32 C
Phnom Penh

អ្នក​សារព័ត៌មាន​ពីរ​រូប​គឺ​ម្នាក់​នៅ​អាស៊ី និង​ម្នាក់​ទៀត​នៅ​អឺរ៉ុប ត្រូវ​បាន​ប្រកាស​ថា​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំណឹង​ពី​ទីក្រុង​អូស្លូ ប្រទេស​ណ័រវេ ឯណោះ​ឱ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ពីរ​រូប​ដែល​តែង​ធ្វើ​ឱ្យ​អាជ្ញាធរ​នៃ​ប្រទេស​ពួកគេ​ខឹងសម្បា ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ពានរង្វាន់​មេដាយ​ណូបែល​សន្តិភាព កាលពី​ថ្ងៃ​សុក្រ ទី​៨ តុលា។

រង្វាន់​នោះ​ជា​ពានរង្វាន់​កិត្តិយស​នៃ​សិទ្ធិ​បញ្ចេញ​មតិ ស្ថិត​ក្រោម​ស្ថានភាព​គំរាមកំហែង​ធ្ងន់ធ្ងរ​នៃ​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ។

អ្នកកាសែត​ទាំង​ពីរ​រូប​នោះ​មាន​សញ្ជាតិ​រុស្ស៊ី និង​ហ្វីលីពីន។ អ្នក​សារព័ត៌មាន​ហ្វីលីពីន​នោះ​មាន​ឈ្មោះ​ថា Maria Ressa ហើយ​អ្នក​សារព័ត៌មាន​រុស្ស៊ី មាន​ឈ្មោះ​ថា Dmitry Muratov។ អ្នក​សារព័ត៌មាន​ហ្វីលីពីន Maria Ressa កាលពី​ខែ​សីហា តុលាការ​ហ្វីលីពីន​បាន​ទាត់​ចោល​នូវ​បណ្ដឹង​ប្រឆាំង​អ្នកកាសែត​ដ៏​សកម្ម​រូប​នេះ។

Maria Ressa គឺជា​អ្នក​សារព័ត៌មាន​មួយ​រូប​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ច្រើន​រូប​ដែល​រង​ការ​ប្ដឹង​ចំពោះ​ការ​សរសេរ​អត្ថបទ​វិភាគ ឬ​របាយការណ៍​ស៊ើប​អង្កេត​លើ​ការ​ដឹកនាំ​របស់​ប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូទើតេ បច្ចុប្បន្ន​នេះ។

នៅ​លើ​វេទិកា​ប្រកាស​ពានរង្វាន់ ប្រធាន​គណៈកម្មការ​ណូបែល​នៃ​ប្រទេស​ណ័រវេ Berit Reiss-Anderson បាន​ជម្រាប​ជូន​ថា រង្វាន់​នេះ​ជូន​ចំពោះ​ការ​ប្រយុទ្ធ​ដ៏​អង់អាច​ដើម្បី​ការពារ​សិទ្ធិ​បញ្ចេញ​មតិ​នៅ​ប្រទេស​ហ្វីលីពីន និង​រុស្ស៊ី។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ​ណូបែល​សន្តិភាព​ក៏​ឱ្យ​ដឹង​ថា ពានរង្វាន់​នេះ​ក៏​ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ថា​ជា​ការ​តំណាង​សម្រាប់​អ្នក​សារព័ត៌មាន​ដែល​ងើប​ឡើង​ដើម្បី​ប្រជាធិបតេយ្យ និង​សេរីភាព​សារព័ត៌មាន ក្នុង​ការ​ប្រឈម​នឹង​ស្ថានភាព​គ្រោះថ្នាក់​នៃ​រដ្ឋ​អំណាច​ផ្ដាច់ការ។

ប្រធាន​គណៈកម្មការ​បញ្ជាក់​ថា សារព័ត៌មាន​បម្រើ​ដល់​ការ​ការពារ​ប្រជាជន​ពី​ការ​រំលោភ​អំណាច​នៃ​មេដឹកនាំ​ផ្ដាច់ការ។

ពានរង្វាន់​សម្រាប់​អ្នក​សារព័ត៌មាន​នេះ ទើប​តែ​ដល់​ជំនាន់​ទី​ពីរ​ប៉ុណ្ណោះ ខណៈ​គេ​បាន​ដឹង​ថា ពានរង្វាន់​សារព័ត៌មាន​លើកដំបូង គឺ​បាន​ទៅលើ​អ្នក​សារព័ត៌មាន​អាល្លឺម៉ង់​ឈ្មោះ​ថា Carl von Ossietzky នៅ​ឆ្នាំ​១៩៣៥ ចំពោះ​ការ​ដែល​លោក​ហ៊ាន​ទម្លាយ​កម្មវិធី​អាវុធ​សម្ងាត់​អាល្លឺម៉ង់​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១។

អ្នក​ឈ្នះ​រង្វាន់​សន្តិភាព​ណូបែល​នេះ នឹង​ធ្វើ​បទបង្ហាញ​នៅ​ថ្ងៃ​ទី​១០ ធ្នូ គឺ​ក្នុង​ខួប​នៃ​ការ​ស្លាប់​របស់​ជើងឯក​ឧស្សាហកម្ម​ស៊ុយអែត​ម្នាក់ ដែល​ជា​អ្នក​រៀបចំ​ណូបែល​សន្តិភាព​នេះ​ឡើង​នៅ​ឆ្នាំ​១៨៩៥៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស