34 C
Phnom Penh

អ្នក​វិភាគ៖ ការ​ចូលរួម​ពី​យុវជន​ដើម្បី​កិច្ចការ​សង្គម​មិន​ខ្វះ​ទេ ប៉ុន្តែ​ខ្វះ​ការ​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា សកម្មភាព​ចូលរួម​របស់​យុវជន​នៅ​កម្ពុជា​ដើម្បី​កិច្ចការ​សង្គម​ជាតិ ដោយ​ការ​ប្រើប្រាស់​សេរីភាព​បញ្ចេញ​មតិ​នោះ គឺ​ពិតជា​មិន​ខ្វះ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​កំពុង​ខ្វះ​ពិតប្រាកដ​នោះ គឺ​ការ​ទទួល​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពួកគេ​ចូលរួម​កសាង​សង្គម​ជាតិ ឬ​ក៏​អត់​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា នៅ​កម្ពុជា​មិន​ពិបាក​ទេ​ក្នុង​ការ​បណ្តុះបណ្តាល​ឲ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការ​សង្គម និង​ការ​ប្រើប្រាស់​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ស្ថាប័ន​រដ្ឋ​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ ធានា​ការពារ​សិទ្ធិមនុស្ស​ដែល​អាច​ឲ្យ​ពលរដ្ឋ​បំពេញ​តួនាទី ករណីយកិច្ច និង​កាតព្វកិច្ច​របស់​ពួកគេ​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ។

លោក​អះអាង​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ស្ថាប័ន​របស់​រដ្ឋ មេដឹកនាំ​នយោបាយ និង​មន្ត្រី​បម្រើ​ពលរដ្ឋ​ទាំងអស់ តែងតែ​ស្វាគមន៍​រាល់​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចការ​សង្គម និង​ធានា​នូវ​ការ​ប្រើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​គំរាមកំហែង ព្រមទាំង​ធានា​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ពលរដ្ឋ​ដែល​ពោរពេញ​ដោយ​គុណធម៌ គឺជា​មនុស្ស​ដែល​ស្ម័គ្រចិត្ត​បំពេញ​កាតព្វកិច្ច​ទទួល​ខុសត្រូវ​លើ​វាសនា​ខ្លួនឯង ទទួល​ខុសត្រូវ​លើ​អនាគត​គ្រួសារ ជាពិសេស​មនុស្ស​ដែល​ហ៊ាន​លះបង់​សេចក្តី​សុខ​ផ្ទាល់ខ្លួន​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ និង​សេចក្តី​សុខ​របស់​ជន​រួម​ជាតិ​ទាំងមូល។

បណ្ឌិត ឡៅ ម៉ុងហៃ បាន​រិះគន់​បែប​នេះ​ស្រប​ពេល​ដែល​យុវជន​ខ្មែរ​ដែល​តែង​ចូលរួម​កិច្ចការ​សង្គម​ដើម្បី​ការពារ​បរិស្ថាន និង​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​ជាបន្តបន្ទាប់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២១ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស បាន​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​លើក​ទី​៩ ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ពួកគេ​បាន​ចូលរួម​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ការពារ​សិទ្ធិ​ពលរដ្ឋ និង​តវ៉ា​ឱ្យ​មាន​ការ​ការពារ​បរិស្ថាន​ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​បាន​លើកឡើង​ថា ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កំពុង​ជួបជុំ​ឪពុក​ម្ដាយ បងប្អូន ញាតិមិត្ត​ជិត​ឆ្ងាយ​យ៉ាង​សប្បាយ​រីករាយ ប៉ុន្តែ​ក្រុម​យុវជន​បរិស្ថាន​ដែល​តែង​ឈរ​ជួរ​មុខ​ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ​អំពី​បញ្ហា​សំរាម ការ​បំពុល​បរិស្ថាន​ដោយ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ទន្លេ និង​សមុទ្រ ការ​កាប់​បំផ្លាញ​ព្រៃឈើ ជាដើម កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដែល​ជា​ការ​រំលោភ​ទៅលើ​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។

កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ សកម្មជន​សង្គម​ជាច្រើន​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ដែល​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ទោះ​យ៉ាងណា អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពី​ចុង​ឆ្នាំ​២០២០ បាន​រិះគន់​នូវ​សកម្មភាព​ទាំងឡាយ​របស់​រដ្ឋាភិបាល​កម្ពុជា ដូចជា​ការ​បង្ក្រាប ការ​ចាប់​ខ្លួន និង​ការ​បង្កើត​ឧប្បត្តិហេតុ​ផ្សេងៗ​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ជា​ការ​គំរាមកំហែង​ទៅដល់​សិទ្ធិ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស