នេះជាកិច្ចសម្ភាសន៍ភាគ១ ក្នុងកម្មវិធី IDEA TALK របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ស្ដីអំពី «តើសម្ពន្ធមិត្តអាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងមានជំនឿចិត្តប៉ុនណាក្នុងការដកទ័ពចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្ដោតលើយុទ្ធសាស្ត្រគោលនយោបាយការបរទេសអាមេរិក?»។
វាគ្មិនចូលរួមក្នុងកម្មវិធីនេះមានលោកស្រី អូលីវៀ អ៊ីណូស (Olivia Enos) អ្នកវិភាគគោលនយោបាយជាន់ខ្ពស់មជ្ឈមណ្ឌលសិក្សាអាស៊ី វិទ្យាស្ថាន Davis ដើម្បីសន្តិសុខជាតិ និងគោលនយោបាយការបរទេសមូលនិធិ The Heritage ក្រុងវ៉ាស៊ីនតោន ឌីស៊ី និងលោកស្រី ស៊ូ ឡាក់ (Sue Lak) ប្រធានក្រុមប្រឹក្សាសហគមន៍ខ្មែរ-អាមេរិក មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។
លោក ហាស់ សាន៖ សូមជម្រាបជូនអ្នកស្តាប់ និងទស្សនិកជនរបស់យើងថា ថ្ងៃនេះយើងមានភ្ញៀវពិសេសចំនួនពីររូប គឺលោកស្រី អូលីវៀ អ៊ីណូស អ្នកវិភាគគោលនយោបាយជាន់ខ្ពស់មជ្ឈមណ្ឌលសិក្សាអាស៊ី វិទ្យាស្ថាន Davis ដើម្បីសន្តិសុខជាតិ និងគោលនយោបាយការបរទេស មូលនិធិ The Heritage ក្រុងវ៉ាស៊ីនតោន ឌីស៊ី និងលោកស្រី ស៊ូ ឡាក់ ប្រធានក្រុមប្រឹក្សាសហគមន៍ខ្មែរ-អាមេរិក មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។
ខ្ញុំសូមស្វាគមន៍ចំពោះលោកស្រីទាំងពីរមកកាន់កម្មវិធីរបស់យើង! អរុណសួស្តី!
លោកស្រី អូលីវៀ អ៊ីណូស៖ អរុណសួស្តី! សូមអរគុណដែលបានអញ្ជើញយើងខ្ញុំចូលរួម។
លោក ហាស់ សាន៖ អរុណសួស្តីលោកស្រី អូលីវៀ លោកស្រី ស៊ូ សូមស្វាគមន៍លោកស្រីទាំងពីរ។ រីករាយដែលបានជួបលោកស្រីទាំងពីរម្តងទៀតនៅក្នុងកម្មវិធីរបស់យើង!
ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន ជាពិសេសនៅក្នុង និងជុំវិញអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ហាក់ដូចជាមិនធូរស្រាលទេ ព្រោះថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា សម្រាប់ការដកទ័ពអាមេរិកទាំងអស់ខិតជិតមកដល់។ ជនជាតិអាមេរិកាំង និងអាហ្វហ្គានីស្ថានរាប់ពាន់នាក់មិនទាន់ត្រូវបានជម្លៀសចេញមុនកាលកំណត់។
យោងតាមអង្គការយូនីសេហ្វ (UNICEF) បានឱ្យដឹងថា ជនភៀសសឹកអាហ្វហ្គានីស្ថានរាប់លាននាក់កំពុងត្រូវការអាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រយ៉ាងខ្លាំង។ ក្រុមតាលីបង់បានព្រមានថា ប្រសិនបើកងកម្លាំងអាមេរិកនៅហួសកាលកំណត់ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ពួកគេនឹងចាត់ទុកថាវាជាការរំលោភកិច្ចព្រមព្រៀង និងការបន្តកាន់កាប់ដោយកងកម្លាំងអាមេរិក។ ប្រធានាធិបតី បៃដិន បានទទូចថា គាត់មិនសោកស្តាយចំពោះការសម្រេចចិត្តដកកងទ័ពអាមេរិកដោយនិយាយថា គ្មាននរណាម្នាក់ចង់ស្នាក់នៅទីនោះទៀតទេបន្ទាប់ពី ២០ឆ្នាំ និងចំណាយលុយរាប់ពាន់លានដុល្លារជាលុយរបស់អ្នកបង់ពន្ធ។ យើងបានសម្រេចគោលបំណង។ យើងនឹងចាកចេញ មិនថាមានអ្វីកើតឡើងចំពោះសម្ពន្ធមិត្តយើងនៅថ្ងៃ ឬមួយសប្តាហ៍ខាងមុខនេះទេ ពីព្រោះរបបដែលយើងបានជួយដាក់ឲ្យដំណើរការប្រព្រឹត្តពុករលួយ និងគ្មានសមត្ថភាព។
សំណួរទីមួយ ខ្ញុំសូមសួរលោកស្រី អូលីវៀ តើអាមេរិកអាចបង្កើតទំនុកចិត្តមិនផ្លាស់ប្ដូរចំពោះសម្ពន្ធមិត្តរបស់យើងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយ៉ាងដូចម្តេច នៅពេលយើងដកកងទ័ពចេញពីកាប៊ុល អាហ្វហ្គានីស្ថាន ដើម្បីផ្ដោតលើយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់អាមេរិក?
លោកស្រី អូលីវៀ អ៊ីណូស៖ រដ្ឋបាល បៃដិន ឆ្លើយតបទៅនឹងអាហ្វហ្គានីស្ថាន ការដកចេញនេះត្រូវបានធ្វើឡើងយឺតយ៉ាវ។ វាជាកិច្ចប្រឹងប្រែងមួយដើម្បីយកមនុស្សចេញ។ យើងព្យាយាមយកមនុស្សចេញជាមុន ហើយមិនបានប្រកាសថាយើងកំពុងដកចេញទេ គ្រាន់តែយកមនុស្សចេញសិន ទើបប្រកាសពីការសម្រេចចិត្តទាំងនោះ។ វាហាក់ដូចជាអ្វីៗទាំងអស់ត្រូវបានដើរថយក្រោយ។ ពិតណាស់ មនុស្សនៅទូទាំងពិភពលោកកំពុងសម្លឹងមើលការឆ្លើយតបរបស់រដ្ឋបាល បៃដិន ហើយនិយាយថាលោកត្រូវតែទទួលខុសត្រូវ ត្រូវមានក្រាហ្វិករួមគ្នា និងពិតជាមានការរន្ធត់ចិត្តខ្លាំងចំពោះការឆ្លើយតបនោះ ជាពិសេសមានការព្រួយបារម្ភចំពោះសម្ដីប្រធានាធិបតីដែលស្ដីបន្ទោសមនុស្សគ្រប់គ្នា បន្ទោសប្រជាជនអាហ្វហ្គានីស្ថានចំពោះអ្វីដែលបានកើតឡើង។
រដ្ឋបាល បៃដិន ត្រូវទទួលខុសត្រូវចំពោះការពិតដែលខ្លួនគ្មានផែនការ មានតែការអះអាងថាខ្លួនមានផែនការសម្រាប់គ្រប់កាលៈទេសៈ តាមពិតគ្មានទេ។ វាពិតជាល្អដែលអនុប្រធានាធិបតី កាម៉ាឡា ហារីស នៅអាស៊ីឥឡូវនេះ។ លោកស្រីនៅអាស៊ីអាគ្នេយ៍ ជាដំណើរការឈានទៅមុខតាមការគ្រោងទុក។ វាជាការផ្ញើសារយ៉ាងច្បាស់ទាក់ទងនឹងអាទិភាពរបស់អាមេរិក ចំពោះអាស៊ីនៅតែបន្តឈរនៅកំពូលគេ។ ខ្ញុំមិនគិតថាសម្ពន្ធមិត្តរបស់យើង រួមមានជប៉ុន ហ្វីលីពីន។ល។ គួរព្រួយបារម្ភអំពីការឆ្លើយតបទៅនឹងអាហ្វហ្គានីស្ថាន។ ការដកចេញនាំឲ្យមានការចោទសួរពីសមត្ថភាពនៃការសម្រេចចិត្តរបស់រដ្ឋបាល បៃដិន ឆ្លើយតបចំពោះអាហ្វហ្គានីស្ថាន។
លោក ហាស់ សាន៖ សូមអរគុណ! លោកស្រី ស៊ូ តើសម្ពន្ធមិត្តរបស់យើងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកអាចទុកចិត្តអាមេរិកដែរឬទេ?
លោកស្រី ស៊ូ ឡាក់៖ បើនិយាយពីសម្ពន្ធមិត្តរបស់យើង ខ្ញុំជឿជាក់ថា ពួកគេនឹងនៅតែបន្តជឿជាក់លើអាមេរិក ប៉ុន្តែបើក្រឡេកមើលទៅក្រោយវិញ ខ្ញុំគ្រាន់តែចង់ដកស្រង់សម្ដីរបស់ Nikki Haley នៅពេលគាត់និយាយថា ផ្អែកលើការសម្រេចចិត្តរបស់ប្រធានាធិបតី បៃដិន ដូចជាការសម្រេចចិត្តប្រអប់ចាកចេញពីអាហ្វហ្គានីស្ថាន ទុកឱ្យជនជាតិអាមេរិកជាប់គាំង សម្ពន្ធមិត្តរបស់យើងភាគច្រើននឹងបន្តសម្លឹងមើលយើង ថាតើយើងមានមេដឹកនាំដែលគ្មានសមត្ថភាព ធ្វើឲ្យអាមេរិកខ្សោយ នៅពេលអាមេរិកខ្សោយ ប្រទេសភាគច្រើនដែលស្អប់អាមេរិក នឹងចង់ទាញយកផលប្រយោជន៍ពីវា។
តាមសម្ដី Nikki Haley នេះ មានន័យថា នៅពេលអាមេរិកខ្សោយ វាលើកទឹកចិត្តឱ្យចិនលេបកោះតៃវ៉ាន់ ហើយតៃវ៉ាន់គឺជាសម្ពន្ធមិត្តមួយរបស់អាមេរិក។ ការព្យាយាមបញ្ចប់លេបកោះតៃវ៉ាន់នោះ វាដូចជាបង្កើតទស្សនៈសម្រាប់អន្តរជាតិឲ្យនិយាយថា តើមានអ្វីកើតឡើង? អាមេរិកជាប្រទេសមួយ ជាសាលារៀនបង្កើតសន្តិភាព និងអាចជួយប្រទេសតូចៗទាំងនោះ អាចគាំទ្រសម្ពន្ធមិត្តរបស់ខ្លួន។ នៅពេលលោកធ្វើការសម្រេចចិត្តម៉ឺងម៉ាត់ មិនទុកឲ្យជនជាតិអាមេរិកាំងជាប់គាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន វានឹងប្រាប់ពិភពលោកថា អាមេរិកពិតជាអាចជឿទុកចិត្តបាន អាចការពារយើងបាន ជាសម្ពន្ធមិត្ត យើងជាអ្នកនាំផ្លូវ ជាអ្នករក្សាសន្តិភាព។
លោក ហាស់ សាន៖ តាមទស្សនៈ និងការយល់ឃើញរបស់លោកស្រី មានមនុស្សជាច្រើនគិតថារបៀបដែលប្រធានាធិបតី បៃដិន កំពុងដោះស្រាយការជម្លៀសជនជាតិអាហ្វហ្គានីស្ថាន ជនជាតិអាមេរិក និងសម្ពន្ធមិត្តអាហ្វហ្គានីស្ថាន បង្ហាញពីភាពទន់ខ្សោយចំពោះសម្ពន្ធមិត្ត និងមិត្តភ័ក្ដិរបស់យើងនៅក្នុងតំបន់ផ្សេងទៀត។
តើលោកស្រី អូលីវៀ គិតថាប្រធានាធិបតី បៃដិន ប្រហែលជាប្រញាប់ធ្វើការសម្រេចចិត្តអំពីការដកកងទ័ពដោយមានពេលវេលាមិនប្រាកដប្រជាដែរឬទេ?
លោកស្រី អូលីវៀ អ៊ីណូស៖ សំណួរធំមួយដែលមនុស្សគ្រប់គ្នាមាន គឺហេតុអ្វីបានជាមានការសន្មតថាមិនអាចទុកកងទ័ព ហើយនៅតែគិតថាជាសង្គ្រាមបច្ចេកទេសត្រូវបញ្ចប់? យើងមានឧទាហរណ៍អំពីរឿងនេះនៅទូទាំងអាស៊ី នៅកូរ៉េខាងត្បូង និងនៅជប៉ុន។ យើងទុកវត្តមានកងទ័ពជាអចិន្ត្រៃយ៍នៅទីនោះ ហើយគ្មាននរណាគិតថាយើងធ្វើសង្គ្រាមក្តៅក្នុងពេលណាមួយនោះទេ ប៉ុន្តែវាជួយយើងត្រៀមបានល្អជាងមុន។ វាក៏បញ្ជូនសញ្ញាច្បាស់លាស់ថា យើងអាចត្រៀមសន្តិសុខ និងសុវត្ថិភាព។ ខ្ញុំចង់និយាយថា លោកមានសន្តិសុខនៅឧបទ្វីបកូរ៉េអស់ជាច្រើនឆ្នាំមកហើយ។ វាចំណាយតិច ទាំងកម្លាំង និងលុយដុល្លារ ឬទុកចោលកងទ័ព ២៥០០នាក់។ យើងឃើញអ្នកស្លាប់ និងរបួសជាច្រើន។ ខ្ញុំគិតថាមិនត្រូវដកចេញទេ។ ខ្ញុំមិនដឹងថាមានគុណសម្បត្តិអ្វីដែលត្រូវនាំកងទ័ពប្រុសស្រីទាំងនោះទៅផ្ទះវិញ។ វាពិតជាត្រូវមានការសម្រេចចិត្តត្រឹមត្រូវ។
ប្រសិនបើកងទ័ពអាមេរិកចំនួន ២៥០០នាក់ អាចផ្តល់សុវត្ថិភាព និងសន្តិសុខបាន ដើម្បីឱ្យស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថានអាចចូលរួមក្នុងសង្គមបាន យ៉ាងហោចណាស់មានសេរីភាព មានឱកាស យើងគួរតែទុកកងទ័ពនៅទីនោះ។ អ្វីដែលធ្វើឱ្យខ្ញុំខឹង រដ្ឋបាល បៃដិន កំពុងបន្តជាមួយការទាមទាររបស់ក្រុមតាលីបង់ ដែលយើងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែសីហា។ ប្រសិនបើមានជនជាតិអាមេរិកនៅសេសសល់ មានជនជាតិអាហ្វហ្គានីស្ថាន ដែលបានដាក់ជីវិតរបស់ពួកគេនៅលើសមរភូមិ ដើម្បីធានាជោគជ័យបន្តប្រតិបត្តិការអាមេរិក ក្រុមគ្រួសារ កូនៗរបស់ពួកគេ ជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់។ យើងអាចចាកចេញនៅខែសីហា។ ខ្ញុំបានឃើញនៅថ្ងៃនេះថា មកដល់ពេលនេះ មនុស្សជិត ៩០០០០នាក់ត្រូវបានជម្លៀសចេញ គួរឲ្យសរសើរ។
ទាំងអស់នេះគួរតែត្រូវបានគេយកចិត្តទុកដាក់គិតគូរ មិនគួរទុកចោលជនជាតិអាមេរិកាំង ឬអាហ្វហ្គានីស្ថានដែលបានជួយយើងពិតប្រាកដនោះទេ។
លោក ហាស់ សាន៖ លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ថា លោកគ្រាន់តែអនុវត្តតាមអ្វីដែលបានចរចាដោយប្រធានាធិបតី ត្រាំ ដែលចង់ដកកងទ័ពចេញពីអាហ្វហ្គានីស្ថានត្រឡប់មកវិញនៅពេលដែលគាត់កាន់អំណាចនៅសេតវិមាន ហើយគាត់ធ្វើមិនសម្រេចបាន ហើយប្រធានាធិបតី បៃដិន ធ្វើបន្ត ព្រោះកិច្ចព្រមព្រៀងនេះគឺជាអ្វីដែលពួកគេព្យាយាមចរចាជាមួយក្រុមតាលីបង់។ ខ្ញុំមិនដឹងថានរណាកំណត់ថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហា ដែលមានកងទ័ពរាប់ពាន់នាក់។ ខ្ញុំក៏មិនស្គាល់សម្ពន្ធមិត្តរាប់សិបពាន់នាក់ អ្នកគាំទ្រអាហ្វហ្គានីស្ថាន អ្នកបកប្រែ អ្នកជួយ និងក្រុមគ្រួសាររបស់ពួកគេដែរ។
ក្នុងនាមជាជនភៀសខ្លួន ឬមានឪពុកម្តាយជាជនភៀសខ្លួនពីប្រទេសកម្ពុជា លោកស្រីប្រហែលជាធ្លាប់ឮចាស់ៗនិយាយរៀបរាប់ពីរឿងរ៉ាវដ៏អាក្រក់នៅក្រោមរបបខ្មែរក្រហម តើលោកស្រី ស៊ូ គិតយ៉ាងម៉េចដែរនៅពេលឃើញរូបភាពចេញពីអាហ្វហ្គានីស្ថាន? តើវាធ្វើឲ្យលោកស្រីនឹកឃើញពីអ្វីដែលបានកើតឡើងនៅឆ្នាំ១៩៧៥ ដែរឬទេ?
លោកស្រី ស៊ូ ឡាក់៖ វាពិតជារម្លឹកខ្ញុំឲ្យនឹកឃើញ តើមានមនុស្សប៉ុន្មាននាក់ដែលខំប្រឹងព្យាយាមរត់គេចខ្លួនពីតំបន់សង្គ្រាម ព្យាយាមលោតតោងឡើងយន្តហោះ ដើម្បីទៅកន្លែងមានសន្តិសុខ។ វាជាការរម្លឹកពីរបៀបដែលឪពុកម្តាយខ្ញុំរត់គេចពីវាលពិឃាត។ វាគួរឱ្យរន្ធត់ដូចលោកស្រី អូលីវៀ និយាយថា ការសម្រេចចិត្តដែលក្រុម បៃដិន សម្រេចចិត្តដកចេញ គឺមិនធ្វើតាមការអំពាវនាវទេ ព្រោះប្រធានាធិបតី ត្រាំ បានកំណត់យុទ្ធសាស្ត្រពីរបៀបដកកងទ័ព មិនប្រកាសឲ្យសត្រូវដឹងពីការដកកងទ័ព ទុកឲ្យពួកគេដឹងពីកាលបរិច្ឆេទកំណត់ និងអនុញ្ញាតឱ្យពួកគេគ្រប់គ្រងប្រទេស។ នោះដូចជាការហៅប្រាប់ឲ្យមកកាន់កាប់អាហ្វហ្គានីស្ថានអ៊ីចឹង។ ធ្វើសេចក្តីប្រកាសដោយមិនបានរៀបចំទុកមុន វិធីដែលប្រធានាធិបតី ត្រាំ កំណត់យុទ្ធសាស្ត្ររបស់គាត់។ គាត់បានរៀបចំអ្វីៗគ្រប់យ៉ាង។ នេះបើយោងតាមសារព័ត៌មាន Newsmax ជាយុទ្ធសាស្ត្រដែលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញ។
ទី១ ការជម្លៀសដោយសុវត្ថិភាពជាការសម្រេចចិត្តមួយមុនពេលដកចេញការពិតប្រាកដ ហើយទី២ ត្រូវធានាថា អាវុធទាំងអស់ត្រូវបានយកចេញ មិនត្រូវទុកអាវុធចោលនៅទីនោះ។ អ្វីដែល បៃដិន បានធ្វើនោះ គឺគាត់បានទុកចោលអាវុធអាមេរិករាប់ពាន់លានដុល្លារ ដែលនាំឲ្យក្រុមតាលីបង់មានលទ្ធភាពទទួលបានឧបករណ៍យោធាអាមេរិក។ នោះគឺគ្រោះថ្នាក់ណាស់ ពីព្រោះមានប្រទេស ឬសម្ពន្ធមិត្តផ្សេងទៀតដែលមិនមានឧបករណ៍ប្រភេទនេះ ហើយនៅទីបំផុត ក្រុមតាលីបង់ អាចប្រើវាដើម្បីបំផ្លាញសម្ពន្ធមិត្តរបស់យើង ជាពិសេសអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក ភាគច្រើនដូចជាកម្ពុជា មិនមានឧបករណ៍ប្រភេទនេះទេ។ ចុះបើក្រុមតាលីបង់ សម្រេចចិត្តបាញ់បោះមកលើប្រទេសសម្ពន្ធមិត្តយើងវិញ។ យើងមិនដឹងពីការសម្រេចចិត្តរបស់គេយ៉ាងណាទេ ប្រសិនបើពួកគេអាចទទួលបានអាវុធ និងឧបករណ៍យោធារបស់យើងទាំងអស់ទៅប្រើប្រាស់ នោះពិតជាគ្រោះថ្នាក់ខ្លាំងណាស់។
លោក ហាស់ សាន៖ ឧបករណ៍ អាវុធគ្រប់ប្រភេទ សូមកែតម្រូវបើខ្ញុំនិយាយខុស ត្រូវបានផ្តល់ទៅឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលជាសម្ពន្ធមិត្តរបស់យើង។ យើងមានយន្តហោះ កាំភ្លើងធំ និងរថក្រោះសម្រាប់កងទ័ពនៅទីនោះ ដើម្បីការពារប្រទេស ដើម្បីការពារ តែយ៉ាងណាមិញ ប្រធានាធិបតីបានរត់ចេញពីប្រទេស គ្មានកម្លាំងប្រយុទ្ធទប់ទល់នៅទីនោះទេ។ តាមពិត អាមេរិកមិនគ្រាន់តែវេចបង្វេច ហើយចាកចេញដោយមិនយកឧបករណ៍របស់ពួកគេទៅជាមួយប៉ុណ្ណោះទេ ខ្ញុំជឿថា អាវុធ និងឧបករណ៍ទាំងអស់នោះមិនបានផ្តល់ដល់កងកម្លាំងអាហ្វហ្គានីស្ថានទេ។
សំណួរបន្ទាប់ ខ្ញុំសូមសួរលោកស្រី អូលីវៀ ការគាំទ្រក្នុងចំណោមពលរដ្ឋអាមេរិកជាច្រើនចំពោះសង្គ្រាមអាហ្វហ្គានីស្ថាន ហាក់ដូចជារសាត់បាត់ទៅ ប្រធានាធិបតី បៃដិន ឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាជន។ ការដកខ្លួនចេញគឺជាចំណុចនៃការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ប៉ុន្តែវិធីដកខ្លួនចេញ និងផែនការជម្លៀសចេញ គឺជាការជំទាស់ និងប្រឆាំងជាចម្បងក្នុងពេលបច្ចុប្បន្ន តើលោកស្រី អូលីវៀ មានទស្សនៈយ៉ាងណាចំពោះរឿងនោះ?
លោកស្រី អូលីវៀ អ៊ីណូស៖ ពលរដ្ឋអាមេរិកាំងជាច្រើនលែងចង់ឲ្យមានសង្គ្រាមនៅអាហ្វហ្គានីស្ថានជាយូរមកហើយ។ ជាទូទៅ ពលរដ្ឋអាមេរិកមិនពូកែខាងចាញ់ទេ វាស្តាប់ទៅអាក្រក់ ប៉ុន្តែការឆ្លើយតបដែលយើងឃើញលើអាហ្វហ្គានីស្ថាន គឺប្រហែលគ្នាទៅនឹងការឆ្លើយតបទៅនឹងសង្គ្រាមវៀតណាម។ ជាអកុសលដែលសម្ពាធប្រភេទនោះពិតជាបានកើតឡើងនៅក្នុងពលរដ្ឋអាមេរិកគ្មានការសង្ស័យឡើយចំពោះអ្នកនយោបាយ និងបុគ្គលនៅក្រុងវ៉ាស៊ីនតោន។ សង្ឃឹមថាអ្នកធ្វើគោលនយោបាយនឹងគិតទ្វេដងអំពីអំណះអំណាងនាំកងទ័ពប្រុសស្រីរបស់យើងមកផ្ទះវិញ។ យើងមិនចង់ដាក់មនុស្សក្នុងគ្រោះថ្នាក់ទេ ប៉ុន្តែនៅពេលទៅបំពេញបេសកកម្ម នៅពេលចូលទៅក្នុងស្ថាប័នសន្តិសុខ លោកមិនចេះតែអាចចាកចេញបានទេ ដរាបណាលោកសម្រេចបេសកកម្មនោះចប់សព្វគ្រប់។ វាជាការសម្រេចចិត្តដ៏អន់បំផុតមួយ ប៉ុន្តែរឿងមួយដែលខ្ញុំត្រូវបានលើកទឹកចិត្តយ៉ាងពិតប្រាកដ វាមានសារសំខាន់ មានភាពធន់ ទាំងប្រជាជនអាមេរិក និងអាហ្វហ្គានីស្ថាន។
ឥឡូវនេះ ប្រជាជនអាមេរិកកំពុងសន្យាតាមមធ្យោបាយរៀងៗខ្លួនជាច្រើន។ ពីដំបូង យើងគិតថាប្រហែលជាមានមនុស្សកាន់តែច្រើនដែលមានយន្តហោះឯកជនខិតខំនាំជនជាតិអាហ្វហ្គានីស្ថានមកកាន់សហរដ្ឋអាមេរិក។
ឥឡូវនេះ យើងឃើញប្រជាជនកំពុងកៀរគរជួយអ្នកតាំងទីលំនៅថ្មី និងជាពិសេសអ្នករស់នៅក្នុងតំបន់ក្រុងវ៉ាស៊ីងតោន និងម៉ារីឡែន។ សូម្បីតែរដ្ឋកាលីហ្វ័រញ៉ា ពួកគេនឹងឲ្យពលរដ្ឋអាហ្វហ្គានីស្ថានទៅតាំងទីលំនៅថ្មីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យើងមានឱកាសបោះជំហានទៅមុខ និងបំពេញចន្លោះប្រហោង ឬប្រហែលជារដ្ឋបាលបានធ្លាក់ចុះនៅពេលឆ្លើយតប ប៉ុន្តែសម្រាប់អ្នកដែលធ្វើវានៅទីនេះ យើងអាចជាអ្នកជិតខាងល្អចំពោះពួកគេ។ សង្ឃឹមថានោះជារបៀបដែលយើងបោះជំហានទៅមុខ។
យើងនឹងបង្ហាញថាប្រជាជនអាមេរិកមានខ្នងបង្អែក សង្ឃឹមថាយើងអាចព្យាយាម និងដាក់ចេញនូវគោលនយោបាយមួយចំនួនដើម្បីធ្វើឱ្យប្រាកដថា អ្នកដែលត្រូវបានគេទុកចោលមានសិទ្ធិទទួលបានការការពារ។ ខ្ញុំព្រួយបារម្ភ ជាពិសេសចំពោះស្ត្រី និងក្មេងស្រី ក្រុមតាលីបង់ទាំងអស់នោះមិនមែនជាមនុស្សមានការកែទម្រង់ទេ ពួកគេជាមនុស្សឃោរឃៅ៕