31 C
Phnom Penh

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក៖ ទំនាក់ទំនង​ចំពោះ​ចិន​លើ​កម្ពុជា​គ្រាន់តែ​បង្ហាញ​ថា​កម្ពុជា​ជា​រដ្ឋ​មួយ​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​មហាយក្ស​ចិន​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​បង្ហាញ​ទំនាក់ទំនង​ចំពោះ​ចិន​លើ​កម្ពុជា គ្រាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​ជា​រដ្ឋ​មួយ​ដែល​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​ខ្លួន​ប៉ុណ្ណោះ ប្រៀប​ដូចជា​ថៅកែ​មើល​ថែ​បុគ្គលិក​ដើម្បី​រក​ផលប្រយោជន៍​ឱ្យ​គេ​ដូច្នេះ​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ដើម្បី​ឯករាជ្យ​លើ​នយោបាយ​ការទូត កម្ពុជា​ត្រូវ​ពង្រឹង​ជំហរ​របស់​ខ្លួន​ឱ្យ​ខ្លាំង ជាជាង​ការ​ផ្ញើ​វាសនា​លើ​មហាអំណាច​តទៅទៀត ដើម្បី​ចៀសវាង​ពី​ការ​គាបសង្កត់​ពី​មហាយក្ស​ដែល​សម្លឹង​ឃើញ​តែ​ប្រយោជន៍​ពី​កម្ពុជា។

លោក​អះអាង​ថា ការ​ពឹងផ្អែក​លើ​មហាអំណាច ជាជាង​ការ​ធ្វើ​ឱ្យ​ខ្លាំង​ដោយ​ខ្លួនឯង​ដូច​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​សព្វថ្ងៃ​នេះ កម្ពុជា​នឹង​ជួប​វិបត្តិ​យ៉ាង​ច្រើន​នៅ​ថ្ងៃ​មុខ​ដោយ​ចៀស​មិន​រួច​នោះ​ទេ ហើយ​វិបត្តិ​ទាំងនោះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​សម្បទាន​ធនធាន​ធម្មជាតិ​របស់​ខ្មែរ និង​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ដទៃ​ទៀត​របស់​កម្ពុជា ហើយ​ដែល​មិត្ត​ដែកថែប​ចិន​ត្រូវការ។

លោក ម៉ែន ណាត បញ្ជាក់​ថា ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ខ្លាំង​លើ​ឆាក​អន្តរជាតិ កម្ពុជា​ត្រូវតែ​មាន​ពលរដ្ឋ​ខ្លាំង ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ពេញលេញ ការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ និង​ស្ថាប័ន​ជាតិ​នីមួយៗ​របស់​កម្ពុជា គឺជា​ស្ថាប័ន​ខ្លាំង​ដែល​ពោរពេញ​ទៅ​ដោយ​ធនធាន​មនុស្ស​ពិតប្រាកដ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ខ្លាំង​ត្រឹមតែ​លោក ហ៊ុន សែន និង​បក្ខពួក​របស់​គាត់ នោះ​បង្ហាញ​ថា​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​ទន់ខ្សោយ​ដដែល​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២១ ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនធាន បាន​អះអាង​ក្នុង​សុន្ទរកថា​របស់​ខ្លួន​ថា ចំណង​មិត្តភាព​ដែកថែប​រវាង​កម្ពុជា-ចិន បាន​លើក​កម្ពស់​ឥត​ឈប់ឈរ​ក្នុង​កិច្ចសហប្រតិបត្តិការ និង​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​រួម​គ្នា​យូរ​អង្វែង។

ប្រភព​ដដែល​អះអាង​ថា ក្រោម​ការ​ដឹកនាំ​ជា​យុទ្ធសាស្ត្រ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​កសាង​សហគមន៍​វាសនា​រួម​គ្នា​រវាង​ចិន និង​កម្ពុជា បាន​បន្ត​បោះ​សន្ទុះ​ទៅកាន់​ដំណាក់កាល​ថ្មី​មួយ​ទៀត​ដែល​កាន់តែ​ស៊ីជម្រៅ។

ជុំវិញ​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២១ ធ្លាប់​បាន​អះអាង​ថា តើ​មាន​ប្រទេស​ណា​អាច​ដើរ​តួនាទី​ជំនួស​ចិន ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ដូចជា​ការ​កសាង​ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​ធារាសាស្ត្រ អគ្គិសនី និង​ការ​កសាង​ដទៃ​ជាច្រើន​ទៀត​បាន​នោះ?

លោក ហ៊ុន សែន បញ្ជាក់​ថា មហាអំណាច​ចិន បាន​ជួយ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ ទាំង​កិច្ចការ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​ការ​គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​ខ្លួន​ពី​ការ​ផ្តាច់​ជំនួយ​របស់​ប្រទេស​មួយ​ចំនួន​សព្វថ្ងៃ​នេះ។ ប៉ុន្តែ​ករណី​នេះ ក៏​មាន​ការ​លើកឡើង​បែប​អវិជ្ជមាន​ថា នៅ​ពេល​នេះ​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា គ្រាន់តែ​ជា​ទីផ្សារ​សម្រាប់​ស្តុក​ទំនិញ​ឱ្យ​ចិន សម្រាប់​នាំចេញ​ទៅ​បរទេស និង​ជា​កន្លែង​កសាង​សេដ្ឋកិច្ច​ឱ្យ​ប្រជាជន​ចិន ប៉ុណ្ណោះ ក្នុង​នោះ​កម្ពុជា​ក៏​នឹង​ក្លាយ​ជា​ទីផ្សារ​លាង​លុយ​កខ្វក់​របស់​ឈ្មួញ​ទុច្ចរិត​ចិន​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា សម្ពន្ធមិត្ត​ដែកថែប​រវាង​កម្ពុជា-ចិន​សព្វថ្ងៃ​នេះ ប្រសិនបើ​កម្ពុជា​នៅតែ​ជា​ប្រទេស​ទន់ខ្សោយ​ទៀត​នោះ ច្បាស់​ជា​ប្រឈម​នឹង​ការ​បាត់បង់​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ​គ្រប់​យ៉ាង រួម​ទាំង​អធិបតេយ្យភាព និង​ឯកភាព​របស់​ខ្លួន​ថែម​ទៀត​ផង។

ប្រភព​ដដែល​អះអាង​ថា ទំនាក់ទំនង​បែប​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខាត​ផលប្រយោជន៍​ដ៏​ធ្ងន់ធ្ងរ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​វិបត្តិ​សង្គម​ដ៏​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស