ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចដោះលែងពលរដ្ឋដែលតវ៉ារឿងដីធ្លីចំនួន ៩នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញហើយ ក្រោយពីពួកគេទទួលយកលក្ខខណ្ឌឈប់តវ៉ា និងទទួលយកសំណងតាមដែលអាជ្ញាធរកំណត់ ៨ដុល្លារក្នុង ១ម៉ែត្រការ៉េនោះ។
បន្ទាប់ពីឃុំខ្លួនពលរដ្ឋទាំង ៩នាក់នៅក្នុងពន្ធនាគាររយៈពេលជិត ១០ថ្ងៃមក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា បានចេញដីកាសម្រេចដោះលែងអ្នកតវ៉ាដីធ្លីទាំង ៩នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ។ តាមដីកាសម្រេចបញ្ជាក់ថា ពួកគេទាំង ៩នាក់ត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ ឬឃ្លាំមើលពីតុលាការដដែល។
ពលរដ្ឋដែលតវ៉ារឿងដីធ្លីទាំង ៩នាក់នោះ តុលាការខេត្តកណ្ដាល ចោទប្រកាន់ចំនួន ៣បទចោទ ក្នុងនោះរួមមាន៖
- បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
- បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
- និងបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោស។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្តាល បានប៉ះទង្គិចគ្នាជាមួយនឹងសមត្ថកិច្ចក្រោយពីសមត្ថកិច្ចទាំងនោះបានដាក់របាំងដែក និងរារាំងក្រុមប្រជាពលរដ្ឋមិនឱ្យចូលទៅមើលដីស្រែ ខណៈក្រុមហ៊ុនកំពុងឈូសឆាយដោយមិនទាន់ដោះស្រាយសំណងសមរម្យជូនពួកគេ។
ក្រោយពីមានការប៉ះទង្គិចគ្នានោះ សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋ ៣០នាក់បញ្ជូនទៅតុលាការ ប៉ុន្តែបានដោះលែងពលរដ្ឋចំនួន ២១នាក់វិញ ខណៈពលរដ្ឋ ៩នាក់ផ្សេងទៀតត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល ក្រោមបទចោទប្រកាន់ថា បានបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចបណ្ដាលឱ្យរងរបួស។
សារព័ត៌មាន VOD បានដកស្រង់សម្ដីពលរដ្ឋរងគ្រោះដីធ្លីចុះផ្សាយនៅថ្ងៃនេះថា ការដោះលែងពលរដ្ឋទាំង ៩នាក់នេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានតម្រូវឱ្យពួកគេទាំងនោះធ្វើលិខិតស្នាមផ្ដិតមេដៃសុំទោស បញ្ឈប់ការតវ៉ា និងតម្រូវឱ្យពលរដ្ឋទទួលយកសំណងត្រឹម ៨ដុល្លារក្នុង ១ម៉ែត្រការ៉េតាមការកំណត់របស់អាជ្ញាធរ ទោះបីកន្លងមក ពួកគេមិនព្រមទទួលយកសំណងក្នុងតម្លៃនេះ ស្របពេលដែលដីនៅក្បែរនោះមានតម្លៃចាប់ពី ២០ ទៅ ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រជាពលរដ្ឋបានចេញលិខិតចំហមួយច្បាប់បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ នេះបានប៉ះពាល់ដីធ្លីរបស់ពលរដ្ឋ ៣៣០គ្រួសារនៅក្នុងឃុំចំនួន៤ ក្នុងនោះមានឃុំបឹងខ្យង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង ១លានម៉ែត្រការ៉េ៕