32.9 C
Phnom Penh

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​សប្តាហ៍​ដោយសារ​ឥទ្ធិពល​ព្យុះ​កុំប៉ាស៊ូ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ព្យុះ​កុំប៉ាស៊ូ ដែល​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ពេញ​មួយ​សប្ដាហ៍​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន។

ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ទី​១៤ តុលា ព្យុះ​កុំប៉ាស៊ូ នឹង​ចូល​មក​កោះ​ហាយណាំ បន្ទាប់មក​ឥទ្ធិពល​ព្យុះ​នេះ​នឹង​ចូល​មក​ខេត្ត​វិញ នៃ​ប្រទេស​វៀតណាម និង​បន្ត​ចូល​ប្រទេស​ឡាវ រួម​ទាំង​កម្ពុជា។

ក្រសួង​ថា ឥទ្ធិពល​នៃ​ព្យុះ​នេះ​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​មាន​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿន​មធ្យម​នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​បញ្ជាក់​ថា ខេត្ត​ដែល​រង​ឥទ្ធិពល​ដោយសារ​ព្យុះ​នេះ​មាន​ខេត្ត​ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង និង​រាជធានី​ភ្នំពេញ ជាដើម។

ដោយឡែក​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២១ កម្ពុជា​នឹង​បន្ត​រង​ឥទ្ធិពល​មូសុង​និរតី​ខ្លាំង និង​ប្រព័ន្ធ​សម្ពាធ​ទាប​ភ្ជាប់​ជាមួយ​វិសម្ពាធ​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា។

ចំណែក​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២១ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​មួយ​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ដែរ។ ករណី​នេះ ក្រសួង​ធនធាន​ទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​អាកាសធាតុ​ទាំងនេះ។

បើ​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា រយៈពេល ៨​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ មនុស្ស​ចំនួន ៩៤​នាក់​ស្លាប់ និង​របួស ១៥៨​នាក់​ដោយសារ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ ខ្យល់​កន្ត្រាក់ និង​គ្រោះ​អគ្គិភ័យ។

ក្រៅពី​មនុស្ស​ស្លាប់ និង​របួស​នោះ ក៏​មាន​ផ្ទះ​ជិត ១០០០​ខ្នង​បាន​រលំ និង​ផ្ទះ​ជិត ១៧០០​ខ្នង​ផ្សេង​ទៀត​របើក​ដំបូល ដោយសារ​ខ្យល់​កន្ត្រាក់ ខណៈ​គោ​ក្របី​ក៏​បាន​ងាប់​ដោយសារ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់។ បញ្ហា​គ្រោះ​មហន្តរាយ​ដែល​កើតមាន​ឡើង​ជា​បន្តបន្ទាប់​នេះ បណ្ដាល​មកពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ទទួល​រង​ឥទ្ធិពល​ប្រែប្រួល​អាកាសធាតុ​ជា​សកល និង​ប្រទេស​ជិតខាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស