35 C
Phnom Penh

មន្ត្រី​នគរបាល​ប្តឹង​លោក​ផ្កាយ​៣ និង​បក្ខពួក​ទៅ​លោក ហ៊ុន សែន ថា​យក​កន្លែង​ធ្វើការ​សម្រាប់​ជួបជុំ​ផឹកស៊ី​និង​ច្រៀង​ឡូឡា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ធ្វើ​លិខិត​សរសេរ​ស្នើ​លោក សេង យូអ៊ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ទៅលើ​ឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា និង​បក្ខពួក ដែល​បាន​នាំគ្នា​ប្រមូល​ផ្តុំ​ផឹកស៊ី​ច្រៀង​រាំ​បង្ក​សំឡេង​រំខាន​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​កងកម្លាំង​នគរបាល​ជាតិ។

ការ​ស្នើ​ឲ្យ​មាន​វិធានការ​រដ្ឋបាល​ចំពោះ​ឧត្ដម​មន្ត្រី​ទាំងនោះ គឺ​បន្ទាប់ពី​ម្ចាស់​គណនី Facebook ឈ្មោះ San Bora បាន​ខំមិន (Comments) ចូល Page Facebook របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើសុំ​ឲ្យ​មាន​ចំណាត់ការ​ទៅលើ​ប្រធាន​នាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ និង​បក្ខពួក ដែល​បាន​ប្រមូល​ផ្តុំ​ផឹកស៊ី ច្រៀង​រាំ បង្ក​សំឡេង​រំខាន​នៅ​ក្នុង​អង្គភាព ព្រមទាំង​បាន​ភ្ជាប់​ឈ្មោះ និង​លេខ​ទូរស័ព្ទ​បក្ខពួក​ផង​នោះ។

លោក ឆាយ គឹមខឿន បាន​បញ្ជាក់​ក្នុង​លិខិត​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដោយ​បញ្ជាក់​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​បឋម នាយ​និង​មន្ត្រី​នគរបាល​ទាំងនេះ គឺ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ។ ដូច្នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្នើសុំ​ឲ្យ​មាន​វិធានការ​មួយ​ជំហាន បន្ទាប់មក​ត្រូវ​បញ្ជូន​លទ្ធផល​ទាំងនោះ​ទៅកាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​វិញ ដើម្បី​មាន​មូលដ្ឋាន​បូក​សរុប រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ ពិនិត្យ​សម្រេច​ជា​ក្រោយ។

ប្រភព​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា លោក សេង យូអ៊ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ និង​លោក វ៉ា វិចិត្រា ប្រធាន​នាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ គឺ​អ្នក​ទាំង​ពីរ​ជា​បងប្អូន​នឹង​គ្នា។

ប្រភព​បាន​បន្ត​ថា ការ​ប្ដឹង​គ្នា​ទៅ​លោក​នាយករដ្ឋមន្ត្រី​នេះ គឺ​ទំនង​ជា​ដោយសារតែ​កាច់កុង​ក្នុង​តួនាទី​មុខ​តំណែង បក្ខពួក​និយម​នៅ​ក្នុង​អង្គភាព​នោះ។ ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​លោក សេង យូអ៊ាន់ ឡើង​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ គឺ​ពួកគេ​បាន​រៀបចំ​ផែនការ​ដក​តំណែង​លោក ស្រ៊ុន លីញ ចេញពី​ប្រធាន​នាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ហើយ​ដាក់​ជំនួស​វិញ​ដោយ​លោក វ៉ា វិចិត្រា ដែល​ត្រូវ​ជា​ប្អូន​ឱ្យ​ធ្វើជា​ប្រធាន​នាយកដ្ឋាន ចំណែក​ឯ​លោក ស្រ៊ុន លីញ ធ្វើជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ។

ប្រភព​បន្ត​ទៀត​ថា លោក ស្រ៊ុន លីញ ទទួល​មុខងារ​ជា​អគ្គនាយក​រង​មិនទាន់​មាន​កន្លែង​អង្គុយ​ស្រួលបួល​ផង ក៏​ស្រាប់តែ​ក្រុម​អគ្គនាយក​រៀបចំ​ផែនការ​ដាក់​ឲ្យ​លោក ស្រ៊ុន លីញ ទៅ​ធ្វើជា​ទីប្រឹក្សា​ក្រសួង​រហូត​មកដល់​សព្វថ្ងៃ​នេះ។

ទោះ​យ៉ាងណា ខំមិន (Comments) របស់​ម្ចាស់ Facebook ឈ្មោះ San Bora មាន​ខ្លឹមសារ​ថា «ខ្ញុំ​សូម​រាយការណ៍​ជូន​សម្តេច​តេជោ​ជ្រាប​មាន​វិធានការ​ចំពោះ​អំពើ​ពាលាអាវ៉ាសែ​របស់​ផ្កាយ​៣ ប្រធាន​អង្គភាព​មួយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​បបួល​មន្ត្រី​បើកបរ​ឡាន​ដឹក​អីវ៉ាន់​ធំៗ​មក​ផឹកស៊ី​ក្នុង​អង្គភាព​ស្រវឹង​រៀងរាល់​ថ្ងៃ គឺ​ចាប់ពី​ប្រធាន​អង្គភាព​រូប​នេះ​ចូល​មក​កាន់​តំណែង​កាលពី​ខែ​មេសា ឆ្នាំ​២០២០ ភ្លាម បាន​ចំណាយ​លុយ​រដ្ឋ​ដើម្បី​សង់​បន្ទប់​ផ្ទាល់ខ្លួន​ស្ទើរ​ស្អាត​ជាង​បន្ទប់​ធ្វើការ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៅ​ទៀត ដោយ​ចំណាយ​អស់​លុយ​ជិត ១០​ម៉ឺន​ដុល្លារ​អាមេរិក។ មិនតែប៉ុណ្ណោះ ក៏​ថែម​ទាំង​បាន​សង់​បន្ទប់​សម្រាប់​ធ្វើជា​កន្លែង​ផឹកស៊ី​នៅ «ក​៥» នេះ ដោយ​ទុក​ជា​បន្ទប់​ធ្វើការ​បំភាន់​ភ្នែក​មន្ត្រី តែ​តាមពិត​រៀបចំ​ទុក​ផឹកស៊ី ចាក់​ចម្រៀង​ឡូឡា​ដូច​ក្នុង​ក្លឹប ហើយ​ប្រមូល​មន្ត្រី​បើក​ឡាន​ធំៗ​មក​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន និង​បាន​សម្លាប់​ឆ្កែ​ដែល​ពួក​ខ្ញុំ​ចិញ្ចឹម​ជាច្រើន​ក្បាល​ធ្វើ​សាច់​ក្លែម​ជាដើម…»

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក សេង យូអ៊ាន់ និង​លោក វ៉ា វិចិត្រា ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស