31 C
Phnom Penh

ចិន​កាន់តែ​ឈឺចាប់​នឹង​អាមេរិក ដែល​បាន​ប្រមូល​កម្លាំង​កាន់តែ​ធំ​ក្នុង​ការ​ប្រឆាំង​នឹង​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្ពន្ធភាព​ប្រឆាំង​ចិន ចាប់ផ្ដើម​កកើត​មួយ​ទៀត​បន្ទាប់ពី​សម្ពន្ធភាព​ដ៏​រឹងមាំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ក្នុង​អន្តរកាល​នៃ​រដ្ឋការ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​សម្ពន្ធភាព​សន្ទនា​ចតុភាគី​ហៅថា Quad ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី។

សម្ពន្ធភាព​ដែល​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា មាន​ឈ្មោះ​ថា AUKUS ជា​សម្ពន្ធភាព​ត្រីភាគី​ដែល​មាន​អាមេរិក អង់គ្លេស និង​អូស្ត្រាលី។ សម្ពន្ធភាព​នេះ គឺ​មិន​ខុស​នឹង​សម្ពន្ធភាព​ចតុភាគី​នោះ​ទេ។

គោលដៅ​រួមគ្នា​តែ​មួយ គឺ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​បច្ចេកទេស​យោធា និង​អន្តរាគមន៍​យោធា។ សម្ពន្ធភាព​ថ្មី​នៃ​ប្រទេស​បី​នេះ គឺ​មាន​កិច្ចសន្យា​ផ្តល់​បច្ចេកវិទ្យា​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទៅដល់​ប្រទេស​អូស្ត្រាលី តែ​សម្ពន្ធភាព​នេះ​បាន​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង ប្រតិកម្ម​ជា​ខ្លាំង។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​កញ្ញា នេះ​ថា ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម ក្រុង​ប៉េកាំង ចាប់ផ្ដើម​ប្រតិកម្ម​ជា​ខ្លាំង​ប្រឆាំង​នឹង​សម្ពន្ធភាព​នេះ។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍ គឺ​ប្រទេស​ចិន បាន​ថ្កោលទោស និង​បង្ហាញ​ជំហរ​ប្រឆាំង​យ៉ាង​ដាច់ខាត ប៉ុន្តែ​ចិន​ពុំ​បាន​ប្រាប់​អំពី​វិធានការ​ណាមួយ​ដើម្បី​ប្រឆាំង​នឹង​សម្ពន្ធភាព​នេះ​ទេ។

លោក Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង ថា ប្រទេស​ចិន​ចាត់ទុក​ថា​សម្ពន្ធភាព​ត្រីភាគី​នេះ​ដែល​ឈាន​ដល់​ការ​ផ្ដល់​បច្ចេកវិទ្យា​ផលិត​នាវា​មុជទឹក​នុយក្លេអ៊ែរ ដល់​ទីក្រុង​កង់បេរ៉ា នោះ គឺជា​ការ​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់។ លោក Zhao Lijian បាន​បន្ត​ទៀត​ថា កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​បី​នេះ​កំពុង​ធ្វើ​ឲ្យ​អន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។ មិនតែប៉ុណ្ណោះ គឺជា​ការ​ជំរុញ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ផ្នែក​សព្វាវុធ​កាន់តែ​ខ្លាំង​ថែមទៀត។

អ្នក​នាំពាក្យ​រូប​នេះ​ពន្យល់​ថា ការ​ផ្តល់​បច្ចេកវិទ្យា​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដែល​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ប្រកាស​ចេញ​មុខ​ថា​ជួយ​ប្រទេស​អូស្ត្រាលី គឺជា​ការ​លេង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​គ្រោះថ្នាក់។

តែ​យ៉ាងណា សម្រាប់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ប្រកាស​អំពី​សម្ពន្ធភាព​ត្រីភាគី​ថ្មី​មួយ​ជាមួយ​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស គឺ​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​កងទ័ព​ជើងទឹក​របស់​សម្ពន្ធមិត្ត​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក​បាន​សន្យា​ថា​នឹង​ជួយ​អូស្ត្រាលី​ក្នុង​ការ​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដែល​នឹង​ជួយ​ពង្រឹង​សមត្ថភាព​ទប់ទល់​នឹង​ការ​គំរាមកំហែង​ណាមួយ​ក្នុង​តំបន់។

លោក បៃដិន ថ្លែង​ថា វា​គឺជា​ការ​ចាំបាច់​ត្រូវ​មាន​សម្ពន្ធភាព​នេះ ដើម្បី​ឆ្លើយតប​ទាំង​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់ ដែល​លោក​ថា​អនាគត​ពិភពលោក​អាស្រ័យ​ទៅលើ​សេរីភាព និង​ការ​បើកចំហ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​រឹងមាំ និង​រីក​លូតលាស់ គឺ​ទប់ស្កាត់​ការ​គំរាមកំហែង។

ប៉ុន្តែ​កិច្ចព្រមព្រៀង​ដែល​ធ្វើឡើង​តាមរយៈ​សន្និសីទ​វីដេអូ​កាលពី​ថ្ងៃ​ពុធ ក្នុង​សប្ដាហ៍​នេះ គឺ​ទាំង​លោក បៃដិន នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison និង​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​បញ្ជាក់​ថា នាវា​មុជទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ទាំងនោះ​នឹង​មិន​មាន​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ទេ។

កិច្ចព្រមព្រៀង AUKUS ស្តី​អំពី​សន្តិសុខ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ឬ​ហៅថា Australia United Kingdom United States។ កិច្ចព្រមព្រៀង​នេះ​ក៏​បាន​និយាយ​យោង​ផង​ដែរ​អំពី​សហប្រតិបត្តិការ​ក្នុង​ការ​ចែករំលែក​រវាង​ប្រទេស​ទាំង​បី នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ទំនើបៗ ដូចជា​វិស័យ​បញ្ញា​សិប្បនិម្មិត បច្ចេកវិទ្យា និង​បច្ចេកវិទ្យា​ក្រោម​សមុទ្រ​ដែល​ជួយ​ផលិត​នាវាមុជទឹក​ដល់​ប្រទេស​អូស្ត្រាលី។

សម្រាប់​លោក Morrison បាន​ថ្លែង​អះអាង​ថា ប្រទេស​អូស្ត្រាលី មិន​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ ឬ​បង្កើត​សមត្ថភាព​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​ទេ តែ​អូស្ត្រាលី នឹង​បន្ត​អនុវត្ត​តាម​កាតព្វកិច្ច​របស់​ខ្លួន គឺ​មិន​ធ្វើ​ឲ្យ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​នោះ​ឡើយ។

សម្រាប់​លោក Boris Johnson នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស​វិញ​បញ្ជាក់​ថា ប្រទេស​របស់​លោក​នឹង​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ដល់​ប្រទេស​អូស្ត្រាលី ដែល​ស្ថិតនៅ​ក្នុង​សម្ព័ន្ធ​ប្រទេស Commonwealth ក្រោម​ម្លប់​នៃ​ព្រះមហាក្សត្រិយានី Elizabeth ទី​២។

បែប​ណា​ក៏ដោយ អ្នក​សង្កេតការណ៍​មើលឃើញ​ថា កិច្ចព្រមព្រៀង​ដែល​សហការ​ខាង​ផ្នែក​សន្តិសុខ គឺ​ពិត​ណាស់​មាន​គោលដៅ​ទប់ទល់​ឥទ្ធិពល​របស់​ចិន នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ក្នុង​ស្ថានភាព​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កំពុង​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​នេះ គឺ​គេ​អាច​សន្និដ្ឋាន​បាន​ថា កិច្ចព្រមព្រៀង​ស្ដីពី​សន្តិសុខ​ដែល​អាមេរិក អង់គ្លេស និង​អូស្ត្រាលី ទើប​ប្រកាស​រួមគ្នា​នេះ គឺ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​អាមេរិក ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋបាល​លោក ចូ បៃដិន ដែល​ត្រូវ​អូសទាញ​កម្លាំង​យោធា​សម្ពន្ធមិត្ត​របស់​ខ្លួន​ដើម្បី​ទប់ទល់​ចិន ព្រោះតែ​មហាយក្ស​អាស៊ី​មួយ​នេះ​កំពុង​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជា​ខ្លាំង គឺ​ដូចជា​ការ​ពង្រឹង​វិស័យ​កងទ័ព​ជើងទឹក ការ​ទាមទារ​កម្មសិទ្ធិ​នៅ​សមុទ្រ​ចិន​ខាងត្បូង ការ​ពង្រីក​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងកើត ដែល​ធ្វើ​ឱ្យ​មហាអំណាច​អាមេរិក​បារម្ភ ហើយ​ត្រូវតែ​ពង្រីក​សម្ពន្ធភាព​ថ្មីៗ​ឲ្យ​កាន់តែ​ច្រើន​ថែមទៀត ហើយ​សម្ពន្ធភាព​នេះ​អាច​ឈាន​ដល់​ការ​រួម​កម្លាំង​យោធា​នឹង​គ្នា​ប្រឆាំង​ចិន ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស