​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តើ​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​ក្រុម​យុវជន​បក្ស​នៅ​ក្រៅ​ប្រទេស​នៅ​ឯណា​ខ្លះ? នេះ​ជា​ភាគ​ទី​៥ ដោយ​ពិនិត្យ​លើ​ច្បាប់​សហព័ន្ធ​ដោយ​សង្ខេប​ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ធ្វើ​សមាជិក​បក្ស​នយោបាយ​បរទេស ដឹកនាំ​ដោយ​មេទ័ព​ជា​ជនបរទេស។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា​នឹង​ឡើង​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍​ពេញ គឺ​ផ្កាយ​៤ តាំងពី​ឆ្នាំ​២០១៨ បន្ទាប់ពី​ឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ប្រាប់​អ្នកកាសែត​ថា​នឹង​ដំឡើង​កូនប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​សម​នឹង​មុខងារ ឋានៈ និង​ចំណេះវិជ្ជា។ មកទល់​ពេលនេះ ហ៊ុន ម៉ាណែត នៅតែ​ពាក់​ផ្កាយ​៣ នៅឡើយ​ដែល​ជា​ឋានន្តរសក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក។

លោក ហ៊ុន ម៉ាណែត រៀន​នៅ​បណ្ឌិតសភា​យោធា​អាមេរិកាំង​ឆ្នាំ​១៩៩៩ រៀន​នៅ​សកលវិទ្យាល័យ​រដ្ឋ​ញីវយ៉ក បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ឆ្នាំ​២០០២ បន្ត​រៀន​នៅ​សកលវិទ្យាល័យ ប៊្រិសស្តូល (Bristol) ប្រទេស​អង់គ្លេស បាន​សញ្ញាប័ត្រ​បណ្ឌិត​នៅ​ឆ្នាំ​២០០៨។ សញ្ញាប័ត្រ​ទាំងអស់​របស់​លោក គឺ​សុទ្ធតែ​ខាង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ លោក​ដឹង​ថា​នៅ​ប្រទេស​កម្ពុជា សញ្ញាប័ត្រ​ទាំងនោះ​មិន​អាច​ធានា​ឲ្យ​លោក​កាន់​អំណាច​បាន​ឡើយ។

ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពឹង​លើ​អំណាច​ឥទ្ធិពល​ឪពុក​ម្តាយ និង​ប្រើ​សម្បត្តិ​របស់​ខ្លួន​ទៅ​រៀបចំ​ផែនការ​រចនាសម្ព័ន្ធ​អង្គការ ពង្រឹង និង​ពង្រីក​អំណាច​សម្រាប់​ខ្លួនឯង​ទាំង​នៅ​ក្នុង​ស្រុក ទាំង​នៅ​ក្រៅ​ស្រុក។ នៅ​ឆ្នាំ​២០១៨ តាម​ផែនការ​រៀបចំ​ពី​លោក ហ៊ុន សែន ជា​ឪពុក គណៈកម្មាធិការ​កណ្តាល ឬ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​នៃ​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាជិក​ចំនួន ៨៦៥​នាក់ សម្រេច​ដំឡើង ហ៊ុន ម៉ាណែត ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​គណៈ​អចិន្ត្រៃយ៍​មជ្ឈិម​បក្ស​ដែល​មាន​សមាសភាព ៣៧​នាក់។

លោក ហ៊ុន ម៉ាណែត មាន​មុខតំណែង មុខងារ មុខ​នាទី​បច្ចុប្បន្ន៖

  • ជា​អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ ឬ​កងទ័ព​ជាតិ
  • ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ឬ​ថ្មើរជើង
  • ជា​មេបញ្ជាការ​រង​កង​អង្គភាព​អង្គរក្ស​នាយករដ្ឋមន្ត្រី
  • ជា​មេបញ្ជាការ​ផ្នែក​អង្គភាព​ប្រឆាំង​ភេរវកម្ម​នៃ​កងទ័ព​ជាតិ។

លោក ហ៊ុន ម៉ាណែត និង​គូកន​ភាគច្រើន​ជា​កូន​មន្ត្រី​ធំៗ​ក្នុង​បក្ស​រៀន​នៅ​បរទេស ចាប់ផ្តើម​បំពេញ​បេសកកម្ម​តាម​ប្រទេស​នានា​ដើម្បី​ប្រមូល​យុវជន និង​មនុស្ស​ចំណាស់ៗ​នៅ​ក្នុង​សហគមន៍​ខ្មែរ​ឯ​បរទេស​ពី​ឆ្នាំ​២០១៥។ ទីណា​មាន​វត្តមាន ហ៊ុន ម៉ាណែត ទីនោះ​មាន​ការរៀបចំ​ពិធី​ជប់លៀង​តាម​ភោជនីយដ្ឋាន ហើយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​បរិភោគ​អាហារ​ជាមួយ​នឹង​ម្ហូប​ថ្លៃៗ រីករាយ​ច្រៀង​រាំ​សប្បាយ​ដោយ​ឥត​បង់លុយ។

នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ ហ៊ុន ម៉ាណែត បាន​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​ថា លោក​ចាយ​លុយ​ប្រមាណ ៦​លាន​ដុល្លារ​ដើម្បី​ទិញ​ទឹកចិត្ត​យុវជន​ម្នាក់ៗ​ប្រមាណ ៣០០​អឺរ៉ូ ឬ ៣៣០​ដុល្លារ ដើម្បី​ឲ្យ​គេ​គាំទ្រ​ឪពុក​របស់​ខ្លួន។

ចាប់ពី​ឆ្នាំ​២០១៦ ក្រុម​យុវជន​ក្នុង​រង្វង់​ជិតស្និទ្ធ​នឹង ហ៊ុន ម៉ាណែត បាន​ពង្រីក​បណ្ដាញ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ខាង​នាយ​សមុទ្រ តាម​រដ្ឋ តាម​ក្រុង ខេត្ត​ក្នុង​ប្រទេស​មួយ​ចំនួន៖

  • នៅ​ទ្វីប​អូស្យានី មាន​អូស្ត្រាលី នូវែលហ្សេឡង់
  • នៅ​អាមេរិក​ខាងជើង មាន​សហរដ្ឋ​អាមេរិក កាណាដា
  • នៅ​អឺរ៉ុប​មាន​បារាំង អង់គ្លេស អាល្លឺម៉ង់ ហុឡង់ដ៍ ស្វីស បែលហ្សិក
  • នៅ​អាស៊ី​មាន​កូរ៉េ​ខាងត្បូង ជប៉ុន ម៉ាឡេស៊ី។

នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ គណៈ​អចិន្ត្រៃយ៍​នៃ​បក្ស​ប្រជាជន​កម្ពុជា បាន​តែងតាំង​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជា​ប្រធាន​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល។ អ្នក​សង្កេតការណ៍​បរទេស​និយាយ​ថា គេ​មិន​ដែល​សង្កេត​ឃើញ​មាន​ឧត្តមសេនីយ៍​មេទ័ព​សកម្ម​ម្នាក់​ជា​ជនបរទេស (ពី​ប្រទេស​កម្ពុជា) ដើរ​ឃោសនា​រើស​សមាជិក​ចូល​គាំទ្រ​នយោបាយ​បក្ស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ដទៃ​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត ធ្លាប់​ប្រាប់​អ្នកកាសែត និង​អ្នក​ចូលរួម​ប្រជុំ​បរិភោគ​អាហារ​ថា៖ «លោក​មិន​បាន​ធ្វើ​អ្វី​ខុសប្លែក​ពី​បក្ស​នយោបាយ​ដទៃ​ឯទៀត​ដែល​ដើរ​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ​នោះ​ទេ។ លោក​សួរ​បែប​ឆ្ងល់​ថា បើ​គេ​ធ្វើ​បាន ហេតុ​អ្វី​លោក​ធ្វើ​មិន​បាន

ពិធី​ប្រជុំ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២០ ស្តី​អំពី «ការងារ​យុវជន​ជន​ក្រៅ​ប្រទេស​នៃ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត» គេ​ឃើញ​ពាក្យ​ស្លោក​ចារឹក​ចម្លែក​បែប​ថ្មី ឆ្លាក់​លើ​ក្តារ​មួយ​ផ្ទាំង​ថា «ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់»

ពី​ខាង​បស្ចិម​ទិស (លោកសេរី) សហរដ្ឋ​អាមេរិក និង​កាណាដា ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បន្ទុក​ការងារ​ប្រទេស​កាណាដា ឈ្មោះ ប៉េង ពោធិ៍នា ដែល​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ប្រទេស​កាណាដា ជា​សមាជិក​យុវជន​ថ្នាក់​កណ្តាល និង​ជា​ប្រធាន​ផ្នែក​ព័ត៌មាន និង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម។

ក្នុង​កិច្ចប្រជុំ​តាម ហ៊្សូម (ZOOM) នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ឈ្មោះ កែ សុវណ្ណ ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រចាំ​ប្រទេស​កាណាដា និង​ឈ្មោះ រិន វីរៈ ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​កាណាដា។

កិច្ចប្រជុំ​នៃ​ក្រុម​អចិន្ត្រៃយ៍​នៃ​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​កាណាដា ចូលរួម​ដោយ​គណៈកម្មាធិការ​បក្ស សាខា​បក្ស អនុ​សាខាបក្ស និង​ក្រុម​ការងារ​យុវជន​តាម​បណ្តា​ខេត្ត-ក្រុង​នៃ​ប្រទេស​កាណាដា សរុប ៥៣​រូប។ ក្រុម​ការងារ​នៅ​កាណាដា រៃ​បច្ច័យ​បាន​ចំនួន​ជិត ២​ម៉ឺន ៥​ពាន់​ដុល្លារ​ផ្ញើ​ទៅ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តាមរយៈ​លោក រិន វីរៈ មាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ផែនការ ដើម្បី​រួមចំណែក​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ហៅ​កាត់​ថា TYDA ជួយ​ឧបត្ថម្ភ​ដល់​ការ​ព្យាបាល​ប្រជាពលរដ្ឋ​ឥត​គិតថ្លៃ​ទូទាំង​ប្រទេស។

ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ ខែ​មេសា ឆ្នាំ​២០២០ មាន​ការ​ផ្ញើ​សារ​ជូនពរ​ទៅវិញ​ទៅមក​ពី​សហរដ្ឋ​អាមេរិក ទៅ​កម្ពុជា ពី​កម្ពុជា​ទៅ​សហរដ្ឋ​អាមេរិក​វិញ រវាង​អ្នក​ដឹកនាំ អង្គការ​ចាត់តាំង និង​ក្រុម​ការងារ​យុវជន​បក្ស៖

  • ពី ម៉ឹង ពន្លក ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក ដល់​សមាជិក​សមាជិកា​គ្រប់​ជាន់ថ្នាក់​ទូទាំង​សហរដ្ឋ​អាមេរិក។
  • ពី ម៉ុង គិមហេង ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បន្ទុក​រដ្ឋ​កូឡូរ៉ាដូ (Colorado) តំបន់​ឆ្នេរ​ខាងលិច​សហរដ្ឋ​អាមេរិក ទៅ ស សេរីវិចិត្រ ប្រធាន​ក្រុម​ការងារ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​តំបន់​ឆ្នេរ​ខាងលិច សហរដ្ឋ​អាមេរិក និង​ទៅ ហ៊ុន ម៉ាណែត ព្រមទាំង​គ្រួសារ។
  • ពី​ឧកញ៉ា នួន រិទ្ធី ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ខេអែហ្វអេ (KFA) (Khmer Foundation Appraisal) ទៅ ចាយ បូរិន ប្រធាន​ក្រុម​ការងារ​យុវជន​ប្រចាំ​តំបន់​អាមេរិក-កណ្តាល​ខាងជើង។ ក្នុង​កិច្ចប្រជុំ​តុមូល​មួយ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ចាយ បូរិន គេ​ហៅ​កិច្ចប្រជុំ​នោះ​ថា «ប្រជុំ​ជីវភាព» ដែល​ជា​ភាសា​ប្រើ​ក្នុង​សម័យ​ខ្មែរក្រហម​ក្នុង​ពេល​ប្រជុំ​បន្ទាប់ពី​ធ្វើ​ការងារ​ពេញ​មួយ​ថ្ងៃ។

ក្រៅពី​ជូនពរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ភាគ​កណ្តាល-ខាងជើង បាន​ផ្ញើ​សារ​ចូលរួម​មរណទុក្ខ។ ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២០ ម៉ឹង ពន្លក ផ្ញើ​លិខិត​រំលែកទុក្ខ លឹម សុខឡេង សមាជិក​បក្ស​ប្រជាជន​កម្ពុជា នៅ​ក្រុង​សាវ៉េច (Savage) រដ្ឋ​មីនីសូតា (Minnesota) ដែល​ម្តាយ​ឈ្មោះ ឆែ ហ៊ាង បាន​ទទួល​មរណភាព។ ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​ដដែល ចាយ បូរិន បាន​រៃ​បច្ច័យ​ចូល​បុណ្យ​សព​ឧបាសក ហាន់ សុខ ឪពុកមា​អ្នកស្រី សួន ណាន់ស៊ី ជា​អនុប្រធាន​គណៈកម្មាធិការ​សាខា​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទីក្រុង​កូឡំបឹស (Columbus) រដ្ឋ Ohio។

សកម្មភាព​របស់​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស ប្រព្រឹត្ត​ទៅ​បាន​ជាច្រើន​ឆ្នាំ​កន្លងមក​ដោយ​មាន​មន្ត្រី​ការទូត ជាពិសេស​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​នីមួយៗ​ជួយ​សម្រួល​កិច្ចការ។ ប្រភព​ក្នុង​សហគមន៍​ខ្មែរ-អាមេរិកាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ស្ថានទូត​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​កន្លែង​ជួញដូរ​ស្រា​ថ្លៃៗ​ប្រភេទ Hennessy ជាមួយ​សមាជិក​សហគមន៍​ណា​ត្រូវការ ព្រោះ​គេ​អាច​ទិញ​ក្នុង​តម្លៃ​ថោក​ជាង​ហាង​ខាងក្រៅ​មកពី​ទូត​មិន​បង់​ពន្ធដារ។

តើ​ច្បាប់​សហព័ន្ធ​សហរដ្ឋ​អាមេរិក (US federal law) ស្តី​អំពី ការ​ចូល​សញ្ជាតិ ចែង​ថា​ដូចម្តេច​ចំពោះ​ជនបរទេស​ដែល​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ?

មុន​នឹង​អ្នក​ចូល​សញ្ជាតិ​អាមេរិកាំង ម្នាក់ៗ​ទទួល​បាន​សញ្ញាបត្រ​បញ្ជាក់​ថា​ខ្លួន​មាន​សញ្ជាតិ​អាមេរិកាំង​ស្រប​ច្បាប់ ក្រោយ​ពី​ប្រឡង citizenship test រួច គេ​រៀបចំ​ពិធី​មួយ​ហៅថា​ពិធី​សច្ចាប្រណិធាន (The Oath of Allegiance) ដោយ​លើក​ដៃស្តាំ​ស្បថ​ចំពោះ​មុខ​ចៅក្រម​តុលាការ​សហព័ន្ធ ដោយ​សូត្រ ឬ​ថា​ត្រាប់​តាម​មន្ត្រី​រដ្ឋាភិបាល​នូវ​ប្រយោគ​ដែល​យើង​សូម​ប្រែ​សម្រួល​ឲ្យ​ងាយ​ស្តាប់​ដូច​តទៅ​នេះ៖

  • ខ្ញុំ​សូម​ប្រកាស​តាមរយៈ​ពិធី​ក្នុង​តុលាការ​តាម​សម្បថ​នេះ ថា​ខ្ញុំ​បដិសេធ​ដាច់ខាត ហើយ​លែង​ទទួលយក​ទាំងស្រុង​ហើយ​រាល់ៗ​ការ​ស្មោះស្ម័គ្រ និង​ភក្ដីភាព​ទៅកាន់​ព្រះអង្គម្ចាស់ ព្រះរាជា ជាពិសេស​អ្នក​ដឹកនាំ​ផ្ដាច់ការ រដ្ឋ ឬ​អធិបតេយ្យ​ណាមួយ​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​កូនចៅ ឬ​ជា​ប្រជាពលរដ្ឋ​ពី​មុន​មក​នោះ
  • ថា​ខ្ញុំ​ប្រាកដជា​នឹង​គាំទ្រ និង​ការពារ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំងឡាយ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​សត្រូវ​គ្រប់​ប្រភេទ ទាំង​ក្រៅ​ស្រុក ទាំង​ក្នុង​ស្រុក
  • ថា​ខ្ញុំ​ប្រាកដជា​នឹង​ទទួល​យក​ដាក់​ខ្លួន​សេចក្តី​ជឿជាក់ និង​ស្មោះស្ម័គ្រ​ដូចគ្នា
  • ថា​ខ្ញុំ​ប្រាកដជា​នឹង​កាន់​អាវុធ​ក្នុង​នាម​សហរដ្ឋ​អាមេរិក​ពេល​ណា​ច្បាប់​តម្រូវ
  • ថា​ខ្ញុំ​ប្រាកដជា​នឹង​បំពេញ​ភារកិច្ច​ខាង​ការងារ​មិនមែន​ប្រយុទ្ធ​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​សហរដ្ឋ​អាមេរិក ពេល​ណា​ច្បាប់​តម្រូវ
  • ថា​ខ្ញុំ​ប្រាកដជា​នឹង​បំពេញ​កិច្ចការ​ជា​ប្រយោជន៍​ជាតិ​នៅ​ក្រោម​ការណែនាំ​ផ្នែក​ស៊ីវិល ពេល​ណា​ច្បាប់​តម្រូវ
  • ហើយ​ថា​ខ្ញុំ​ទទួលយក​កាតព្វកិច្ច​នេះ​ដោយ​សេរី ឥត​មាន​ការ​មន្ទិលសង្ស័យ (លាក់​គំនិត) ឬ​គោលបំណង​គេចវេះ​អ្វី​មួយ​ឡើយ
  • ដូច្នេះ​សូម​ព្រះអាទិទេព ជួយ​ខ្ញុំ​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស