ពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានអះអាងថា បទល្មើសគ្រឿងញៀនហាក់បង្កើនសកម្មភាពជួញដូរ ឬចែកចាយគ្រឿងញៀននៅក្នុងក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះមានសញ្ញាកើនច្រើនគួរឲ្យព្រួយបារម្ភ បន្ទាប់ពីជំងឺ Covid-19 ឆ្លងចូលសហគមន៍ក្នុងមូលដ្ឋាននេះហាក់បានថយចុះអត្រាឆ្លងរួចមក។
ប្រភពពីពលរដ្ឋបន្តថា ជនសង្ស័យដែលចែកចាយ ឬចរាចរជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ គឺមានទាំងជនជាតិខ្មែរ ជាពិសេសជនជាតិចិន ផងដែរ។
ប្រភពបន្តថា រាល់ថ្ងៃនេះ ជនជាតិចិនភាគច្រើនដែលមិនមានការងារធ្វើពិតប្រាកដ ហើយកំពុងមានវត្តមានរស់នៅក្នុងក្រុងព្រះសីហនុ គឺជាភ្នាក់ងារសកម្មក្នុងការចែកចាយ ឬចរាចរគ្រឿងញៀននៅក្នុងក្រុងទេសចរណ៍មួយនេះ ដែលភាគច្រើនពួកគេបានចែកចាយលក់ទៅឲ្យជនជាតិចិនដូចគ្នានៅតាមទីតាំងធ្វើអាជីវកម្មនានា មានដូចជាមណ្ឌលកម្សាន្ត កាស៊ីណូ និងបនពេស្យាចារលួចលាក់ជាដើម។
ជាក់ស្តែងកាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុកគ្រឿងញៀនប្រព្រឹត្តនៅកណ្តាលក្រុងព្រះសីហនុ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានក្នុងស្រុកថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនពិតជាបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ៤នាក់ នៅចំណុចខាងក្រោយកាស៊ីណូ ហួយ ហ័រ ស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ជនជាតិចិនទាំង ៤នាក់នេះមិនមានមុខរបរពិតប្រាកដទេ ហើយកំពុងរស់នៅក្រុងព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចរឹបអូសបានភស្តុតាងថ្នាំញៀនជាច្រើនកញ្ជប់ និងដបពីជនសង្ស័យទាំងនោះ រួមមានម្សៅក្រាម សង្ស័យជាសារធាតុញៀន ម្សៅសថ្លា សង្ស័យជាសារធាតុញៀន ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទម្សៅ (MDMA) ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទទឹក (MDMA) ថ្នាំគ្រាប់អក្សរ WY មេតំហ្វេតាមីន ម្សៅក្រាមពណ៌ប្រផេះ សង្ស័យជាសារធាតុញៀន ជញ្ជីងថ្លឹងថ្នាំញៀន និងទូរស័ព្ទដៃជាច្រើនគ្រឿង។
សមត្ថកិច្ចឲ្យដឹងថា បច្ចុប្បន្ននេះ ទាំងជនសង្ស័យ និងភស្តុតាងគ្រឿងញៀន ត្រូវកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនកំពុងបន្តស្រាវជ្រាវ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។
ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋអះអាងថា ករណីដែលសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនជនល្មើសជួញដូរគ្រឿងញៀន និងបញ្ជូនសំណុំរឿងទៅតុលាការផ្ដន្ទាទោសស្ទើរជារៀងរាល់ថ្ងៃមកនេះ មិនមែនមានន័យថាមូលដ្ឋានខេត្តព្រះសីហនុ បានថយចុះបទល្មើសគ្រឿងញៀននោះទេ ប៉ុន្តែផ្ទុយទៅវិញ បានបង្ហាញថាបទល្មើសគ្រឿងញៀនបានបន្តធ្វើសកម្មភាពគ្មានសញ្ញាថយចុះឡើយ៕