ពលរដ្ឋរាប់រយគ្រួសាររស់នៅភូមិចំនួន៣ ក្នុងឃុំជាច ស្រុកកំចាយមារ បានទទូចស្នើរកកិច្ចអន្តរាគមន៍ពីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក្នុងករណីទំនាស់មួយគ្រួសារអាងអំណាចបក្ខពួកជាមន្ត្រីពន្ធនាគារ បានរំលោភយកដីផ្លូវសាធារណៈធ្វើកម្មសិទ្ធិឯកជន។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា បុគ្គលឈ្មោះ ជុំ សុខុន អាងខ្នងបង្អែកប្អូនប្រុសរបស់ខ្លួនឈ្មោះ ជុំ សុគុណ មានតួនាទីជានាយករងពន្ធនាគារខេត្តព្រៃវែង ការពារទង្វើទុច្ចរិតធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីចំណីផ្លូវសាធារណៈ ៥ម៉ែត្រដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។
ពលរដ្ឋបន្ថែមថា ឈ្មោះ ជុំ សុខុន ដែលអាងខ្នងបង្អែកប្អូនរបស់ខ្លួនជាមន្ត្រីរាជការនោះ មិនត្រឹមតែរំលោភយកដីផ្លូវសាធារណៈដែលពលរដ្ឋប្រើប្រាស់ដឹកកសិផលប៉ុណ្ណោះទេ ថែមទាំងបានប្ដឹងម្ចាស់ដីឈ្មោះ ម៉េត ឈុន ដែលបានផ្តល់ដីផ្ទាល់ខ្លួន ៥ម៉ែត្រសម្រាប់ពង្រីកផ្លូវសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ពលរដ្ឋក្នុងមូលដ្ឋាននោះ ទៅកាន់សាលាដំបូងខេត្តព្រៃវែង ថែមទៀតផង។
អាជ្ញាធរភូមិដូនដោក ថ្លែងថា ជម្លោះដីធ្លីដែលឈានដល់ការប្ដឹងផ្ដល់គ្នានេះ គឺផ្តើមចេញពីទង្វើខុសឆ្គងរបស់ឈ្មោះ ជុំ សុខុន ធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីចំណីផ្លូវសាធារណៈធ្វើកម្មសិទ្ធិ ហើយត្រូវលោក ម៉េត ឈុន ភាគីសម្បទានដីពង្រីកផ្លូវ ៥ម៉ែត្រ ជំទាស់មិនឲ្យធ្វើរបងនោះ ក៏កើតមានរឿងប្តឹងផ្តល់គ្នា។
អ្នកស្រី លឹម ឆៃយ៉ាត មេភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ឲ្យដឹងថា អ្នកស្រីចាត់ទុកឈ្មោះ ម៉េត ឈុន ជាពលរដ្ឋគំរូម្នាក់នៅក្នុងមូលដ្ឋានដែលបានផ្តល់ដីរបស់ខ្លួនចំនួន ៥ម៉ែត្រ ដើម្បីពង្រីកផ្លូវសាធារណៈឲ្យធំទូលាយ ប៉ុន្តែបែរជាឈ្មោះ ជុំ សុខុន ពលរដ្ឋមានព្រំដីជាប់ជាមួយគ្នាមកធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីចំណីផ្លូវដែលជាប្រយោជន៍រួមនេះទៅវិញ។
អ្នកស្រីបន្តថា វិវាទដីផ្លូវនេះ រូបគាត់ធ្លាប់ព្យាយាមសម្របសម្រួលជាមួយភាគីទំនាស់ដោយសន្តិវិធី ប៉ុន្តែភាគីលោក ជុំ សុខុន មិនព្រមចូលរួមដោះស្រាយជាមួយអាជ្ញាធរភូមិឃុំឡើយ ហើយបន្តដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តព្រៃវែង ថែមទៀត។
អ្នកស្រីបន្តថា ជម្លោះនេះកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ លោក ជុំ សុខុន បានដាក់ពាក្យប្តឹងលោក ម៉េត ឈុន ជាម្ចាស់ដី និងអ្នកពាក់ព័ន្ធទៅកាន់សាលាឃុំជាច ចោទពីបទ «គំរាម រារាំង និងបំផ្លាញកម្មសិទ្ធិឯកជន» ដោយទារសំណងជំងឺចិត្ត ៦លានរៀល។
ពាក្យបណ្តឹងនេះ ត្រូវបានពលរដ្ឋនៅភូមិដូនដោក និងអាជ្ញាធរឃុំជាច ថ្លែងទាំងហួសចិត្តថា តើមានមូលដ្ឋានអ្វីបានជាលោក ជុំ សុខុន ដែលជាបុគ្គលធ្វើរបងរំលោភដីចំណីផ្លូវសាធារណៈ បែរជាទៅប្តឹងអ្នកដែលបានសម្បទានដីសម្រាប់ពង្រីកផ្លូវឲ្យបានធំទូលាយទៅវិញ?
មេឃុំជាច លោក យូ សុង ថ្លែងថា វិវាទខាងលើនេះ ពួកគាត់ក៏ធ្លាប់ព្យាយាមសម្របសម្រួលភាគីទំនាស់ពីរលើករួចមកហើយ ប៉ុន្តែខាងភាគីឈ្មោះ ជុំ សុខុន មិនព្រមសម្របសម្រួលបញ្ចប់នោះឡើយ ខណៈបុគ្គលរូបនេះជាអ្នកធ្វើរបងរំលោភចូលដីចំណីផ្លូវសាធារណៈ។
ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទងលោក ជុំ សុខុន ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទេ នៅថ្ងៃទី១២ ខែតុលា នេះ ខណៈលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក៏មិនទាន់អាចទាក់ទងបាននៅឡើយដែរ៕