40.9 C
Phnom Penh

បែក​ធ្លាយ​មេដឹកនាំ​កំពូលៗ​មាន​ប្រាក់​វាល់​លាន​យក​ទៅ​លាក់​នៅ​ដែន​កោះ​សាយប្រឹស​នៃ​ទ្វីប​អឺរ៉ុប​ក្នុង​នោះ​មាន​ទាំង​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​មេធាវី​ដែល​បង្កើត​ដោយ​ប្រធានាធិបតី​នៃ​ប្រទេស​ដែន​កោះ​សាយប្រឹស (Cyprus) ត្រូវ​បាន​ចោទ​ថា​បាន​ជួយ​លាក់​ទ្រព្យសម្បត្តិ​របស់​ពួក​មន្ត្រី​ធំៗ​ពុករលួយ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​ឈរ​ក្រោម​ផ្លាក​នៃ​ក្រុមហ៊ុន​ក្លែងក្លាយ​មួយ​ចំនួន​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ យក​មក​លាក់​ទុក​នៅ​ក្នុង​ដែន​កោះ​មួយ​នេះ។

សាយប្រឹស ជា​ប្រទេស​មួយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ក៏​ជា​ប្រទេស​មួយ​នៃ​សហភាព​អឺរ៉ុប ២៧​ប្រទេស​ផង​ដែរ។ ដែន​កោះ​មួយ​នេះ​មាន​ប្រវត្តិ​ជា​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​រស់នៅ​ដល់​បណ្ដាជន​ទាំងឡាយ​ណា​ដែល​មាន​ប្រាក់​ស្ដុកស្ដម្ភ​មក​រស់នៅ​ក្នុង​ប្រទេស​នេះ ជាមួយ​នឹង​ការ​បង់​ប្រាក់​ធានា​ការ​រស់នៅ​រាប់​រយ​លាន​ដុល្លារ។

ឯកសារ​ចំនួន ១២​លាន​របស់​សមាគម​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដែល​ហៅថា Pandora Papers រក​ឃើញ​មេដឹកនាំ ៣៥​រូប​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដោយ​គេច​ពី​ការ​បង់​ពន្ធ​ក្នុង​ប្រទេស និង​ប្រព្រឹត្ត​អំពើពុករលួយ។

តាមរយៈ​ការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ​មាន​ភស្តុតាង​ឯកសារ​រាប់​ពាន់​ទំព័រ​ត្រូវ​បាន​ទម្លាយ​ថា អ្នក​នយោបាយ និង​អ្នកជំនួញ​ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាល និង​មាន​អំណាច​បាន​លាក់​ការ​វិនិយោគ​របស់​ពួកគេ​ទៅលើ​ភូមិគ្រឹះ ទ្រព្យសម្បត្តិ​ជលសា ក៏ដូចជា​ទ្រព្យ​អចលនៈ​ដទៃ​ទៀត​រាប់​រយ​ពាន់​លាន​ដុល្លារ​តាមរយៈ​វិធី​ផ្សេងៗ។

ការ​ស៊ើបអង្កេត​របស់​ក្រុម​អ្នក​សារព័ត៌មាន​ជាង ៦០០​នាក់​មកពី​បណ្ដា​ស្ថាប័ន​ចំនួន​១៥០ នៃ​ប្រទេស​១១៧ បាន​រក​ឃើញ​ថា មាន​មេដឹកនាំ​ប្រទេស​កំពូលៗ​ចំនួន ៣៥​រូប ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​ដែល​បាន​ប្រព្រឹត្ត​ជំនួញ​លាក់​មុខ​ដូចនេះ​ក្នុង​រូបភាព​ក្រុមហ៊ុន​ក្លែងក្លាយ។

តែ​បើ​តាម​កាសែត​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស The Guardian បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ថា ក្នុង​សៀវភៅ​របស់​សមាគម​អ្នកកាសែត​អន្តរជាតិ Pandora Papers គឺ​មាន​ឈ្មោះ​មេដឹកនាំ​កម្ពុជា​ដ៏​កំពូល និង​មាន​ឥទ្ធិពល គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាម​ប្រភព​នេះ លោក ហ៊ុន សែន បាន​ទិញ​លិខិត​ឆ្លងដែន​ពី​ប្រទេស​សាយប្រឹស ដែល​ជា​កោះ​មួយ​នៅ​ទ្វីប​អឺរ៉ុប។

តាម​ច្បាប់​ហិរញ្ញវត្ថុ​របស់​ប្រទេស​មួយ​នេះ ដើម្បី​ទិញ​សញ្ជាតិ និង​លិខិត​ឆ្លងដែន​ពី​ប្រទេស​នេះ​បាន សាមី​ខ្លួន​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​នានា​ឲ្យ​ដឹង​ថា នៅ​ប្រទេស Cyprus នេះ គឺ​គ្រួសារ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក​ផ្កាយ​បួន នេត សាវឿន ក៏​ត្រូវ​បាន​រក​ឃើញ​មាន​លំនៅឋាន​ស្ដុកស្ដម្ភ​ក្នុង​ប្រទេស​នេះ និង​នៅ​ប្រទេស​អង់គ្លេស​ដែរ ប៉ុន្តែ​សាមី​ខ្លួន​បាន​បដិសេធ។

តែ​បែប​ណា ការ​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​បញ្ចូល​ក្នុង​របាយការណ៍​សមាគម​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ ដើម្បី​ទុក​ជា​តឹកតាង និង​ជា​សក្ខីភាព​ទាញ​យក​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត។

ដោយសារតែ​មាន​ឈ្មោះ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដូច្នេះ គឺ​ឃើញ​មាន​ប្រតិកម្ម​ជា​ផ្លូវការ​ទាំង​ក្រុម​អ្នក​ច្បាប់​រាជរដ្ឋាភិបាល និង​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​មុខ​បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​របស់​កាសែត​អង់គ្លេស The Guardian។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៦ ខែ​តុលា នេះ បាន​ផ្ញើ​លិខិត​ផ្លូវការ​មួយ​ជូន​លោក នីកូស គ្រីស្តូឌូលីដេស រដ្ឋមន្ត្រី​ការបរទេស​កោះ​ស៊ីព្រ ឬ​សាយប្រឹស ដោយ​ស្នើសុំ​ផ្តល់​កិច្ចសហការ​ស្រាវជ្រាវ​រក​ការពិត​ចំពោះ​ការ​ចោទប្រកាន់​ទៅលើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​លិខិត​ឆ្លងដែន​របស់​កោះ​មួយ​នេះ។

នៅ​ក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​សរសេរ​ថា លោក​មាន​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សារព័ត៌មាន​អង់គ្លេស The Guardian ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​ដូចនេះ​កាលពី​ថ្ងៃ​អាទិត្យ ទី​៣ ខែ​តុលា ឆ្នាំ​២០២១ ថា មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​មិនមែន​អឺរ៉ុប​រាប់​ពាន់​នាក់​ដែល​បាន​ទទួល​លិខិត​ឆ្លងដែន​ពី​ប្រទេស Cyprus។

នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា រដ្ឋាភិបាល​នៃ​ប្រទេស Cyprus មាន​ការ​ឆ្លើយតប​យ៉ាង​ណា​ចំពោះ​ការ​ស្នើសុំ​សហការ​ពី​កម្ពុជា។ តែ​សម្រាប់​មេធាវី​រដ្ឋាភិបាល បាន​ចេញ​មុខ​ច្រាន​ចោល​នូវ​ការ​ចុះផ្សាយ​របស់​កាសែត The Guardian ដែល​លើកឡើង​ថា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ផង​ដែរ។

ជា​ការ​កត់សម្គាល់​ក្រោយ​ពី​ការ​ចុះផ្សាយ​របស់ The Guardian ដែល​លើកឡើង​ថា នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាន់​លិខិត​ឆ្លងដែន​ប្រទេស​សាយប្រឹស ឬ​ប្រទេស​ស៊ីព្រ ក៏​ស្រាប់តែ​ឃើញ​លោក ហ៊ុន សែន បាន​ណែនាំ​ទៅ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឱ្យ​សិក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​ថ្មី​ម្តង​ទៀត ដើម្បី​កំណត់​ថា មេដឹកនាំ​កំពូល ៤​រូប​របស់​កម្ពុជា រួម​មាន​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​មាន​សញ្ជាតិ​តែ​មួយ គឺ​សញ្ជាតិ​ខ្មែរ។

តាមរយៈ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ជា​សាធារណៈ​ថា៖ «ដើម្បី​បង្ហាញ​នូវ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ និង​បញ្ចៀស​នូវ​ការ​ជ្រៀតជ្រែក​ពី​បរទេស ថ្នាក់​ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ»

តាម​សារ​របស់​លោក ហ៊ុន សែន និយាយ​ថា បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង ព្រោះ​ទ្វារ​ត្រូវ​បាន​បិទ​ជា​រៀង​រហូត​ហើយ​សម្រាប់​ពួក​សញ្ជាតិ​ពីរ​ដែល​ប៉ុនប៉ង​កាន់​តំណែង​កំពូល​នេះ ពិសេស​តំណែង​នាយករដ្ឋមន្ត្រី ព្រោះថា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្តី ឬ​ច្បាប់​អង្គការ​ក្តី ត្រូវការ​សំឡេង ២​ភាគ​៣ ទើប​អាច​អនុម័ត​បាន។

តែ​ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​របស់​លោក ដោយ​វាយប្រហារ​លោក ហ៊ុន សែន ធ្ងន់ធ្ងរ។ លោក សម រង្ស៊ី បាន​សរសេរ​ថា រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ជិត​ដួល​រលំ​ហើយ ទើប​លោក ហ៊ុន សែន ទិញ​លិខិត​ឆ្លងដែន​ប្រទេស​សាយប្រឹស ដើម្បី​ចង់​រត់​ចោល​ប្រទេស​ជាតិ។ សារ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ក្រុម​ប្រឆាំង​ចែករំលែក​ពេញ​បណ្ដាញ​សង្គម។

ប៉ុន្តែ​សារ​របស់​លោក ហ៊ុន សែន ទោះ​ជា​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​លើ​អ្នក​នយោបាយ​ណា​ម្នាក់​ពិតមែន តែ​លោក​ទំនង​ចង់​សំដៅ​ទៅ​មេដឹកនាំ​ក្រុម​ប្រឆាំង ជាពិសេស​លោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែល​ជា​មេដឹកនាំ​នៃ​ក្រុម​ប្រឆាំង​មាន​សញ្ជាតិ​ពីរ គឺ​សញ្ជាតិ​ខ្មែរ និង​សញ្ជាតិ​បារាំង។

តែ​យ៉ាងណាក៏ដោយ មាន​ការ​រំពឹង​ថា រដ្ឋាភិបាល​ប្រទេស Cyprus នឹង​ទទួល​យក​លិខិត​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ។ តែ​បើ​ទុក​ចោល​មិន​បង្ហាញ​ត្រឡប់​មក​វិញ គឺជា​រឿង​សង្ស័យ​រហូត​ជុំវិញ​ការ​ចុះផ្សាយ​របស់ The Guardian ដែល​ថា លោក ហ៊ុន សែន ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ដែល​មិនមែន​ជា​ជនជាតិ​អឺរ៉ុប កាន់​លិខិត​ឆ្លងដែន​នៃ​ប្រទេស Cyprus ដែល​ជា​រដ្ឋ​មួយ​នៅ​អឺរ៉ុប បើក​ចំហ​ជូន​ជន​បរទេស​ណា​ចង់​មក​រស់នៅ​លើ​ទឹក​ដែន​កោះ​ដែល​គេ​ហៅថា​ជា «ឋានសួគ៌​នៅ​អឺរ៉ុប» សម្រាប់​អ្នក​មាន​ប្រាក់​ស្ដុកស្ដម្ភ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស