រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឱ្យមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធខេត្តរតនគិរី ការពារព្រំដែនឱ្យបានដាច់ខាតនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិរបស់ខ្លួន ហើយខិតខំថែរក្សាការពារព្រៃឈើ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលមានក្នុងខេត្តឱ្យបានល្អថែមទៀត ប៉ុន្តែអ្នកឃ្លាំមើលនៅតែមានទស្សនៈអវិជ្ជមានលើការណែនាំនេះ។
ការអះអាងរបស់លោក ស ខេង ធ្វើឡើងក្នុងពិធីផ្ទេរភារកិច្ចអភិបាលខេត្តរតនគិរី នៅថ្ងៃទី១២ ខែតុលា នេះ ដែលលោកបានណែនាំឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នាំគ្នាអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព និងការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកអះអាងថា មន្ត្រីមូលដ្ឋានទាំងអស់ត្រូវតែខិតខំប្រមូល និងដោះស្រាយបញ្ហាពលរដ្ឋឱ្យបានល្អ និងបើកចិត្តឱ្យបានទូលាយ ដើម្បីទទួលយកមតិរិះគន់កែលំអពីមជ្ឈដ្ឋាននានា និងត្រូវយកចិត្តទុកដាក់ផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋឱ្យបានល្អ ផ្ដល់សេវាសាធារណៈដោយគ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។
ការរំឭកដាស់តឿនរបស់លោក ស ខេង ធ្វើឡើងក្នុងពិធីប្រកាសប្រគល់មុខតំណែងអភិបាលថ្មីខេត្តរតនគិរី ដើម្បីជំរុញឱ្យមន្ត្រីនៃខេត្តនេះយកចិត្តទុកដាក់ការពារអធិបតេយ្យភាពរបស់កម្ពុជា និងការពារធនធានធម្មជាតិឱ្យបានគង់វង្សដោយស្មារតីទទួលខុសត្រូវខ្ពស់។
នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ តុលា នេះថា ដើម្បីធានានូវភាពគង់វង្សធនធានធម្មជាតិ និងការពារព្រំដែនឱ្យបានរឹងមាំ រដ្ឋាភិបាលត្រូវតែបើកទូលាយសម្រាប់សកម្មជនសង្គមនានា ដូចជាសកម្មជនបរិស្ថានជាដើម ឱ្យពួកគេអាចចុះទៅល្បាតធនធានធម្មជាតិនៅខេត្តនោះដោយគ្មានការរារាំង ព្រោះថាបើពឹងទៅលើមន្ត្រីមូលដ្ឋានតែមួយផ្នែកនោះ គឺមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការការពារព្រំដែន និងធនធានធម្មជាតិនោះទេ។
លោកអះអាងថា ខេត្តរតនគិរី ជាខេត្តមួយក្នុងចំណោមខេត្តបីផ្សេងទៀតកំពុងស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលកំពុងរងការភ័យព្រួយពីការកាប់បំផ្លាញព្រៃឈើ ការរុករករ៉ែ ការហូរចូលជនជាតិវៀតណាម និងការរំលោភខ្សែបន្ទាត់ព្រំដែនពីប្រទេសជិតខាង ដូច្នេះគ្រាន់តែណែនាំឱ្យមន្ត្រីមូលដ្ឋានការពារធនធានធម្មជាតិ និងព្រំដែននោះ គឺមិនមានប្រសិទ្ធភាពនោះទេ មានតែវិធានការច្បាប់ប៉ុណ្ណោះ ទើបអាចធានានូវការការពារធនធានធម្មជាតិខេត្តនេះបាន ១០០ភាគរយ។
បណ្ឌិត សេក សុជាតិ បញ្ជាក់ថា ដើម្បីឱ្យមានការអភិវឌ្ឍ រដ្ឋាភិបាលមិនត្រឹមតែដោះដូរអភិបាលខេត្តប៉ុណ្ណោះទេ ប៉ុន្តែគួរចាប់ផ្តើមពីការបំបាត់បណ្ដាញអំពើពុករលួយនៅក្នុងក្របខ័ណ្ឌនៃមន្ត្រីរបស់ខ្លួនជាមុនសិន។ លោកបន្តថា ប្រសិនបើមិនអាចអនុវត្តច្បាប់បំបាត់អំពើពុករលួយបានទេ ការដាក់អភិបាលខេត្តថ្មីនេះក៏មិនអាចនាំឲ្យខេត្តរីកចម្រើនបានដែរ ផ្ទុយទៅវិញអាចនឹងជួយឲ្យមន្ត្រីពុករលួយមានឱកាសប្រមូលផលប្រយោជន៍ពីតំណែងរបស់ខ្លួនបានកាន់តែច្រើនទៅវិញប៉ុណ្ណោះ។
ខេត្តរតនគិរី ជាខេត្តដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានផ្ទៃដីសរុបជាង ១០៤០០គីឡូម៉ែត្រក្រឡា ដែលមានព្រំប្រទល់ជាប់នឹងខេត្តកន្ទូម និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ប្រវែង ២១០គីឡូម៉ែត្រ និងជាប់ខេត្តអត្តពឺ នៃប្រទេសឡាវ ប្រវែង ១៦៥គីឡូម៉ែត្រផងដែរ។ បច្ចុប្បន្ន ខេត្តរតនគិរី មានច្រកទ្វារអន្តរជាតិតែមួយប៉ុណ្ណោះនៅជាប់ជាមួយច្រកទ្វារអន្តរជាតិឡេថាញ់ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម គឺច្រកអូរយ៉ាដាវ ប៉ុន្តែខេត្តនេះនៅមិនទាន់មានច្រកផ្លូវការ ឬច្រករបៀងណាមួយតភ្ជាប់ជាមួយប្រទេសឡាវ នៅឡើយទេ។
ខេត្តភាគឦសានមួយនេះជាខេត្តមួយស្ថិតក្នុងចំណោមខេត្ត ៣ផ្សេងទៀត គឺខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដែលត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងប្រទេសឡាវ តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។
បញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមបាននាំគ្នាសម្ដែងការព្រួយបារម្ភ និងទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍នេះជាបន្ទាន់ ដើម្បីបញ្ចៀសហានិភ័យនៃការបាត់បង់ធនធានធម្មជាតិ និងគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ព្រំដែនកម្ពុជាទៅថ្ងៃក្រោយ៕