31 C
Phnom Penh

អ្នកវិភាគ​និង​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ថា​បញ្ហា​ជម្លោះ​ដីធ្លី​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ និង​អ្នក​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​អាច​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ បើសិនជា​រដ្ឋាភិបាល​បច្ចុប្បន្ន​មិនព្រម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នោះ​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់ The Cambodia Daily ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង កាល​ពី​ម្សិលមិញ​បាន​ក្រើន​រំឭក​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ថា ជម្លោះ​ដីធ្លី​នឹង​ប៉ះពាល់​សន្លឹកឆ្នោត បើ​មិន​ព្យាយាម​ដោះស្រាយ​ដោយ​តម្លាភាព​នោះ។

លោក ស៊ឹង សែនករុណា ចាត់ទុក​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​ដែល​ទទួល​បាន​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល គឺ​អាស្រ័យ​លើ​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា កន្លងមក​ជម្លោះ​ដីធ្លី​ដែល​អាជ្ញាធរ​ថ្នាក់​ក្រោម​មិន​អាច​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន ដោយសារតែ​ភាគច្រើន​ពាក់ព័ន្ធ​អ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់​ដែល​មាន​ឥទ្ធិពល​ធំ​ទៅលើ​ថ្នាក់​ដឹកនាំ​ខេត្ត និង​អាជ្ញាធរ​ថ្នាក់​ក្រោម។ ករណី​នេះ គឺ​ធ្វើ​ឲ្យ​ពួកគេ​បារម្ភ​ខ្លាច​បាត់បង់​តំណែង និង​តួនាទី ដូច្នេះ​ធ្វើ​ឱ្យ​ពួកគេ​មិន​ហ៊ាន​ប្រើ​តួនាទី​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​ទៅលើ​អ្នក​មាន​អំណាច ធ្វើ​ឱ្យ​ជម្លោះ​ដីធ្លី​អូស​បន្លាយ​រហូត​ដល់​បច្ចុប្បន្ន។

លើស​ពី​នេះ លោក​ថា​វិវាទ​ដីធ្លី​អូស​បន្លាយ​អាច​បណ្ដាល​មកពី​ខ្វះ​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ ដោយ​គ្រាន់តែ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​តែ​រួច​ខ្លួន​សិន ខណៈ​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ផលប្រយោជន៍​ទៅ​ដល់​មន្ត្រី​ដែល​មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ។

លោក ស៊ឹង សែនករុណា បន្ត​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ បើ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​ទេ គឺ​ពួកគាត់​នឹង​កាត់​សេចក្ដី​ដោយ​សំឡេង​ឆ្នោត ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​បាន។

លោក​ថា៖ «ចំពោះ​រឿង​នេះ អ្នក​ដែល​មាន​តួនាទី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ គួរតែ​ហ៊ាន​ចេញ​មុខ​ការពារ​ផលប្រយោជន៍​ពលរដ្ឋ ដោយ​ប្រើ​អំណាច និង​តួនាទី​ពួកគាត់​ដើម្បី​ការពារ​ប្រជាពលរដ្ឋ ជាជាង​ការពារ​ឈ្មួញ​មាន​អំណាច ឬ​ជន​មាន​អំណាច​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់»

លោក​បន្ត​ថា៖ «កន្លងមក​មាន​អ្នក​មាន​អំណាច​មួយ​ចំនួន​ក៏​បាន​ដកហូត​មុខ​តំណែង ជាប់​ពន្ធនាគារ ដោយសារ​ទៅ​ចាប់​ដី​កម្មសិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ជាដើម»។ លោក​ជឿជាក់​ថា «នៅ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​របស់​ពលរដ្ឋ នោះ​ពួកគាត់​នឹង​មាន​ការ​ដោះស្រាយ»

លោក​បន្ត​ថា ទោះបីជា​ពលរដ្ឋ​អាច​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​បាន​ក្ដី ប៉ុន្តែ​នៅ​កម្ពុជា​មិនទាន់​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ពេញ​នៅឡើយ ដោយសារ​ការ​បោះឆ្នោត​កន្លងមក​បាន​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ថា​ការ​បោះឆ្នោត​នោះ​មិន​មាន​ភាព​ត្រឹមត្រូវ សេរី និង​យុត្តិធម៌។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​រូប​នេះ​បន្ត​ទៀត​ថា បើសិនជា​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ និង​យុត្តិធម៌​ទេ ពលរដ្ឋ​មិន​អាច​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​ដែល​ពួកគាត់​ពេញចិត្ត​បាន​ដែរ ដោយសារតែ​ស្ថាប័ន​ដឹកនាំ និង​គ្រប់គ្រង​គណៈកម្មាធិការ​បោះឆ្នោត​មិន​ឯករាជ្យ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​ជាដើម។

លោក ស៊ឹង សែនករុណា បន្ត​ថា ជម្លោះ​ដីធ្លី​អាច​ដោះស្រាយ​បាន ទោះបីជា​ជម្លោះ​នោះ​ប៉ះពាល់​ជាមួយ​អ្នក​មាន​ឥទ្ធិពល និង​មាន​អំណាច​យ៉ាងណាក៏ដោយ បើសិនជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ ប៉ុន្តែ​បើ​ដោះស្រាយ​ជម្លោះ​ដីធ្លី​មិន​បាន​ទេ រដ្ឋាភិបាល​នឹង​បាត់បង់​សំឡេង​ឆ្នោត​នា​ពេល​ខាងមុខ​នេះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឆ្លុះ​បញ្ចាំង​ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី។ លោក​យល់​ថា លោក ស ខេង នៅតែ​ចាត់ទុក​បញ្ហា​វិវាទ​ដីធ្លី​ជា​បញ្ហា​ធំ ពិបាក​ដោះស្រាយ ដោយ​ជាក់ស្ដែង​រឿង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​សំឡូត នៅ​ខេត្ត​បាត់ដំបង កន្លងមក​បង្ក​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​ជាដើម។

លោក​បន្ត​ថា បញ្ហា​វិវាទ​ដីធ្លី រដ្ឋាភិបាល​អាច​ដោះស្រាយ​បាន បើ​មាន​ឆន្ទៈ និង​មាន​យន្តការ​ច្បាស់លាស់ ដោយសារ​អំណាច​រដ្ឋ​ទាំងអស់​ស្ថិត​នៅ​លើ​រដ្ឋាភិបាល​អ្នក​គ្រប់គ្រង ប៉ុន្តែ​កន្លងមក រដ្ឋាភិបាល​ហាក់ដូចជា​មើល​រំលង​បញ្ហា​នេះ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ម្ចាស់​ដី​ជាប់​ពន្ធនាគារ និង​រង​ការ​ចោទប្រកាន់​ទៅវិញ។

បណ្ឌិត សេង សារី យល់​ថា៖ «គ្រប់​យ៉ាង​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ទេ បើ​សិន​ក្នុង​ករណី​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតជា​ចង់​ដោះស្រាយ​ដីធ្លី​មែន យន្តការ​នានា​អាច​ប្រឹក្សា​អ្នក​បច្ចេកទេស​បាន ព្រោះ​បញ្ហា​ដីធ្លី​មិនមែន​ជា​រឿង​ថ្មី​ទេ វា​ជា​រឿង​កើតឡើង​យូរ​ហើយ វា​មិនមែន​កើតឡើង​តែ​សម័យ​តេជោ​ទេ ហើយ​សម័យ​ណា​ក៏​មាន​បញ្ហា​ដីធ្លី​កើតឡើង​ដែរ ហើយ​ប្រទេស​ណា​ក៏​មាន​វិវាទ​ដីធ្លី។ ដូច្នេះ​យន្តការ វិធីសាស្ត្រ ដំណោះស្រាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា វា​មិនមែន​ជា​បញ្ហា​ចម្បង​ទេ»

លោក​បញ្ជាក់​ថា៖ «បញ្ហា​ចម្បង តើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​តម្លាភាព និង​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន​ឬ​យ៉ាងណា»

បណ្ឌិត សេង សារី បន្ត​ថា បញ្ហា​ជម្លោះ​ដីធ្លី​ក៏​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​សម្លឹង​មើល និង​មាន​ការ​គិត​អំពី​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ដែរ បើសិនជា​មេដឹកនាំ​បច្ចុប្បន្ន​មើល​រំលង​ដោយ​នៅតែ​មិនព្រម​ដោះស្រាយ​បញ្ហា​នានា ដូចជា​ដីធ្លី​ជូន​ពួកគាត់​នោះ។

ក្នុង​ពិធី​ផ្ទេរ និង​ចូល​កាន់​តំណែង​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស ខេង បាន​ថ្លែង​ថា មន្ត្រី ៤​រូប​នៅ​មូលដ្ឋាន​ដែល​សំខាន់​ជាងគេ ហើយ​ជះ​ឥទ្ធិពល​ដល់​សន្លឹកឆ្នោត​នៅ​ពេល​ខាងមុខ ក្នុង​នោះ​មាន មេឃុំ​ឬ​ចៅសង្កាត់ ស្មៀន​ឃុំ មេ​ប៉ុស្តិ៍ និង​មេភូមិ។

លោក​បន្ត​ថា អ្នក​ទាំង ៤​រូប​នេះ​ជា​មនុស្ស​ជួរ​មុខ​ក្នុង​ការ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​ពលរដ្ឋ ប៉ុន្តែ​បើ​ពួកគេ​មិន​អាច​បំពេញ​តួនាទី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​បាន​ទេ សន្លឹកឆ្នោត​នឹង​ត្រូវ​បាត់បង់។

ករណី​នេះ លោក ស ខេង បាន​ក្រើន​រំឭក​ថា បញ្ហា​នេះ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​លើក​ទឹកចិត្ត​ដល់​ពួកគេ ពិសេស​ត្រូវ​ប្រមូល​បញ្ហា​ទាំងអស់​នៅ​មូលដ្ឋាន​មក​ដោះស្រាយ​ដោយ​តម្លាភាព និង​យុត្តិធម៌ ក្នុង​នោះ​រួម​ទាំង​បញ្ហា​ជម្លោះ​ដីធ្លី​ផង​ដែរ។

ទាក់ទង​នឹង​ករណី​នេះ មន្ត្រី​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៅ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វ្រែល លោក កន សាវាង្ស បាន​ចាត់ទុក​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ​ជា​ការ​ទទួលស្គាល់​ថា វិវាទ​ដីធ្លី​ជា​រឿង​ធំ​សម្រាប់​ប្រជាពលរដ្ឋ ខណៈ​កន្លងមក ជម្លោះ​នេះ​បាន​ឈាន​ដល់​ការ​ប្រើប្រាស់​អាវុធ​បាញ់​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ផង​ដែរ។

លោក​បន្ត​ថា បើ​លោក ស ខេង លើកឡើង​បែប​នេះ ក៏​ជា​រឿង​មួយ​ល្អ​ដែល​បញ្ជាក់​ថា លោក​បាន​មើល​ឃើញ​ពី​ទិដ្ឋភាព​អ្នក​គ្រប់គ្រង​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់លើ ហើយ​ការ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី និង​បញ្ហា​ផ្សេង​ទៀត​នេះ វា​ជា​រឿង​ល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​គណបក្ស​កំពុង​ដឹកនាំ​បច្ចុប្បន្ន​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​បន្ថែម​ទៀត។

លោក​ថា៖ «បើ​ជា​រឿង​ដោះស្រាយ​បាន វា​ជា​រឿង​មួយ​ល្អ​សម្រាប់​ថ្នាក់​ក្រោម​ជាតិ និង​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​បើសិនជា​ការ​លើក​នេះ​ដើម្បី​ឱ្យ​គណបក្ស​កាន់​អំណាច​ចំណេញ​សំឡេង​បោះឆ្នោត​នោះ គឺ​មិន​អាច​ដោះស្រាយ​អ្វី​មួយ​បាន​ទេ ព្រោះ​អី​បញ្ហា​ដីធ្លី​ជា​បញ្ហា​រ៉ាំរ៉ៃ ហើយ​បញ្ហា​ដីធ្លី​នេះ​មិនមែន​ជា​បញ្ហា​ធម្មតា​ទេ ដោយសារតែ​បញ្ហា​នេះ​គឺ​មាន​មន្ត្រី​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង ហើយ​វា​មាន​ប្រព័ន្ធ​ពាក់ព័ន្ធ​ច្រើន»

លោក កន សាវាង្ស អះអាង​ថា បើ​សិន​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​បាន​ទេ វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត រួម​ទាំង​បញ្ហា​ផ្សេងៗ​ដែល​កំពុង​កើតឡើង​បច្ចុប្បន្ន។

មាត្រា​៤៤ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា អាជ្ញាធរ​រដ្ឋ​ត្រូវ​ផ្តល់​សំណង​សមរម្យ និង​យុត្តិធម៌​ដល់​ម្ចាស់​ដី​ជា​មុន​សិន មុន​នឹង​ធ្វើការ​អភិវឌ្ឍ ឬ​ឈូស​ឆាយ។

ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អនុវត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ដោយសារតែ​ជម្លោះ​ដីធ្លី​បាន​កើតឡើង​នៅ​ទូទាំង​ប្រទេស ដោយសារ​ជម្លោះ​ខ្លះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ដី​ក្លាយ​ជា​ជនរងគ្រោះ​ហូរ​ទឹកភ្នែក​ឥត​ល្ហែ ដោយសារតែ​ក្រុមហ៊ុន​រំលោភ​យក ហើយ​អាជ្ញាធរ​ជា​អ្នក​ចេញ​មុខ​ការពារ ដោយ​ពេល​ខ្លះ​អាជ្ញាធរ​បាញ់​ពលរដ្ឋ​ឱ្យ​រង​របួស ហើយ​ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​ថែមទៀត។

ទោះបីជា​ក្រុមហ៊ុន​បាន​រំលោភ​យក និង​មិន​បាន​ដោះស្រាយ​សំណង​ដល់​ម្ចាស់​ដី​ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ​មិន​ទទួល​បាន​ការពារ​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​ឡើយ ផ្ទុយទៅវិញ ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​បែរជា​ត្រូវ​បាន​ក្រុមហ៊ុន​សហការ​ជាមួយ​អាជ្ញាធរ​ប្ដឹង​ពួកគេ​ទៅ​តុលាការ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​អាជ្ញាធរ​បាញ់​ឱ្យ​រង​របួស​ធ្លាក់​ខ្លួន​ពិការ និង​ជាប់​គុក ជាដើម។

បើ​ទោះបីជា​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា នឹង​មិន​ឱ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ណា​ម្នាក់​ជាប់​គុក​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ទិដ្ឋភាព​ជាក់ស្តែង មិន​ដូច​ការ​ប្រកាស​ក្ដែងៗ​របស់​មេដឹកនាំ​ដែល​កាន់​អំណាច ៤០​ឆ្នាំ​រូប​នេះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស