30 C
Phnom Penh

លោក ហ៊ុន សែន ប្ដេជ្ញា​រក្សា​នូវ​សន្តិភាព​ជូន​កម្ពុជា​ឲ្យខាងតែ​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ប្ដេជ្ញា​ថា​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ លោក​នឹង​រក្សា​នូវ​សន្តិភាព និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួល​បាន​ដោយ​លំបាក​ឱ្យ​បាន​ជាដាច់ខាត ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​ចីរភាព។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ពី​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​អាច​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក ក្រោយ​កម្ពុជា​ឆ្លងកាត់​នូវ​វិបត្តិ​ភ្លើង​សង្គ្រាម​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក។

បុរស​ខ្លាំង​ដែល​តែង​គំរាម​ចាប់​ពលរដ្ឋ​ខ្លួនឯង បាន​អះអាង​ថា លោក​សូម​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​អបអរ​សាទរ​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ជា​សកល​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព និង​បង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​បន្ត​កសាង និង​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស​យូរ​អង្វែង។

បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា លោក​តែង​ប្រើ​អំណាច​យោធា​ជាជាង​ប្រើ​ច្បាប់​របស់​ប្រទេស រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ ជាដើម ប៉ុន្តែ​បុរស​ខ្លាំង​រូប​នេះ​តែង​គំរាម​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ទន្ទេញ​ពាក្យ «អរគុណ​សន្តិភាព» ខណៈ​សកម្មជន​នានា​ត្រូវ​រង​ការ​ចាប់​ខ្លួន​ជាបន្តបន្ទាប់​នៅ​ពេល​ពួកគេ​រិះគន់​ការ​ដឹកនាំ​របស់​លោក។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក្នុង​លិខិត​អបអរ​សាទរ​ក្នុង​ទិវា​សន្តិភាព​អន្តរជាតិ ក្នុង​គោលបំណង​លើក​ពី​គុណសម្បត្តិ​របស់​គាត់ និង​បក្ខពួក​របស់​គាត់ ដើម្បី​ធានា​ការ​ថែរក្សា​អំណាច​បន្ត​ទៀត​ប៉ុណ្ណោះ មិនមែន​ជា​ខ្លឹមសារ​បង្ហាញ​ពី​សន្តិភាព​របស់​កម្ពុជា​នោះ​ទេ។

លោក​អះអាង​ថា ខ្លឹមសារ​ពិតប្រាកដ​នៃ​សន្តិភាព​នៅ​កម្ពុជា លុះត្រាតែ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន អាច​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើម​ទាំងស្រុង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ព្រោះថា​អត្ថន័យ​ពិត​របស់​កិច្ចព្រមព្រៀង​នេះ គឺ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ធានា​នូវ​ភាព​ជា​ម្ចាស់​ប្រទេស​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​សម្រេច​ជោគវាសនា​កម្ពុជា ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លោក គឹម សុខ បញ្ជាក់​ថា ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ នេះ ក៏​បាន​ចែង​ពី​ការ​ធានា​នូវ​យុត្តិធម៌​សង្គម​ដែល​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ដឹកនាំ​ជាតិ​ប្រកប​ដោយ​សមធម៌​ផង​ដែរ ដូច្នេះ​នៅ​ពេល​រដ្ឋាភិបាល​ដឹកនាំ​ប្រាសចាក​ពី​ស្មារតី​ដើម​នៃ​កិច្ចព្រមព្រៀង​នេះ​ហើយ គឺ​មានន័យ​ថា​កម្ពុជា​គ្មាន​សន្តិសុខ​ជាតិ​នោះ​ទេ បើ​គ្មាន​សន្តិសុខ​ជាតិ មានន័យ​ថា កម្ពុជា​ក៏​គ្មាន​សន្តិភាព​នោះ​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា នៅ​លើ​ពិភពលោក​គ្មាន​សន្តិភាព​ឯណា​កើតឡើង​ក្រោម​ការ​គំរាមកំហែង ក្រោម​ការ​ចាប់ចង និង​ក្រោម​សម្រែក​ដ៏​ឈឺចាប់​របស់​ពលរដ្ឋ​រាប់​លាន​នាក់​នោះ​ទេ ប៉ុន្តែ​សន្តិភាព​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺជា​សន្តិភាព​ក្រោម​ចុង​កាណុង​របស់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​តែប៉ុណ្ណោះ។

កាលពី​អំឡុង​ឆ្នាំ​២០២០ របាយការណ៍​មួយ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ស្ដីពី​នីតិរដ្ឋ​នៅ​កម្ពុជា បាន​ផ្តល់​ពិន្ទុ​ឲ្យ​កម្ពុជា​ជាប់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨ នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាក្រក់​បំផុត​នៅ​ក្នុង​លោក ប៉ុន្តែ​ល្អ​ជាង​តែ​ប្រទេស​វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស