29 C
Phnom Penh

ពលរដ្ឋ​ចោទ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង់​រីស្សត​រំលោភ​ដី​ចំណី​ឆ្នេរ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​កោះរ៉ុងសន្លឹម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​សាធារណជន បាន​អះអាង​ថា សំណង់​រឹងមាំ​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ ចាក់​ដី​លុប និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​សមុទ្រ​បាន​កើតឡើង​ជាច្រើន​កន្លែង​នៅ​លើ​ឆ្នេរ​កោះរ៉ុង​សន្លឹម ស្ថិត​ក្នុង​ក្រុង​កោះរ៉ុង ដោយ​មាន​មិន​មាន​ហាមឃាត់​ពី​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​ឡើយ។

ប្រភព​ពី​មន្ត្រី​រាជការ​នៃ​រដ្ឋបាល​ក្រុង​កោះរ៉ុង ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​សំណង់​រឹងមាំ និង​សំណង់​សង់​អត់​ច្បាប់​ជាច្រើន​ទីតាំង រួម​មាន ផ្ទះ​លម្ហែ រីស្សត និង​បឹង​ហ្គាឡូ ជាដើម បាន​សង់​រំលោភ​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ មិន​ត្រឹម​តែប៉ុណ្ណោះ ទីតាំង​ទាំងនោះ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ កាប់​បំផ្លាញ​ព្រៃឈើ​នៅ​លើ​កោះរ៉ុង​សន្លឹម​យ៉ាង​អនាធិបតេយ្យ។

ប្រភព​បន្ត​ថា ម្ចាស់​សំណង់​ដែល​បាន​សង់​រំលោភ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​កោះរ៉ុងសន្លឹម គឺ​ម្ចាស់​ទីតាំង​ខ្លះ​មាន​ងារ​ជា​ឧកញ៉ា និង​ខ្លះ​ទៀត​មាន​ឋានៈ​ពាក់​ផ្កាយ គឺ​ចាប់ពី​ផ្កាយ​១ រហូត​ដល់​ផ្កាយ​៤ គឺ​មាន​ទាំង​ស្ថាប័ន​កងទ័ព​ជើងគោក ជើងទឹក និង​មន្ត្រី​នគរបាល​ជាន់ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ ដូចជា​ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សង់​សំណង់​រឹងមាំ​ប៉ះពាល់​ដល់​ដី​ចំណី​ឆ្នេរសមុទ្រ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​កោះរ៉ុងសន្លឹម​ដែរ។

បញ្ហា​នេះ ទាំង​មន្ត្រី​រាជការ និង​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ឃើញ​ទិដ្ឋភាព​ការ​បំផ្លាញ​ព្រៃឈើ ចាក់​ដី​លុប​ឆ្នេរសមុទ្រ ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ និង​ការ​សង់​សំណង់​រឹងមាំ​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ​កោះរ៉ុងសន្លឹម បាន​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ពី​ផល​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​នេះ​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព។

ប្រភព​បញ្ជាក់​ថា កន្លងមក​នេះ ទាំង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ហាក់​មិន​រវល់​អើពើ​ក្នុង​ការ​ទប់ស្កាត់​ឡើយ។

ប្រភព​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បាន​ចោទប្រកាន់​ឧត្តមមន្ត្រី​នៃ​គណបក្ស​ប្រជាជន​ទាំង​ពីរ​រូប គឺ​លោក គួច ចំរើន និង​លោក ជា សុផារ៉ា មិនមែន​ជា​មន្ត្រី​មាន​ប្រវត្តិ​ស្អាតស្អំ​ឡើយ។ ឧត្តមមន្ត្រី​ទាំង​ពីរ​រូប​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទប្រកាន់​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​ជួយ​រៀបចំ​ឯកសារ​ច្បាប់ ដើម្បី​ឈាន​ទៅ​បំផ្លាញ​ទ្រព្យសម្បត្តិ ឬ​ដី​សាធារណៈ​របស់​រដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ប្រែក្លាយ​ឲ្យ​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន​ដែល​ត្រូវជា​បក្ខពួក សាច់ញាតិ និង​យក​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​បំផ្លាញ​ដី​ព្រៃឈើ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​រាម បំផ្លាញ​បឹង​អូរ​ធម្មជាតិ បំផ្លាញ​ដី​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២ និង​បំផ្លាញ​ដី​ប្រភព​ទឹក​ក្បាលឆាយ ជាដើម។

ទាក់ទង​នឹង​ការ​ចោទប្រកាន់​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក គៀត ច័ន្ទថារិទ្ធ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ថា​រូបលោក​បាន​សង់​បឹង​ហ្គាឡូ ឬ​រីស្សត នាំ​ឲ្យ​ប៉ះពាល់​ដី​ចំណី​ឆ្នេរសមុទ្រ​មាន​ទីតាំង​នៅ​សង្កាត់​កោះរ៉ុងសន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ បាន​ទេ​នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​កញ្ញា។ ចំណែក​ឯ​លោក គួច ចំរើន និង​លោក ជា សុផារ៉ា ក៏​មិន​ទាន់​មាន​ប្រភព​ដើម្បី​ស្នើសុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស