អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា ព្រះមហាក្សត្រខ្មែរនឹងដាក់រាជ្យភ្លាមៗនៅពេលដែលច្បាប់ស្ដីពីការកំណត់សញ្ជាតិសម្រាប់មេដឹកនាំខ្មែរត្រូវបានអនុម័ត ដើម្បីធ្វើជាគំរូក្នុងនាមព្រះអង្គជាព្រះប្រមុខរដ្ឋរបស់ប្រជារាស្ត្រខ្មែរ ខណៈអ្នកឃ្លាំមើលសង្គមមួយចំនួនក៏បានលើកឡើងនូវទស្សនៈស្រដៀងគ្នាជុំវិញការបង្កើតច្បាប់កំណត់សញ្ជាតិនេះដែរ។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រ Facebook របស់លោកនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះថា លោកទទួលបានប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តពីព្រះបរមរាជវាំងថា ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី បានប្រាប់ទៅប្រមុខរដ្ឋាភិបាលកម្ពុជាថា បើច្បាប់កំណត់សញ្ជាតិមេដឹកនាំនេះត្រូវបានអនុម័តនៅថ្ងៃណា ព្រះអង្គនឹងដាក់រាជ្យភ្លាមៗមួយរំពេចនៅថ្ងៃនោះតែម្តង ដើម្បីធ្វើជាគំរូសម្រាប់មេដឹកនាំរបស់កម្ពុជា។
មេបក្សប្រឆាំងរូបនេះអះអាងថា ច្បាប់កំណត់សញ្ជាតិដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសជំរុញឱ្យរដ្ឋសភាអនុម័តនោះ គឺច្បាស់ជាចេញមិនរួចជាដាច់ខាត ព្រោះថាការបង្កើតច្បាប់នេះ គឺបង្ហាញពីការប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ ត្បិតព្រះមហាក្សត្រខ្មែរមានសញ្ជាតិរហូតដល់ទៅបីឯណោះ គឺសញ្ជាតិខ្មែរ សញ្ជាតិបារាំង និងសញ្ជាតិឆែក (Tchèque) ផងនោះ។
លោក សម រង្ស៊ី បញ្ជាក់ថា ព្រះអង្គមានព្រះរាជបន្ទូលថា ក្នុងនាមព្រះប្រមុខរដ្ឋរបស់កម្ពុជាដែលគង់លើរាជបល្ល័ង្គ គឺព្រះអង្គមានតំណែងខ្ពង់ខ្ពស់ជាងគេបង្អស់ ដូច្នេះព្រះអង្គត្រូវតែផ្តល់នូវភាពជាគំរូទៅថ្នាក់ដឹកនាំទាំងអស់តាមច្បាប់ថ្មីដែលតម្រូវឲ្យមានសញ្ជាតិខ្មែរតែមួយនោះ។
ការអះអាងរបស់អតីតមេដឹកនាំបក្សប្រឆាំងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្កើតឱ្យមានច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកំពូលៗរបស់កម្ពុជាកាលពីពេលថ្មីៗនេះ។
ទោះជាយ៉ាងណាក៏ដោយ អតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានប្រាប់ The Cambodia Daily ថា ព្រះអង្គមិនបានព័ត៌មានណាមួយដែលបញ្ជាក់ថាព្រះមហាក្សត្រ នរោត្តម សីហមុនី គ្រោងដាក់រាជ្យដោយសារបញ្ហាច្បាប់កំណត់សញ្ជាតិមួយនោះទេ។ ព្រះអង្គមានបន្ទូលថា ច្បាប់ស្ដីពីការកំណត់សញ្ជាតិមួយនេះមិនបានប៉ះទង្គិចដល់អង្គព្រះមហាក្សត្រទេ ដោយសារព្រះអង្គមិនកាន់អំណាច ហើយច្បាប់នេះទៀតសោតក៏មិនបានសំដៅដល់ព្រះមហាក្សត្រនោះដែរ។
ព្រះអង្គមានបន្ទូលថា ព្រះមហាក្សត្រ នរោត្តម សីហមុនី មិនមានសញ្ជាតិបីដូចការចោទប្រកាន់របស់លោក សម រង្ស៊ី នោះទេ។ ព្រះអង្គមានសញ្ជាតិតែពីរប៉ុណ្ណោះ គឺសញ្ជាតិបារាំង និងសញ្ជាតិខ្មែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯវិមានសន្តិភាពដើម្បីអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលនឹងធ្វើវិសោធនកម្មលើមាត្រាមួយចំនួន ដូចជាមាត្រា១១៩ ជាដើម ដើម្បីបង្កើតឲ្យមានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់មេដឹកនាំស្ថាប័នកំពូលៗ ដូចជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រី ក្នុងបំណងដើម្បីបង្ហាញពីភាពស្មោះត្រង់ចំពោះជាតិខ្មែរ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១១ តុលា នេះថា ដើម្បីឲ្យមេដឹកនាំរបស់ស្ថាប័នកំពូលៗអាចប្រើប្រាស់អំណាចដើម្បីបម្រើផលប្រយោជន៍ជាតិពិតប្រាកដ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្កើតច្បាប់កំណត់សញ្ជាតិមេដឹកនាំ មិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែត្រូវតម្រូវឱ្យសមាជិកនៃស្ថាប័នទាំងនោះមានសញ្ជាតិខ្មែរតែមួយគ្រប់គ្នាទាំងអស់ បើមិនដូច្នោះទេ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺគ្មានន័យ ឥតប្រយោជន៍ និងគ្មានបានការអ្វីទាំងអស់។
លោកអះអាងថា សូមកុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្កើតច្បាប់កំណត់សញ្ជាតិនេះ ព្រោះថាច្បាប់នេះកើតឡើងដោយសារកំហឹងបុគ្គល និងបុគ្គលប៉ុណ្ណោះ ដែលមិនមែនជាឆន្ទៈរបស់ពលរដ្ឋខ្មែរនោះទេ ត្បិតច្បាប់ដែលមានស្មារតីគតិបណ្ឌិតពិតប្រាកដ គឺនឹងមិនកើតឡើងដោយសារការលោភលន់ ឬកំហឹងរបស់អ្នកបង្កើតច្បាប់នោះឡើយ។
លោកបញ្ជាក់ថា បើបង្កើតច្បាប់នេះគ្រាន់តែដើម្បីកុំឱ្យអតីតមេបក្សប្រឆាំងធ្វើជានាយករដ្ឋមន្ត្រី គឺមិនមានការចាំបាច់ដល់ម្ល៉ឹងនោះទេ ព្រោះថាតាមទោសរបស់លោក សម រង្ស៊ី ដែលតុលាការកម្ពុជាបានចោទពីបទព្រហ្មទណ្ឌធ្ងន់ៗកន្លងមក នឹងមិនអាចឲ្យគាត់ទៅធ្វើជាថ្នាក់ដឹកនាំក្នុងជួរគណបក្សនយោបាយណាមួយបានទេ ព្រមទាំងត្រូវអនុវត្តទោសក្នុងពន្ធនាគារដែលមិនអាចឲ្យគាត់ទៅធ្វើសកម្មភាពនយោបាយផងដែរ ដូច្នេះ កុំថាឡើយដល់ទៅធ្វើនាយករដ្ឋមន្ត្រីនោះ។
សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបានឆ្លងគណៈរដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ មាន ៦មាត្រា ក្នុងនោះមាត្រា១១៩ថ្មី (មួយ) ចែងថា វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រី ត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ ដោយឡែកមាត្រា១០៦ មាត្រា១៣៧ និងមាត្រា៨២ ដែលចែងពីប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏តម្រូវឲ្យពួកគេមានសញ្ជាតិខ្មែរពីកំណើតតែមួយគត់ផងដែរ។
គិតតាំងពីឆ្នាំ១៩៩៤ មក រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ៩លើករួចមកហើយ។ ការធ្វើវិសោធនកម្មលើកដំបូង គឺនៅឆ្នាំ១៩៩៤ ដើម្បីផ្ដល់សិទ្ធិដល់ប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាលើព្រះរាជក្រម ឬព្រះរាជក្រឹត្យ នៅពេលអវត្តមានព្រះមហាក្សត្រនៅក្នុងប្រទេស និងចុងក្រោយនៅឆ្នាំ២០១៧ ដែលគេចាត់ទុកថាជាការធ្វើវិសោធនកម្មដ៏អាក្រក់មួយក្នុងទិសដៅកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់បិទសិទ្ធិមន្ត្រីបក្សប្រឆាំងមិនឲ្យធ្វើនយោបាយ និងរំលាយគណបក្សសង្គ្រោះជាតិ៕