37 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ចុះផ្សាយ​របស់​កាសែត The Guardian ក្លាយ​ជា​ការ​ប្រជែង​ប្រយោជន៍​នយោបាយ​នៅ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​នយោបាយ​នៅ​កម្ពុជា និយាយ​ថា ការ​ចុះផ្សាយ​ខុស​របស់​កាសែត​អង់គ្លេស The Guardian មិន​គួរ​ជា​ហេតុផល​នាំ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​ក្នុង​ស្ថាប័ន​កំពូលៗ​នោះ​ទេ ប៉ុន្តែ​ដោយ​ការ​ចាប់ផ្តើម​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លើ​ការ​ចុះផ្សាយ​នេះ បាន​ក្លាយ​ទៅជា​ការ​ប្រជែង​គ្នា​លើ​ប្រយោជន៍​នយោបាយ​ទៅវិញ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ តុលា នេះ​ថា លោក​គាំទ្រ​ឱ្យ​មាន​ច្បាប់​នេះ ប៉ុន្តែ​អ្វី​ដែល​លោក​មាន​ការ​សោកស្តាយ​នោះ គឺ​មូលហេតុ និង​នីតិវិធី​នៃ​ការ​បង្កើត​ច្បាប់​នេះ ព្រោះថា​ច្បាប់​នេះ​កើតឡើង​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​មិន​ទាន់​ស្រុះស្រួល​គ្នា​រវាង​អ្នក​នយោបាយ​កំពូលៗ​ដែល​មាន​ឥទ្ធិពល​នយោបាយ​សម្រាប់​កម្ពុជា​នៅ​ពេលនេះ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​ជាច្រើន​ទៀត​ក៏​មាន​ទស្សនៈ​ស្រប​គ្នា​នេះ​ដែរ។

លោក​លើកឡើង​ថា ការ​ឆ្លើយឆ្លង​របស់​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី មក​ទល់​នឹង​ពេលនេះ​នៅតែ​មិន​អាច​បញ្ចប់​បាន​នៅឡើយ បើ​ទោះបីជា​កាសែត The Guardian បាន​ចេញ​លិខិត​សុំទោស​លើ​ខ្លឹមសារ​អត្ថបទ​ចុះផ្សាយ​របស់​គេ​ទៅ​ហើយ​ក្តី។

បណ្ឌិត សេង សារី បញ្ជាក់​ថា នៅ​ពេលនេះ​បញ្ហា​មិនមែន​ស្ថិត​លើ​ការ​ចុះផ្សាយ​ខុស​របស់​កាសែត The Guardian នោះ​ទេ បើ​ទោះបីជា​កាសែត​នេះ​ជា​អ្នក​បង្ក​ឱ្យ​មាន​ចំណុច​នូវ​ការ​យល់​ច្រឡំ​ក៏ដោយ ក៏​អ្នក​នយោបាយ​ទាំង​ពីរ​ភាគី​នៅតែ​បន្ត​សកម្មភាព​ពួកគេ​រៀងៗ​ខ្លួន​ដដែល ខណៈ​ភាគី​លោក សម រង្ស៊ី ចេះ​តែ​បន្ត​វាយប្រហារ​ឥត​ឈប់ឈរ ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បន្ត​រុញ​សេចក្តី​ព្រាង​ច្បាប់​កំណត់​សញ្ជាតិ​មេដឹកនាំ​កំពូលៗ​ឱ្យ​កាន់តែ​លឿន​បន្ថែម​ទៀត។

ការ​អះអាង​របស់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ បន្ទាប់ពី​កាសែត The Guardian បាន​ចេញ​លិខិត​បង្ហាញ​ពី​ការ​សោកស្តាយ​របស់​ខ្លួន​ដែល​បាន​ចុះផ្សាយ​មិន​ត្រឹមត្រូវ​កន្លងមក ប៉ុន្តែ​ជម្លោះ​រវាង​អ្នក​នយោបាយ​នៅ​មិនទាន់​អាច​បញ្ចប់​បាន​នៅឡើយ។

កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០២១ កាសែត The Guardian បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ ហើយ​បាន​ចោទ​លោក ហ៊ុន សែន គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​លិខិត​ឆ្លងដែន​ពី​ប្រទេស​សាយប្រឺស (Cyprus) ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា កាសែត​នេះ​បាន​ចុះផ្សាយ​កែតម្រូវ​ខ្លឹមសារ​របស់​ខ្លួន​វិញ​ភ្លាមៗ​បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​មេដឹកនាំ​កម្ពុជា។

ជុំវិញ​ការ​ចុះផ្សាយ​នេះ រដ្ឋមន្ត្រី​ការបរទេស​របស់​កម្ពុជា លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ ទៅកាន់​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ Cyprus លោក នីកូស គ្រីស្តូឌូលីដេស (Nikos Christodoulides) ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សារព័ត៌មាន The Guardian ដែល​បាន​ចុះផ្សាយ​មិន​ពិត​ថា​មេដឹកនាំ​របស់​ខ្លួន​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​មិនមែន​អឺរ៉ុប​រាប់​ពាន់​នាក់​ដែល​បាន​ទទួល​លិខិត​ឆ្លងដែន​នៃ​ប្រទេស Cyprus។

យ៉ាងណាក៏ដោយ លិខិត​របស់​អ្នក​ទទួល​ខុសត្រូវ​កម្មវិធី​មិត្ត​អ្នក​អាន​របស់​សារព័ត៌មាន The Guardian លោកស្រី អេលីសាបែត រីបប៊ែន (Elisabeth Ribbans) ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ នេះ ដោយ​បាន​ទទួលស្គាល់​ពី​កំហុស​ឆ្គង​នៃ​បុគ្គលិក​របស់​ខ្លួន​ថា ស្មេរ​អត្ថបទ​មាន​ការ​សោកស្ដាយ​ដែល​បាន​បង្ក​កំហុស​នេះ​ឡើង ប៉ុន្តែ​ពួកគេ​សង្ឃឹម​ថា​ចំណាត់ការ​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​កែតម្រូវ​កំហុស​ឆ្គង​នេះ នឹង​ផ្តល់​នូវ​ដំណោះស្រាយ​គួរ​ជា​ទី​ពេញចិត្ត​ចំពោះ​ករណី​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ តុលា នេះ​ថា បញ្ហា​ដែល​អ្នក​នយោបាយ​រំខាន​ដល់​ស្ថាប័ន​ជាតិ​សំខាន់ៗ​ក្នុង​ពេល​ប្រទេស​ជាតិ​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ធំៗ​ជាច្រើន​នោះ គឺ​ចាប់ផ្តើម​ពី​ការ​ចុះផ្សាយ​របស់​កាសែត The Guardian ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា តាម​ពិត បញ្ហា​ចុះផ្សាយ​ខុស​របស់​កាសែត The Guardian បាន​កែតម្រូវ​រួច​ហើយ ប៉ុន្តែ​ជម្លោះ​អ្នក​នយោបាយ​ដែល​បង្ក​ចេញពី The Guardian នេះ​ហាក់ដូចជា​រក​ទី​បញ្ចប់​មិនទាន់​បាន​នៅឡើយ ដែល​បង្ក​នូវ​វិបត្តិ​សម្រាប់​ជាតិ​កាន់តែ​ធំ​ទៅវិញ។ បញ្ហា​នេះ អ្នក​នយោបាយ​ចាស់ៗ​ទាំងអស់​គួរតែ​បង្ហាញ​ចេតនា​ល្អ​ក្នុង​ការ​បង្រួបបង្រួម​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​សម្រាប់​កម្ពុជា​ទាំងមូល។

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ជម្លោះ​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​រាល់​លើក​មិន​ដែល​បាន​ចំណេញ​សម្រាប់​ជាតិ និង​ពលរដ្ឋ​នោះ​ទេ ដូចជា​ជម្លោះ​រវាង​លោក សម រង្ស៊ី និង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​នាំ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០​បូក​១ និង​ចុងក្រោយ​នេះ ជម្លោះ​រវាង​បក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​រហូត​ដល់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស