34 C
Phnom Penh

លោក ហ៊ុន សែន៖ ច្បាប់​និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​រដ្ឋ​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ច្បាប់ និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវតែ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត។

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ចំណុច​សំខាន់ៗ​បំផុត​ដែល​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

លោក ហ៊ុន សែន លើកឡើង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​បាន​ចែង​អំពី​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ដាច់ដោយឡែក​ពី​គ្នា​ផង​ដែរ គឺ​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ហើយ​លើស​ពី​នេះ​ទៅ​ទៀត ក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​គោលការណ៍​នីតិរដ្ឋ​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង និង​ឡាយ​ព្រះហស្តលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ដែល​បាន​ផ្ដួចផ្ដើម​ឡើង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

គិត​តាំងពី​ឆ្នាំ​១៩៩៤ មក រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​ចំនួន ៩​លើក​រួច​មក​ហើយ។ ការ​ធ្វើ​វិសោធនកម្ម​លើកដំបូង គឺ​នៅ​ឆ្នាំ​១៩៩៤ ដើម្បី​ផ្ដល់​សិទ្ធិ​ដល់​ប្រមុខ​រដ្ឋ​ស្ដីទី​ចុះហត្ថលេខា​លើ​ព្រះរាជក្រម ឬ​ព្រះរាជក្រឹត្យ នៅ​ពេល​អវត្តមាន​ព្រះមហាក្សត្រ និង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៧ ដែល​គេ​ចាត់ទុក​ថា​ជា​វិសោធនកម្ម​ដ៏​អាក្រក់​មួយ​ក្នុង​ទិសដៅ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រាប់​បិទ​សិទ្ធិ​មន្ត្រី​បក្ស​ប្រឆាំង​មិន​ឲ្យ​ធ្វើ​នយោបាយ និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

យ៉ាងណាក៏ដោយ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មេ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ដូច​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋធម្មនុញ្ញ​មិនមែន​ជា​ច្បាប់​ដែល​មិន​អាច​កែ​បាន​នោះ​ទេ ប៉ុន្តែ​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​នេះ​សុទ្ធតែ​មិន​បាន​បកស្រាយ​ដូច​គ្នា​អំពី​ការ​កែប្រែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ ថា​នឹង​ចម្រុង​ចម្រើន ឬ​មាន​គ្រោះថ្នាក់​ដល់​ជាតិ​កម្រិត​ណា​នោះ​ដែរ។ ជាពិសេស​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដោយ​រដ្ឋសភា​ជាតិ​ដែល​ដឹកនាំ​មេ​បក្ស​ធំៗ​ទាំង​ពីរ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ក្នុង​ឆ្នាំ​២០០៦ ដោយ​នាំគ្នា​កែប្រែ​រូបមន្ត​បង្កើត​រដ្ឋាភិបាល​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា គឺជា​ការ​ជួយ​ប្រគល់​អំណាច​ឱ្យ​លោក ហ៊ុន សែន រឹត​តែ​ខ្លាំង​ថែមទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល ទាមទារ​ឱ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចេញ​មុខ​បកស្រាយ​ខ្លឹមសារ​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ ផ្គូផ្គង​នឹង​ខ្លឹមសារ​ក្រម​ព្រហ្មទណ្ឌ​ស្ដីពី​បទ​ញុះញង់​មាត្រា​៤៩៤ និង ៤៩៥ ថា​តើ​ខ្លឹមសារ​ទាំងនោះ​មាន​អត្ថន័យ​ស្រប​គ្នា ឬ​ផ្ទុយគ្នា​បែប​ណា ដើម្បី​បញ្ជាក់​ជូន​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​ឱ្យ​បាន​ច្បាស់។

លោក​បញ្ជាក់​ថា ក្នុង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ពី​ការ​ការពារ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ខណៈ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន តែង​ប្រើ​ក្រម​ព្រហ្មទណ្ឌ​មាត្រា​៤៩៤ និង ៤៩៥ នេះ ដើម្បី​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​ដោយ​អហិង្សា​ទៅវិញ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​កែប្រែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​កន្លងមក គឺជា​ការ​បើក​ផ្លូវ​ឈាម​ឱ្យ​បក្ខពួក​លោក ហ៊ុន សែន អាច​កែ​សម្រួល និង​រៀបចំ​បង្កើត​ច្បាប់​ថ្មីៗ​បន្ថែម​ទៀត​មាន​ដូចជា៖

  • ច្បាប់​បាតុកម្ម
  • ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ
  • ច្បាប់​ស្ដីពី​ការ​បោះឆ្នោត
  • ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាដើម ក្នុង​ចេតនា​ដើម្បី​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ឆ្ពោះ​ទៅ​សម្រេច​មហិច្ឆតា​ក្តាប់​អំណាច​គ្មាន​ពេល​កំណត់​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត សាម អ៊ីន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ កញ្ញា ថា កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចរិត​លក្ខណៈ​ប្រជាធិបតេយ្យ​ជឿនលឿន តែ​កម្ពុជា​នៅ​ខ្វះ​អ្នក​ដឹកនាំ​នយោបាយ​ដែល​មាន​ចរិត​ប្រជាធិបតេយ្យ​ជឿនលឿន និង​ចាស់ទុំ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​កម្ពុជា​រង​នូវ​វិបត្តិ​នយោបាយ​ឥត​ឈប់ឈរ​ដូច​សព្វថ្ងៃ​នេះ។

លោក​អំពាវនាវ​ឱ្យ​អ្នក​ដឹកនាំ​នយោបាយ​របស់​កម្ពុជា គោរព​និង​ប្រតិបត្តិ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ និង​គិត​ពិចារណា​ឱ្យ​បាន​វែងឆ្ងាយ និង​ល្អិតល្អន់​ជាទីបំផុត មុន​នឹង​សម្រេច​ធ្វើ​វិសោធនកម្ម​មាត្រា​ណាមួយ​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ចៀសវាង​ផល​អវិជ្ជមាន​ដល់​ដំណើរការ​លូតលាស់​របស់​កម្ពុជា។

ចំណែក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ខួប ២៨​ឆ្នាំ​នៃ​ការ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​នៅ​ថ្ងៃ​ទី​២៤ កញ្ញា ដែរ​ថា រយៈពេល ២៨​ឆ្នាំ​កន្លងមក​នេះ រដ្ឋាភិបាល​មិនទាន់​បាន​អនុវត្ត​នូវ​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៅឡើយ​ទេ ដែល​បណ្តាល​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​ធ្លាក់​ចុះ និង​តុលាការ​មិន​ឯករាជ្យ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​បាន​ប្រើប្រាស់​ស្ថាប័ន​តុលាការ​ជា​ឧបករណ៍​របស់​ខ្លួន ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ដល់​បច្ចុប្បន្ន​នេះ។

រីឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ទាំង​អយុត្តិធម៌​ពី​សំណាក់​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា លោក កឹម សុខា បាន​លើកឡើង​នៅ​ក្នុង​ទិវា​ខួប ២៨​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ថា មេដឹកនាំ​នៅ​កម្ពុជា​គួរតែ​រួបរួម​គ្នា​បញ្ឈប់​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​បន្ត​ទៀត។

លោក កឹម សុខា អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​គ្រប់​ភាគី​ទាំងអស់​នាំគ្នា​ការពារ គោរព និង​អនុវត្ត​រដ្ឋធម្មនុញ្ញ​តាម​ស្មារតី​ដើម​ដែល​មាន​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ជា​មូលដ្ឋាន និង​រួបរួម​គ្នា​ពង្រឹង​ស្មារតី​ឯកភាព​ជាតិ គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅមក លើក​កម្ពស់​គុណធម៌ និង​សីលធម៌ ដោយ​ចៀសវាង​នូវ​អំពើ​ហិង្សា បង្ក​ការ​ឈឺចាប់ និង​ការ​ជេរប្រមាថ​គ្នា​ដែល​នាំ​មក​នូវ​ការ​បែកបាក់ និង​មហន្តរាយ​ដល់​សង្គម​ជាតិ។

ចំណែក​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា លោក​សង្ឃឹម​ថា​កម្ពុជា​នឹង​មិន​ក្លាយ​ជា​របប​ផ្ដាច់ការ ខណៈ​កម្ពុជា​កំពុង​អបអរ​សាទរ​ទិវា​ខួប ២៨​ឆ្នាំ​នៃ​ការ​ប្រកាស​រដ្ឋធម្មនុញ្ញ​ជាតិ​នេះ។

លោក​ថា មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ តែងតែ​បារម្ភ​និង​មើលឃើញ​ថា ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​កំពុងតែ​ស្ថិត​ជា​ចំណាត់ថ្នាក់​ដើរ​ទៅ​រក​របប​ផ្ដាច់ការ ដែល​ដើរ​ផ្ទុយពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ខ្លួន​ជា​ភាគី​ហត្ថលេខី​ដែរ​នោះ។ រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា កម្ពុជា​មិន​អាច​ដូរ​របប​ចេញពី​សេរី​ពហុ​បក្ស​បាន​ឡើយ។ ក៏ប៉ុន្តែ​លោក​ដាក់​សំណួរ​ថា ដូរ​របប ឬ​មិន​ដូរ​របប តើ​ទម្រង់​ការ​ដឹកនាំ​ផ្ដាច់ការ​វា​បង្ហាញ​នូវ​ទិដ្ឋភាព​បែប​ណា?

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ទម្រង់​នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ គឺជា​ទម្រង់​នៃ​របប​ផ្ដាច់ការ ដោយសារតែ​មាន​ការ​ដឹកនាំ​ដោយ​បុគ្គល ឬ​បក្ស​តែ​មួយ​មាន​អំណាច​ដាច់ខាត។

ចំណែក​អ្នកវិភាគ​ចាស់​វស្សា​មួយ​រូប គឺ​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា​បើ​កម្ពុជា​គ្រាន់តែ​មាន​គោលការណ៍​អនុវត្ត​ប្រជាធិបតេយ្យ​មែន​នោះ របប​នយោបាយ​សព្វថ្ងៃ​គឺ​អធម្មនុញ្ញភាព និង​គ្មាន​ភាព​ស្រប​ច្បាប់។

ស្មារតី​ក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​កម្ពុជា បាន​ចែង​ថា យើង​ជា​ប្រជារាស្ត្រ​ខ្មែរ​ដែល​ធ្លាប់​មាន​អរិយធម៌​ឧត្តុង្គឧត្តម ប្រទេស​ជាតិ​ស្តុកស្តម្ភ បាន​ធ្លាក់​ខ្លួន​ដ៏​សែន​រន្ធត់​ក្នុង​អំឡុង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ប៉ុន្តែ​យើង​បាន​ភ្ញាក់​រឭក​ក្រោក​ឈរ​ឡើង​រួបរួម​គ្នា​ពង្រឹង​ឯកភាព​ជាតិ ដើម្បី​កសាង​ប្រទេស​ទៅជា​កោះ​សន្តិភាព​ឡើងវិញ ដោយ​ផ្អែកលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ធានា​សិទ្ធិមនុស្ស គោរព​ច្បាប់ និង​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​អនាគត​វាសនា​ប្រទេស​ជាតិ​របស់​ខ្លួន​ជា​និរន្តរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស