38 C
Phnom Penh

ក្រុម​ឈ្មួញ​ចោទ​ប្រធាន​គយ​ចល័ត​តំបន់​៣ និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ឈ្មួញ​ប្រកប​របរ​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៤៨ ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៤ ជាដើម ចោទ​លោក នុត លីឆូយ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣ ដែល​ទទួល​បន្ទុក ៥​ខេត្ត រួម​មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​កំពង់ស្ពឺ ថា​បាន​គាបសង្កត់​សកម្មភាព​ដឹក​ទំនិញ​របស់​ពួកគាត់ គំរាម​ជំរិត​ទារ​ប្រាក់​តាម​តែ​ចិត្ត​ចង់​បាន។

ឈ្មួញ​មួយ​ចំនួន​បាន​អះអាង​ថា ជាបន្តបន្ទាប់​មកនេះ រាល់​ការ​ដឹក​ទំនិញ​របស់​ពួកគាត់ ទោះបី​ការ​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​បាន​បង់​ពន្ធ​នាំចូល​ត្រឹមត្រូវ​បែប​ណា​ក្តី ក៏​ចៀស​មិន​ផុត​ពី​ក្រុម​មន្ត្រី​គយ​ចល័ត​តំបន់​៣ ដឹកនាំ​ដោយ​លោក នុត លីឆូយ ចុះ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ទាំងអស់​នោះ​មក​គំរាម​ឲ្យ​បង់​លុយ​ពុករលួយ ឬ​លុយ​ក្រោម​តុ​ជូន​ក្រុម​មន្ត្រី​គយ​តំបន់​៣ ខាងលើ​នេះ​តាម​ការ​ទាមទារ​របស់​ពួកគេ​ដែរ។

ប៉ុន្តែ​បើ​ពួកគាត់​ជា​អ្នក​ដឹក​ទំនិញ​មិនព្រម​បង់​លុយ​ជូន​ពួកគេ​ឲ្យ​បាន​គ្រប់​ចំនួន​ទេ នឹង​មាន​បញ្ហា​ជាក់​ជាមិនខាន ឬ​មិន​អាច​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ភូមិសាស្ត្រ​ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​កំពង់ស្ពឺ បាន​ទេ។

ក្រុម​ឈ្មួញ​មួយ​ចំនួន​សំណូមពរ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ទៅលើ​សកម្មភាព​របស់​លោក នុត លីឆូយ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣ ឲ្យ​បាន​ឆាប់​ដោយ​អនុគ្រោះ​ផង ត្បិត​សកម្មភាព​របស់​មន្ត្រី​គយ​ចល័ត​តំបន់​៣ ដឹកនាំ​ដោយ​លោក នុត លីឆូយ បាន​បង្ក​ផលវិបាក​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគាត់ ព្រោះ​មន្ត្រី​គយ​ចល័ត​តំបន់​៣ នេះ បាន​យក​ជំនាញ ឬ​ប្រើ​បច្ចេកទេស​របស់​ខ្លួន​មក​គំរាម​ឲ្យ​ពួកគាត់​បង់​លុយ​ពុករលួយ​ជូន​ពួក​មន្ត្រី​ទាំងនោះ​បាន​ដាច់ខាត។

បន្ថែម​លើ​នេះ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​មួយ​ចំនួន ក៏​បាន​សំណូមពរ​ទៅ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជួយ​ពិនិត្យ​សកម្មភាព​អនុវត្ត​ការងារ​របស់​លោក នុត លីឆូយ ដែល​យក​តួនាទី​មក​គំរាម​ជំរិត​ទារ​លុយ​ពី​ពួកគាត់​ទាំង​បំពាន​ជាបន្តបន្ទាប់​មកនេះ​ឲ្យ​បាន​ឆាប់​ផង។

ទោះ​ជា​បែប​នេះ​ក្តី The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ដើម្បី​ទាក់ទង​លោក នុត លីឆូយ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ ហើយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​មិន​ទាន់​អាច​សុំ​អត្ថាធិប្បាយ​បាន​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស