33 C
Phnom Penh

ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​ស្លាប់​និង​៣​នាក់​កំពុង​បាត់​ខ្លួន ខណៈ​ភ្ញៀវ​ទេសចរ​ខ្លះ​មិន​បាន​អនុវត្ត​វិធាន​សុខាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ តុលា ថា មាន​ភ្ញៀវ​ទេសចរ​ចំនួន ៣​នាក់​កំពុង​បាត់​ខ្លួន និង​ម្នាក់​ស្លាប់ ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​ទាន់​ពេលវេលា ក្នុង​អំឡុង​ពលរដ្ឋ​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​ចំនួន ៥​នាក់​បាន​លង់​ទឹក​សមុទ្រ​នៅ​ចំណុច​ខាងក្រោម​ដើមឈើ​ចាំ​ស្នេហ៍ នៅ​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៧ ខែ​តុលា នេះ។ ភ្លាមៗ​នោះ​មាន​មនុស្ស​ចំនួន ២​នាក់​ត្រូវ​បាន​គេ​ជួយ​ស្រង់​ចេញពី​ក្នុង​ទឹក​សមុទ្រ និង​មនុស្ស ៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន។

សេចក្តី​រាយការណ៍​ពី​សមត្ថកិច្ច​ដែល​យើង​ខ្ញុំ​ទើប​ទទួល​បាន​ថ្មីៗ​នេះ ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ចំណោម​មនុស្ស ២​នាក់​ដែល​ស្រង់​បាន​ពី​ទឹក​សមុទ្រ បច្ចុប្បន្ន​នេះ​មាន​ក្មេងស្រី​ម្នាក់​បាន​ស្លាប់​ហើយ​ក្រោយ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ទោះ​យ៉ាងណា ក្រោយ​ពី​ទទួល​ដំណឹង​មាន​មនុស្ស​លង់​ទឹក​ខាងលើ​នេះ​ភ្លាម លោក ទៀ វិចិត្រ បាន​បញ្ជូន​ក្រុម​ការងារ និង​អូប័រ​ល្បឿន​លឿន​ចំនួន ២​គ្រឿង ដើម្បី​ចេញ​ជួយ​ស្វែងរក​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​ក្នុង​ទឹក​សមុទ្រ​ចំនួន ៣​នាក់​ទៀត ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ មិន​ទាន់​ដឹង​ពី​ជោគវាសនា​ជន​រងគ្រោះ​ទាំង ៣​នាក់​នោះ​យ៉ាង​ណា​នៅឡើយ​ទេ។

ទាក់ទង​នឹង​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ នេះ អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​តាម​តំបន់​មាត់​សមុទ្រ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ គឺ​ភាគច្រើន​មិន​បាន​អនុវត្ត​វិធាន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ស្រប​តាម​ការ​ណែនាំ​របស់​​​ក្រសួង​សុខាភិបាល និង​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល ៣​កុំ ៣​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

ប្រភព​ដដែល​បន្ត​ថា តាម​ការ​សង្កេត​ជាក់ស្តែង ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​តាម​ឆ្នេរសមុទ្រ គឺ​មាន​ការ​ធ្វេសប្រហែស​បំផុត​ក្នុង​ការ​ពាក់​ម៉ាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ Covid-19 ដោយ​ក្រុម​មនុស្ស​ទាំងនោះ​បាន​ប្រមូល​ផ្តុំ​គ្នា​ហូប​អាហារ ឬ​ផឹកស៊ី​យ៉ាង​សប្បាយ​រីករាយ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មាន​ភ្ញៀវ​ទេសចរ​ជាតិ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ​បាន​ចូល​មក​កម្សាន្ត​នៅ​តាម​ឆ្នេរសមុទ្រ និង​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ក្នុង​នោះ​កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា មាន​ភ្ញៀវ​ទេសចរ​ជាតិ​ជាង ៣​ម៉ឺន ២​ពាន់​នាក់​បាន​ចូល​មក​ខេត្ត​ព្រះសីហនុ សម្រាប់​ដំណើរ​កម្សាន្ត​របស់​ពួកគេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស