29 C
Phnom Penh

លោក កឹម សុខា អះអាង​ថា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​នៅតែ​យកចិត្ត​ទុកដាក់​ជួយ​ពលរដ្ឋ​ខ្មែរ​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ដែល​នៅតែ​យកចិត្ត​ទុកដាក់​ជួយ​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ រហូត​មក។

លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា លោក​បាន​ទទួល​ស្វាគមន៍​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Carmen Moreno ដែល​បាន​ទៅ​សួរ​សុខទុក្ខ​លោក​ដល់​គេហដ្ឋាន​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​អ្នកស្រី​ត្រឡប់​ទៅ​ពី​សហគមន៍​អឺរ៉ុប​វិញ។

មេ​បក្ស​ប្រឆាំង​ដែល​ប្រកាន់​ជំហរ​អហិង្សា​រូប​នេះ​អះអាង​ថា ក្នុង​ជំនួប​នេះ ពួកគេ​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ជុំវិញ​កិច្ចការ​មួយ​ចំនួន​កន្លងមក​នៅ​កម្ពុជា ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​មុខ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ តុលា នេះ​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គួរតែ​ពិចារណា​ធ្វើ​សកម្មភាព​នយោបាយ​តាម​របៀប​អហិង្សា​របស់​លោក​ឱ្យ​កាន់តែ​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត ដើម្បី​រក​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច ស្រប​ពេល​ដែល​អង្គទូត​នានា​បាន​ផ្តល់​ការ​លើក​ទឹកចិត្ត​ជាបន្តបន្ទាប់​ដល់​លោក​រហូត​មក។

លោក​អះអាង​ថា ដំណោះស្រាយ​នយោបាយ​សម្រាប់​កម្ពុជា​នៅ​ពេលនេះ គ្មាន​ជម្រើស​ណា​ក្រៅពី​ការ​ចរចា​រវាង​ខ្មែរ​និង​ខ្មែរ​នោះ​ទេ ព្រោះថា បើ​ទោះបីជា​អង្គទូត​នានា​ចង់​ជួយ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​មាន​ការ​ផ្សះផ្សា​គ្នា​យ៉ាងណា​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ទៅ​កើត​ដែរ ប្រសិន​មេដឹកនាំ​នយោបាយ​ទាំងនោះ​មិន​មាន​ផែនការ​ច្បាស់លាស់​ដើម្បី​រក​ការ​ចរចា​នយោបាយ​រវាង​ជាតិ​ឯង ក្នុង​ការ​ឈាន​ទៅ​រក​ផលប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​នោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ស្ថានភាព​នយោបាយ​សម្រាប់​កម្ពុជា​នៅ​ពេលនេះ លោក ហ៊ុន សែន នឹង​មិន​ចរចា​នយោបាយ​ជាមួយ​មេដឹកនាំ​ដែល​គ្មាន​ឥទ្ធិពល​នយោបាយ​លើ​បក្ស​កាន់​អំណាច​នោះ​ទេ។ ជាង​នេះ​ទៀត ប្រសិនបើ​លោក កឹម សុខា នៅតែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ហួសហេតុ​ពេក ក៏​មិនមែន​ជា​វិធី​ល្អ​សម្រាប់​ការ​រក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​នោះ​ដែរ។

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល ២​ឆ្នាំ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តល់​សិទ្ធិ​សេរីភាព​ជាង​មុន​បន្តិច ដែល​លោក​អាច​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស ប៉ុន្តែ​ត្រូវ​បាន​ហាម​ធ្វើ​សកម្មភាព ឬ​ការ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ រួម​ទាំង​ការ​ចាកចេញ​ក្រៅ​ប្រទេស​ផង​ដែរ។ ដូច្នេះ មក​ទល់នឹង​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា លោក កឹម សុខា មិន​មាន​សកម្មភាព​នយោបាយ​ណាមួយ​នៅឡើយ​ទេ ក្រៅតែ​ពី​ការ​ជួប​អង្គទូត និង​ធ្វើ​កម្មវិធី​ផ្តល់​ជំនួយ​សប្បុរសធម៌​ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ​កន្លងមក។

ជុំវិញ​បញ្ហា​នេះ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ។

កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​អះអាង​ថា សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​លោកសេរី​មួយ​ចំនួន​ទៀត​នៅតែ​ទទួលស្គាល់​អំពី​គុណ​តម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោលជំហរ​របស់​លោក ដែល​តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​តែងតែ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា មេ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​អាច​បន្ត​នៅ​ស្ងៀម​បែប​នេះ​រហូត​ទេ ព្រោះថា​ដើម្បី​រក​យុត្តិធម៌​ជូន​គណបក្ស​របស់​ខ្លួន​ដែល​ត្រូវ​គេ​រំលាយ​ទាំង​អយុត្តិធម៌ ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង ៥០០៧​នាក់ ដែល​មិនទាន់​ផុត​អាណត្តិ​នៅ​ពេលនេះ គឺ​ត្រូវតែ​បន្ត​ការ​តស៊ូ​មតិ​តាមរយៈ​នយោបាយ​ការទូត​ឲ្យ​ខ្លាំងក្លា​បន្ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស