មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បង្ហាញការព្រួយបារម្ភចំពោះការឆ្លងរីករាលដាលនៃជំងឺ Covid-19 ខ្លាំងក្រោយពិធីបុណ្យភ្ជុំបិណ្ឌបិទបញ្ចប់ ដោយសារពលរដ្ឋបាននាំគ្នាជួបជុំ និងផ្តុំច្រើនកុះករ ហើយពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។
ការព្រួយបារម្ភរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែករូបភាពលើបណ្ដាញសង្គមពាក់ព័ន្ធនឹងយុវជន ប្រជាពលរដ្ឋ បាននាំគ្នាដើរលេងកម្សាន្តជួបជុំប្រមូលផ្ដុំច្រើនកកកុញនៅតំបន់រមណីយដ្ឋានអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងខេត្តកែប ជាដើម ដោយមិនបានអនុវត្តតាមវិធានសុខាភិបាល។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានបង្ហាញការព្រួយបារម្ភចំពោះការឆ្លងរាតត្បាតជំងឺ Covid-19 ខ្លាំង និងដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតក្រោយពេលបុណ្យភ្ជុំបិណ្ឌរួច ដោយសារការជួបជុំគ្នាច្រើនខ្វះការប្រុងប្រយ័ត្ន និងមិនបានអនុវត្តតាមវិធានសុខាភិបាល។
លោកស្រីបន្តថា នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលមានមនុស្សម្នាច្រើនកកស្ទះហួសប្រមាណក្នុងពេលដែលវីរុស Covid-19 ជាពិសេសពពួកមេរោគ Delta កំពុងតែឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ដែលករណីនេះវាជាហានិភ័យខ្លាំងនៃការចម្លងបន្តគ្នាលឿន អាចកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែងក្នុងគ្រាដែលប្រជាពលរដ្ឋជួបជុំប្រមូលផ្តុំកកកុញ ដើរកម្សាន្តជុំគ្នាច្រើន ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច។
លោកស្រី ឱ វណ្ណឌីន បន្តថា មូលហេតុដែលនាំឱ្យមានការផ្ទុះជំងឺ Covid-19 នៅបណ្តាប្រទេសមួយចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ចេញមកពីកន្លែងដែលកកកុញមនុស្សច្រើន ឬនៅកន្លែងបិទជិត កន្លែងជុំៗគ្នាច្រើន និងនៅជិតកៀកៗគ្នាដោយមិនមានអនុវត្តវិធានការការពារខ្លួននោះតែម្ដង។
មន្ត្រីសុខាភិបាលរូបនេះថា ការលេងសប្បាយតែមួយភ្លែត ឬមួយថ្ងៃ វាមិនបានផលចំណេញអ្វីទេ ផ្ទុយទៅវិញវាអាចធ្វើឱ្យអ្នកកើតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដោយសារការឆ្លងជំងឺ Covid-19។ លោកស្រីបញ្ជាក់ថា យុវជន ប្រជាពលរដ្ឋអាចនៅមានពេល និងអាចរកទីកន្លែងច្រើនទៀតដើម្បីដើរលេងកម្សាន្តសប្បាយដោយមានការប្រុងប្រយ័ត្នខ្ពស់ និងអាចរៀនរស់នៅបានយូរអង្វែងជាមួយនឹងការវិវឌ្ឍបំប្លែងខ្លួននៃវីរុស Covid-19។
លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យការសប្បាយភ្លេចខ្លួន ហើយក្លាយទៅជាការបង្កហេតុនៃការចម្លងរោគ Covid-19 រាតត្បាតធំធេងដល់គ្រួសារ និងអ្នកដទៃនៅក្នុងសហគមន៍។
យ៉ាងណាក៏ដោយ ក្រោយពីការចែករំលែករិះគន់លើបណ្ដាញសង្គមពីសំណាក់សាធារណជន រួមទាំងការក្រើនរំឭក និងបង្ហាញការព្រួយបារម្ភរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនោះ មន្ទីរទេសចរណ៍ និងរដ្ឋបាលស្រុកពញាក្រែក និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចផ្អាករមណីយដ្ឋានអន្លង់ជ្រៃ ជាបណ្ដោះអាសន្នសិន កាលពីល្ងាចម្សិលមិញ ដោយរង់ចាំការរៀបចំឱ្យបានល្អប្រសើរឡើងវិញ។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ចេញកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តជិត ៤២ម៉ឺននាក់ ក្នុងនោះខេត្តកំពត ជាគោលដៅទេសចរណ៍សំខាន់ជាងគេ រួមទាំងខេត្តកែប ព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ស្ពឺ កំពង់ចាម និងខេត្តត្បូងឃ្មុំ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានអះអាងដោយផ្ទាល់មាត់កាលពីថ្ងៃទី៦ ខែតុលា ថា ការបើកឱ្យមានការជួបជុំប្រមូលផ្ដុំគ្នាដើរលេងកម្សាន្តរបស់ពលរដ្ឋអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកថាជាការពិសោធដើម្បីត្រៀមបើកប្រទេសឡើងវិញលើគ្រប់វិស័យនៅចុងឆ្នាំនេះ។ លោក ហ៊ុន សែន ទទួលស្គាល់ថា នេះជាការសាកល្បងរវាងមហន្តរាយសុខភាពសាធារណៈ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជានៅចំពោះមុខជំងឺ Covid-19៕