28 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស៖ ការ​សហការ​គ្នា​ហាមឃាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ជា​ការ​រំលោភ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រតិកម្ម​ថា ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា និង​រដ្ឋមន្ត្រី​ថៃ ពិតជា​សហការ​គ្នា​ទប់ស្កាត់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ មែន​នោះ វា​គឺជា​ទង្វើ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ជាង​នេះ​ទៀត វា​ក៏​បង្ហាញ​នូវ​រូបភាព​ដ៏​អាក្រក់​ចំពោះ​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ផង​ដែរ​ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ថា សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​ធ្វើឡើង និង​អនុញ្ញាត​យ៉ាង​ពេញលេញ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដែល​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​រិះគន់ ឬ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួកគេ​គាំទ្រ។ ដោយឡែក​សង្គម​ផ្ដាច់ការ​មិន​អនុញ្ញាត​ឱ្យ​អនុវត្ត​សិទ្ធិ​បែប​នេះ​ទេ ព្រោះ​ជា​រដ្ឋអំណាច​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ។

កាលពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​បាន​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ ឱ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ដោយ​អះអាង​ថា អ្នក​ទាំងនោះ​បាន​យក​ទឹកដី​ថៃ ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា។

លោក ស៊ឹង សែនករុណា អះអាង​ថា ការ​ស្នើ​រដ្ឋមន្ត្រី​ថៃ ឱ្យ​ចាត់​វិធានការ​លើ​សកម្មភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​លើ​ទឹកដី​ថៃ ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​មិន​ត្រឹមតែ​រង​ការ​យាយី​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ សូម្បី​ពួកគេ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ហើយ ក៏​ត្រូវ​រង​ការ​យាយី​ឥត​ឈប់ឈរ​ដែរ។

ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក សុខ សុក្រឹត្យា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News ដកស្រង់​សម្ដី​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក Somsak Tepsuthin ក្នុង​វិមាន​រដ្ឋសភា​ថៃ កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ​នេះ​ថា លោក​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ថៃ ចាត់​វិធានការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ សព្វថ្ងៃ​នេះ។

លោក សុខ សុក្រឹត្យា អះអាង​ថា លោក​បាន​សុំ​ឱ្យ​អាជ្ញាធរ​ថៃ ជួយ​ទប់ស្កាត់​សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ដែល​តែង​ធ្វើ​សកម្មភាព​រិះគន់ និង​ជេរប្រមាថ​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា តាម​បណ្ដាញ​សង្គម និង​បណ្ដាញ​សារព័ត៌មាន​ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ លោក Somsak Tepsuthin បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​ថៃ និង​កម្ពុជា មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​នឹង​គ្នា ហើយ​ថៃ គ្មាន​នយោបាយ​គាំទ្រ ឬ​ផ្តល់​ទឹកដី​ឱ្យ​ជន​ណា​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា លើ​ទឹកដី​របស់​ខ្លួន​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ឧត្ដមស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ចុង​ឆ្នាំ​២០២០ អះអាង​ថា បើ​កម្ពុជា​នៅតែ​ជា​រដ្ឋ​ដឹកនាំ​ដោយ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ នោះ​លំហ​សេរីភាព​សម្រាប់​ពលរដ្ឋ និង​ប្រជាធិបតេយ្យ​នៅតែ​បន្ត​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​ដដែល។

ដូច្នេះ ដើម្បី​កែប្រែ​ស្ថានភាព​នេះ ត្រូវតែ​មាន​ការ​ផ្លាស់ប្ដូរ​ណាមួយ​ជាបន្ទាន់​ដើម្បី​រក​ការផ្សះផ្សា​នយោបាយ និង​ការ​ស្ដារ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើងវិញ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ច្បាប់​ផ្សេងៗ​ដែល​បម្រើ​ផលប្រយោជន៍​ខ្លួនឯង ក្នុង​នោះ​ដូចជា ច្បាប់​ក្រមព្រហ្មទណ្ឌ​ស្ដីពី​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ក្នុង​មាត្រា​៤៩៤ និង ៤៩៥ ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​បង្កើត​ច្បាប់​នេះ​ឡើង គឺ​ក្នុង​ចេតនា​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ទាំងស្រុង ខណៈ​សកម្មជន​នានា​ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់​ខ្លួន​ជាបន្តបន្ទាប់​ដោយ​ប្រើ​ច្បាប់​នេះ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ចំពោះ​សេរីភាព​នៃ​គំនិត និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ បាន​ចែង​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ គឺជា​មូលដ្ឋាន​គ្រឹះ​គ្រប់​សង្គម​ប្រជាធិបតេយ្យ ហើយ​ក៏​ជា​លក្ខខណ្ឌ​ចាំបាច់​មួយ​សម្រាប់​ការ​ធ្វើ​ឱ្យ​សម្រេច​នូវ​គោលការណ៍​តម្លាភាព គណនេយ្យភាព ដែល​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​លើកស្ទួយ និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស