37.6 C
Phnom Penh

ពលរដ្ឋ​ស្រុក​ដងទង់​ស្នើ​អភិបាល​ថ្មី​ខេត្ត​កំពត​ចាត់​វិធានការ​មន្ត្រី​ទុច្ចរិត​ឃុបឃិត​លក់​អាង​ទឹក​ដងទង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​ដងទង់ បាន​ស្នើ​ដល់​លោក ម៉ៅ ធនិន ដែល​មក​ទទួល​តំណែង​ថ្មី​ជា​អភិបាល​ខេត្ត​កំពត បើក​ការ​ស៊ើបអង្កេត និង​មាន​វិធានការ​ច្បាប់​ចំពោះ​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត និង​មន្ត្រី​ពាក់ព័ន្ធ ដែល​បាន​ឃុបឃិត​គ្នា​លួច​លក់​អាង​ស្តុក​ទឹក​ដងទង់​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ សម្រាប់​សង់​ផ្ទះល្វែង​លក់ នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រភព​ទឹក​ដែល​ពលរដ្ឋ​ប្រើប្រាស់។

ពលរដ្ឋ​ស្រុក​ដងទង់ បាន​ចោទ​លោក វ៉ិត វឌ្ឍនា ថា​ជា​មេខ្លោង​លួច​ធ្វើ​ប្លង់ និង​លក់​បរិវេណ​ដី​អាង​ទឹក​ដងទង់ មាន​ទំហំ​ផ្ទៃដី​ជាង ១២​ហិកតារ ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ ចែក​មន្ត្រី​ជំនាញ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដែល​ត្រូវជា​បក្ខពួក។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យផល និង​ប្រើប្រាស់​ប្រភព​ទឹក​ពី​អាង​ស្តុក​ទឹក​ដងទង់ បាន​ស្នើ​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​ដែល​ល្បី​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ មាន​វិធានការ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅលើ​ក្រុម​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្ត​កំពត លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធាន​ទឹក លោក ដាញ់ សារី ប្រធាន​មន្ទីរ​សុរិយោដី និង​លោក ប៉ិល កុសល អភិបាល​រង​ខេត្ត​កំពត ដែល​បាន​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់​លក់​អាង​ទឹក​ដងទង់​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ ស្ងាត់ៗ។

ឆ្លើយតប​បញ្ហា​នេះ លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​កំពត បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ដើមឡើយ​អាង​ទឹក​ដងទង់​នេះ​ជា​ដី​ស្រែ​ធម្មតា ប៉ុន្តែ​នៅ​ឆ្នាំ​១៩៨៥ ពលរដ្ឋ​បាន​ជីក​ដើម្បី​ធ្វើជា​រនាំង​ការពារ​សង្គ្រាម។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ការ​ស្នើសុំ​របស់​ពលរដ្ឋ រដ្ឋបាល​ស្រុក​ដងទង់ បាន​បែងចែក​ដី​ក្នុង​បរិវេណ​អាង​ទឹក​នេះ​ទៅ​ឲ្យ​ពលរដ្ឋ​ធ្វើជា​កម្មសិទ្ធិ និង​អាស្រ័យផល​រៀងៗ​ខ្លួន។

លោក ចាន់ វណ្ណា បន្ត​ថា ទំនប់ទឹក​ដងទង់​នេះ​មាន​បណ្តោយ​ប្រមាណ ៣០០​ម៉ែត្រ មិនមែន​ជា​អាង​ទឹក​សម្រាប់​ស្រោចស្រព​ស្រែ​ស្រូវ ឬ​ប្រើប្រាស់​នោះ​ទេ។ ជាង​នេះ​ទៀត អាង​ទឹក​នេះ​ក៏​មិន​បាន​ចុះបញ្ជី​នៅ​ក្រសួង​ធនធាន​ទឹក​ដែរ ពីព្រោះ​វា​មិន​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ធារាសាស្ត្រ ហើយ​ត្រូវ​ដាក់​ជា «ដី​គ្មាន​ទិន្នន័យ»។

ទោះជាយ៉ាងណាក៏ដោយ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ការ​បកស្រាយ​របស់​លោក ចាន់ វណ្ណា បំផ្លើស​ការពិត និង​ភូត​កុហក​ក្នុង​បំណង​គេច​ពី​ការ​ស្ដីបន្ទោស ឬ​គេច​ពី​សំណាញ់​ច្បាប់ ដោយ​ហេតុ​ថា​អាង​ទឹក​ដែល​ពលរដ្ឋ​ធ្លាប់​ប្រើប្រាស់ បែរជា​មក​បំផ្លើស​ថា​ជា​ដី​ស្រែ​ទៅវិញ​នោះ។

ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​ឃុបឃិត​លួច​លក់​ដី​អាង​ទឹក​ដងទង់ ទៅ​ឱ្យ​ក្រុមហ៊ុន សេង សម្បត្តិ របស់​ក្រុម​លោក វ៉ិត វឌ្ឍនា លោក ចាន់ វណ្ណា លោក ដាញ់ សារី និង​លោក ប៉ិល កុសល អភិបាល​រង​ខេត្ត​កំពត គឺ​បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​គ្របដណ្ដប់​លើ​ដី​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​ជិត ៣០​គ្រួសារ និង​មាន​វិវាទ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ។ ក្នុង​ចំណោម​នេះ ក៏​មាន​ពលរដ្ឋ​ចំនួន ០៤​គ្រួសារ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ផង​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​មាន​ប្រភព​ទាក់ទង​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្ត​កំពត ក៏ដូចជា​លោក សេង សម្បត្តិ ប្រធាន​ក្រុមហ៊ុន សេង សម្បត្តិ និង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​របស់​ពលរដ្ឋ​ពី​ការ​ឃុបឃិត​លួច​លក់​អាង​ទឹក​ដងទង់​ខាងលើ​នេះ​បានទេ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១។ ខណៈ​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​ទើប​មក​ទទួល​តំណែង​ថ្មី ក៏​មិនទាន់​អាច​ទាក់ទង​បាន។

យ៉ាងនេះ​ក្តី លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រាប់​កាសែត​ក្នុង​ស្រុក ដោយ​ចាត់ទុក​ក្រុម​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​លក់​អាង​ទឹក​ដងទង់​មាន​ទីតាំង​នៅ​ឃុំ​ស្រែជាខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត ថា​ជា​ប្រភេទ​មន្ត្រី​គ្រាប់​ល្ពៅ និង​ជា​មន្ត្រី​បំផ្លាញ​ជាតិ។ ករណី​នេះ លោក​ស្នើ​ដល់​មន្ត្រី​ក្រសួង​ស្ថាប័ន​ជំនាញ ត្រូវ​បើក​ការ​ស៊ើបអង្កេត ដើម្បី​នាំ​ខ្លួន​ជន​ពុករលួយ​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស