35 C
Phnom Penh

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​ថា​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​គឺ​គ្មាន​ប្រយោជន៍​ដល់​ជាតិ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ដាក់​ឈ្មោះ​ថា «សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ» ថា​ជា​ច្បាប់​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជាតិ ខណៈ​ព្រះប្រមុខរដ្ឋ ព្រះបាទ​នរោត្តម សីហមុនី ទ្រង់​បាន​រាជានុញ្ញាត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​រួច​ហើយ​នោះ។

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ពួកគេ​បង្ហាញ​ជំហរ​ប្រឆាំង​នឹង «សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ» របស់​រដ្ឋាភិបាល​កម្ពុជា​ជាដាច់ខាត ព្រោះថា​ច្បាប់​នេះ​បាន​បិទ​សិទ្ធិ​ជនជាតិ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរ ឬ​លើស​ពី​ពីរ​មិន​ឱ្យ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។

ប្រភព​ដដែល​រិះគន់​ថា ក្នុង​ស្ថានភាព​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋសភា និង​រដ្ឋាភិបាល​ឯក​បក្ស​ដែល​មិន​ស្រប​នឹង​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ប្រទេស ដូច្នេះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ធ្វើ​ច្បាប់​ថ្មីៗ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនមែន​ជា​ការ​តំណាង​ឱ្យ​បុព្វហេតុ​ជាតិ​នោះ​ទេ ខណៈ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មិន​ពេញចិត្ត​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ​យ៉ាង​ខ្លាំង។

ចលនា​ពលរដ្ឋ​នៅ​ក្រៅ​ស្រុក​អះអាង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​បំពាន​លើ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ពីព្រោះ​ស្មារតី​ដើម​នៃ​ច្បាប់​កំពូល​ទាំង​ពីរ​នេះ​បាន​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដោយ​មិន​ប្រកាន់​សញ្ជាតិ និង​មាន​សិទ្ធិ​ជា​ម្ចាស់​ប្រទេស ដែល​អាច​ចូលរួម​កសាង​កម្ពុជា​ស្របតាម​ច្បាប់​ជាធរមាន។

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) ទទូច​ឲ្យ​អ្នក​មាន​អំណាច​កំពូលៗ​នៅ​កម្ពុជា ត្រូវតែ​ទម្លាក់​ចោល​នូវ​ដំណើរការ «សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ» នេះ​ជាបន្ទាន់ ព្រោះថា​សេចក្តី​ព្រាង​នេះ​បាន​ប្រមាថ និង​ព្រមាន​ដោយ​ចំៗ​ទៅលើ​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​ព្រះអង្គ​មាន​សញ្ជាតិ​បន្ថែម​លើ​សញ្ជាតិ​ខ្មែរ​តាំងពី​យូរ​មក​ហើយ​នោះ។

ការ​ប្រកាស​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​កំណត់​ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​មេដឹកនាំ​កម្ពុជា​នេះ បន្ទាប់ពី​ច្បាប់​នេះ​បាន​ឆ្លង​គណៈរដ្ឋមន្ត្រី​ចូល​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​បញ្ជូន​ថ្វាយ​ព្រះមហាក្សត្រ​ដែល​នឹង​ចូល​ទៅ​ក្នុង​រដ្ឋសភា​ដើម្បី​អនុម័ត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ឯ​វិមាន​សន្តិភាព ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ ដែល​នឹង​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន ដូចជា​មាត្រា​១១៩ ជាដើម ដើម្បី​បង្កើត​ឲ្យ​មាន​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលៗ ដូចជា​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី ក្នុង​បំណង​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​ខ្មែរ។

អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា លោក​ទទួល​បាន​ប្រភព​ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ពី​ព្រះបរមរាជវាំង​ថា ព្រះមហាក្សត្រ​ខ្មែរ​នឹង​ដាក់​រាជ្យ​ភ្លាមៗ​នៅ​ពេល​ដែល​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​សម្រាប់​មេដឹកនាំ​ខ្មែរ​ត្រូវ​បាន​អនុម័ត ប៉ុន្តែ​ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​លើកឡើង​នេះ​ផ្ទុយ​ស្រឡះ​ពី​ស្ថានការណ៍​ជាក់ស្តែង​ដែល​ច្បាប់​នេះ​កំពុងតែ​ដំណើរការ​នៅ​ពេលនេះ។

កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី បាន​ចេញ​រាជសារ​ជុំវិញ​ការ​ស្នើសុំ​ឱ្យ​មាន​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​នេះ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា ព្រះអង្គ​បាន​ប្រគល់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឱ្យ​លោក ហ៊ុន សែន ដើម្បី​ចាត់ការ​តាម​នីតិវិធី​រួចរាល់​ហើយ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ តុលា នេះ​ថា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ប្រើ​ពាក្យ «សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ» នេះ​គឺជា​ការ​បន្លប់​បន្លំ និង​បំភ័ន្ត​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះថា​ពួកគេ​មិន​ហ៊ាន​ប្រើ​ពាក្យ​ថា «សេចក្តី​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ» ទេ ប៉ុន្តែ​បែរជា​នាំគ្នា​ប្រើ​ពាក្យ​ថា សេចក្តី​កែប្រែ «ច្បាប់​ធម្មនុញ្ញ» ទៅវិញ។

លោក​លើកឡើង​ថា ពួកគេ​គួរ​ប្រើ​ពាក្យ «សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ» វិញ ត្បិត​ការ​ប្រើ​ពាក្យ «សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ» អាច​បង្ហាញ​ពី​ចេតនា​ធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី ឬ «រដ្ឋប្រហារ​ច្បាប់​រដ្ឋធម្មនុញ្ញ» ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ខ្លឹមសារ​ដើម​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នឹង​រលុប​បាត់​អត្ថន័យ​ដើម​ទាំងស្រុង​ដែល​បាន​ចែង​ពី​ការ​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​នៅ​ពេល​មេដឹកនាំ​នយោបាយ​ធំៗ​នាំគ្នា​កែប្រែ​ខ្លឹមសារ​នៃ​ច្បាប់​នេះ​ដើម្បី​យក​ឈ្នះ​គ្នា​ក្នុង​ល្បែង​នយោបាយ​របស់​ពួកគេ ដែល​ធ្វើ​ឱ្យ​ច្បាប់​កំពូល​នេះ​ក្លាយ​ទៅជា​ច្បាប់​ការពារ​ប្រយោជន៍​របស់​អ្នក​មាន​អំណាច​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ ដោយ​បញ្ជាក់​ជំហរ​ថា ខ្លួន​មិន​គាំទ្រ​ការ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​កំណត់​សញ្ជាតិ​នេះ​ក្នុង​កាលៈទេសៈ​នេះ​ជាដាច់ខាត ហើយ​ក៏​មិន​គាំទ្រ​ការ​ពិភាក្សា​លើ​ករណី​នេះ​ដោយ​ភ្ជាប់​ទៅ​នឹង​អង្គ​ព្រះមហាក្សត្រ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស