នៅអាស៊ី គឺមានតែប្រទេសជប៉ុនមួយគត់ដែលនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះងាយបោះបង់តំណែងរបស់ខ្លួនដោយមិនស្ដាយស្រណោះឡើយ។ អ្នកនយោបាយទាំងនោះមើលទៅមិនបានចាត់ទុកតំណែងរបស់ខ្លួនជារង្វាន់ដែលទេវតាប្រទានឱ្យខ្លួនគេអស់មួយជីវិតនោះទេ។
យ៉ាងណា មិនមែនមានតែអ្នកនយោបាយប្រទេសជប៉ុននោះទេដែលក្លាហានដូចនេះ គឺនៅបណ្ដាប្រទេសអឺរ៉ុប ក៏បានបោះបង់តំណែងរបស់ខ្លួនដោយមិនសោកស្ដាយដែរ ហើយមិនទុកឱ្យមានការដកហូតតំណែង ឬដេញចេញឡើយ។
ជាក់ស្ដែង លោក Sebastian Kurz បានសម្រេចទម្លាក់ចោលតំណែងរបស់លោកដែលជាអធិការបតីឋានៈស្មើនាយករដ្ឋមន្ត្រីទៅហើយនៅពេលនេះ។ លោក Sebastian Kurz គឺជាអធិការបតីនៃប្រទេសអូទ្រីស ជាប្រទេសមួយក្នុងទ្វីបអឺរ៉ុប ដែលប្រកាន់របបប្រជាធិបតេយ្យ។ លោក Sebastian Kurz ត្រូវបានរដ្ឋអាជ្ញាដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតករណីសង្ស័យថា បានប្រើថវិការដ្ឋពាក់ព័ន្ធនឹងការធ្វើប្រជាភិថុតិនយោបាយសម្រាប់ការបោះឆ្នោតខាងមុខ។
គ្រាន់តែរឿងតូចមួយប៉ុណ្ណោះ បុរសវ័យ ៣៥ឆ្នាំរូបនេះ មិនទុកឲ្យរឿងអាស្រូវរបស់ខ្លួនកាន់តែរីកធំឡើងៗនោះទេ។ លោកថាការចុះចេញពីតំណែងរបស់លោក គឺដើម្បីបញ្ចៀសវិបត្តិរដ្ឋាភិបាល។ លោកបានស្នើទៅកាន់ប្រធានាធិបតីអូទ្រីស ថាគួរលើករដ្ឋមន្ត្រីការបរទេសដែលមានឈ្មោះថា Alexander Schallenberg ជាអធិការបតី។ សព្វថ្ងៃនេះ Schallenberg អាយុ ៥២ឆ្នាំ។ គេបានដឹងថា ក្នុងចំណោមមន្ត្រីទាំងអស់ អ្នកដែលស្មោះត្រង់នឹងលោក Kurz ជាងគេ គឺលោក Schallenberg តែបុរសរូបនេះមានប្រវត្តិខាងការទូតជាជាងនយោបាយ។
លោក Sebastian Kurz កើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៨៦។ នៅសង្កាត់ Meidling នៃទីក្រុងវីយែន ប្រទេសអូទ្រីស ក្នុងគ្រួសាររ៉ូម៉ាំងកាតូលិក។ ឪពុកជាវិស្វករ ហើយម្ដាយជាគ្រូបង្រៀន។ កុមារារូបនេះបានចូលរៀននៅសាលាបឋមសិក្សាពីឆ្នាំ១៩៩២ ដល់ ១៩៩៦។ ក្រោយពីបញ្ចប់វិទ្យាល័យ យុវជនរូបនេះបានចូលបំពេញកាតព្វកិច្ចយោធាក្នុងឆ្នាំនោះតែម្ដង។ ក្រោយមកបានចុះឈ្មោះទៅសិក្សានៅសាកលវិទ្យាល័យ អ៊ែលហ្គាស នៅក្រុងវីយែន ក្នុងឆ្នាំ២០០៤។ ប៉ុន្តែយុវជនរូបនេះបានបោះបង់ការសិក្សាមុនពេលបញ្ចប់ការសិក្សា ដោយសម្រេចចូលប្រឡូកក្នុងនយោបាយ។
ការពិត យុវជននេះបានចូលរួមជាមួយគណបក្សប្រជាជនអូទ្រីសអភិរក្សនិយមក្នុងឆ្នាំ២០០៣ ហើយបានក្លាយជាប្រធានយុវជនបក្សសម្រាប់ទីក្រុងវីយែន ក្នុងឆ្នាំ២០០៨។ នៅពេលបានតំណែងអនុប្រធានបក្សនៅឆ្នាំ២០១៦ គឺយុវជននេះក៏បានកាន់ជារដ្ឋមន្ត្រីការបរទេសក្នុងវ័យ ២៧ឆ្នាំ។
នៅក្នុងការបោះឆ្នោតសភា ខែកញ្ញា ឆ្នាំ២០១៩ គណបក្សអភិរក្សប្រជាជននៅតែទទួលបានជ័យជម្នះដោយទទួលបានសំឡេងគាំទ្រ ៣៧,៥%។ តែបែបនេះក្ដី បក្សនេះមិនអាចបង្កើតរដ្ឋាភិបាលដោយសំឡេងភាគច្រើនបានឡើយ។ ដោយមើលឃើញដូចនេះ អ្នកនយោបាយវ័យក្មេងនេះបានចូលចរចា ដើម្បីបង្កើតសម្ពន្ធភាពជាមួយគណបក្សបៃតងក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។ បន្ទាប់ពីគណបក្សទាំងពីរបានបញ្ចប់ការចរចាដើម្បីបង្កើតសម្ពន្ធភាពដែលមិនធ្លាប់មានពីមុនមក អ្នកនយោបាយ Sebastian Kurz បានស្បថចូលកាន់តំណែងជាអធិការបតីនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដោយបង្កើតរដ្ឋាភិបាលមួយមកដល់ពេលលោកចុះចេញពីតំណែងកាលពីថ្ងៃសៅរ៍ ទី៩ ខែតុលា នេះ។
តាមទីភ្នាក់ងារសារព័ត៌មានរបស់អាល្លឺម៉ង់ DPA លោក Alexander Schallenberg ត្រូវស្បថចូលកាន់តំណែងអធិការបតីជំនួសអធិការបតីវ័យក្មេងនៅថ្ងៃចន្ទ ទី១១ តុលា នេះ។ តាមសំណើរបស់គណបក្សប្រជាជនអភិរក្សនិយម ប្រធានាធិបតី Alexander Van der Bellen បានសម្រេចតែងតាំងលោក Schallenberg ដែលមានវ័យ ៥២ឆ្នាំឡើងជាអធិការបតីថ្មីនៃប្រទេសអូទ្រីស៕