28 C
Phnom Penh

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​ដើម្បី​ចំអក​ឱ្យ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចូលរួម​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្នុង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៦ កន្លងទៅ។

ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 សម្រាប់​កុមារ​អាយុ​ក្រោម ១៣​ឆ្នាំ​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា សម្រាប់​លោក​ជា​នាយករដ្ឋមន្ត្រី​ក្រោម​រូបមន្ត ២​ភាគ​៣ ត្រូវ​ក្រុម​ប្រឆាំង​និយាយ​ឌឺដង​ផ្លែផ្កា​ឱ្យ​ច្រើន​ណាស់​នៅ​ពេល​ដែល​លោក​ត្រូវការ​កែ​ច្បាប់​ដែល​ត្រូវការ​សំឡេង ២​ភាគ​៣ ម្តងៗ ដូច្នេះ​គណបក្ស​កាន់​អំណាច​មាន​តែ​ពឹង​បក្ស​ប្រឆាំង​ឱ្យ​បង្គ្រប់​សំឡេង​តែប៉ុណ្ណោះ។

លោក ហ៊ុន សែន អះអាង​ថា ដោយសារតែ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចង់​រុញ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពី​ឆាក​នយោបាយ​នៅ​កម្ពុជា ដើម្បី​ខ្លួនឯង​ដើរ​តួ​ជា​មេដឹកនាំ​ប្រឆាំង​លេចធ្លោ​ទៅ​ថ្ងៃ​ក្រោយ ក៏​បាន​សហការ​ជាមួយ​គណបក្ស​កាន់​អំណាច​កែ​រូបមន្ត​បង្កើត​រដ្ឋាភិបាល​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឱ្យ​ទៅជា ៥០%+១ ដែល​ជួយ​ឱ្យ​បក្ស​កាន់​អំណាច​អាច​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង លែង​ត្រូវការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឱ្យ​បង្គ្រប់​សំឡេង​តទៅទៀត។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​នៅតែ​ដឹកនាំ​នយោបាយ​ដូច​ក្រុម​ប្រឆាំង​ដូច​ដែល​ធ្លាប់​ធ្វើ​កន្លងមក គឺ​មិន​អាច​ធ្វើ​នយោបាយ​ឈ្នះ​លោក​ជាដាច់ខាត ស្រប​ពេល​ដែល​បទពិសោធន៍​នយោបាយ​របស់​លោក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ថែមទៀត​នោះ អ្នក​នយោបាយ​ក្រុម​ប្រឆាំង​ទាំងនោះ​រឹត​តែ​មិនមែន​ជា​ដៃគូ​ប្រកួតប្រជែង​នឹង​លោក​ទៅទៀត។

រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ចំនួន ៩​លើក​រួចមក​ហើយ ក្នុង​នោះ​កាលពី​ឆ្នាំ​២០០៦ សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី បាន​ចាប់​ដៃ​គ្នា​កែប្រែ​រូបមន្ត​បង្កើត​រដ្ឋាភិបាល​ពី ២​ភាគ​៣ ទៅ ៥០​ភាគរយ​បូក​១ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​គណបក្ស​កាន់​អំណាច​អាច​ក្តោប​ក្តាប់​អំណាច​បាន​ពេញដៃ​ដូច​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​កាលពី​ដើម​ឆ្នាំ​២០២១ នេះ​ថា រដ្ឋធម្មនុញ្ញ​មិនមែន​ជា​ច្បាប់​ដែល​កែប្រែ​មិន​បាន​នោះ​ទេ ដូច្នេះ​ការ​ចូលរួម​កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​លោក​កាលពី​មុន​នោះ គឺ​មិន​ខុសច្បាប់​អ្វី​នោះ​ឡើយ ប៉ុន្តែ​លោក​មិន​បាន​និយាយ​ពី​ឥទ្ធិពល​នៃ​ការ​កែប្រែ​រូបមន្ត​ពី ២​ភាគ​៣ ទៅ ៥០​ភាគរយ​បូក​១ នេះ​ថា​នឹង​មាន​ផល​ល្អ ឬ​ផល​អាក្រក់​សម្រាប់​ជាតិ​ប៉ុនណា​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា រយៈពេល​ជិត ១៥​ឆ្នាំ​មកនេះ ក្រោយ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០​ភាគរយ​បូក​១ កម្ពុជា​បាន​ប្រែក្លាយ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​ពហុ​បក្ស​ទៅជា​រដ្ឋ​មួយ​ដឹកនាំ​ដោយ​ឯក​បក្ស ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ពី​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​នីតិរដ្ឋ​របស់​កម្ពុជា​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ប្រើ​សភា​ឯក​បក្ស​របស់​ខ្លួន​កែប្រែ និង​បង្កើត​ច្បាប់​ថ្មីៗ​ជាបន្តបន្ទាប់ ដើម្បី​គាប​សង្កត់​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការពារ​អំណាច​របស់​ខ្លួន។

ជាង​នេះ​ទៀត ស្ថាប័ន​ដែល​ជា​សសរស្ដម្ភ​ទាំង​បី​របស់​ជាតិ គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​អ្នក​កាន់​អំណាច​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស